Tuesday, September 4, 2012

ចិន ប្រាប់​កម្ពុជា​ថា ខ្លួន​បន្ត​រក្សា​ជំហរ​ដោះស្រាយ ដោយ​សន្តិវិធី ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

ភ្នំពេញ: ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា និង​ចិន ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ បាន​ជួបពិភាក្សា​ការងារ​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ឯ​ប្រទេស​ចិន​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ព្រលាន​យន្តហោះ​អន្តរា​ជាតិ​ភ្នំពេញ​ថា នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា ជាមួយ​លោក វេន ជា​បាវ នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​នោះ គឺ​នាយក​រដ្ឋមន្ត្រី​ចិន បានបញ្ជាក់​ថា បញ្ហា​សមុទ្រ​ចិន គឺ​ចិន​បន្ត​ការពិភាក្សា​ជាមួយ​អាស៊ាន និង​ចិន​នឹង​អនុវត្ត DOC ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ចិន​នឹង​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន ដោយ​សន្តិវិធី​ជាមួយ​បណ្តា​ប្រទេស ដែល​ពាក់ព័ន្ធ ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ ផងដែរ​។​

​សូមបញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ចិន បាន​អរគុណ​ប្រទេស​កម្ពុជា ចំពោះ​ការគាំទ្រ​របស់​ខ្លួន នៅក្នុង​ប្លុក​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​បណ្តា​ប្រទេស មួយចំនួន​អំពី​ជម្លោះទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ទីភ្នាក់ងារ សារព័ត៌មាន​ស៊ីនហួ​របស់​ចិន បាន​និយាយថា លោក វេន ជា​បាវ នាយក​រដ្ឋមន្ត្រី​ចិន បាន​ថ្លែង​ទៅកាន់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ចិន​នឹង​បង្កើន និង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា​។​

​កាលពី​ពាក់កណ្តាល​ខែ​កក្កដា ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​សមាគម​នៃ​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍ អាស៊ាន ដែល​មាន​ប្រទេស​ជា​សមាជិក​១០​ប្រទេស ដោយ​មាន​កម្ពុជា​ជា​ប្រធាន​មិន​អាច​សម្រេចបាន​សេចក្តីថ្លែងការណ៍​រួម​នោះទេ បន្ទាប់ពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៅ​ភ្នំពេញ​។​
 
​សេចក្តីរាយការណ៍ បាន​លើកឡើង​ថា ប្រទេស​កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ បាន​ច្រានចោល​សំណើ​មួយ ដែល​ត្រូវ​បាន​លើកឡើង ដោយ​ប្រទេស​ហ្វីលីពីន និង​ប្រទេស​វៀតណាម ដើម្បី​និយាយ​អំពី​ជម្លោះ​ទឹកដី​របស់​ពួកគេ ជាមួយ​ប្រទេស​ចិន នៅក្នុង​ឯកសារ​នៃ​កិច្ចប្រជុំ​នេះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន ស៊ីនហួ បាន​បន្ថែមថា លោក វិន ជា​បាវ បាន​អរគុណ​ប្រទេស​កម្ពុជា ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន ក្នុង​ការប្រកាន់​ភ្ជាប់​ទំនាក់ទំនង​មិត្តភាព​ជា​រួម ក្នុង​ស្ថានភាព​ជា​ទូទៅ រវាង​ចិន និង​អាស៊ាន​៕​