Tuesday, September 4, 2012

នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អញ្ជើញ​ជា​អធិបតីភាព​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការងារ​ការពារ​សន្ដិសុខ​ជំនាន់​ទី​២


ដោយ​ ៖ សុខ​ ខេមរា​
​ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការងារ​ការពារ​សន្ដិសុខ​ជំនាន់​ទី​២​ នៅ​សាលា​កងរាជអាវុធហត្ថ​ (​កំ​បូល​)​ ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​សិក្ខាកាម​ ជា​នាយ​ នាយ​រង​ កងរាជអាវុធហត្ថ​ និង​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត​ ។​
​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា​ខិតខំ​ប្រឹងប្រែង​របស់​សិក្ខាកាម​ប្រកបដោយ​ឆន្ទៈ​ មនសិការ​និង​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​តួនាទី​-​ភារកិច្ច​ របស់​នាយ​ នាយ​រង​កងរាជអាវុធហត្ថ​ដែល​បាន​បម្រើ​ការងារ​គ្រប់​ផ្នែក​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យោធា​ចា​រ្យ​ ដែល​បាន​អញ្ជើញ​មក​ស្នងការ​ការពារ​សន្ដិសុខ​នៃ​អគ្គស្នងការ​នយោបាយ​ក្រសួង​ការពារ​ប្រទេស​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ។​
​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ បាន​បញ្ជាក់​ថា​ “​ខ្ញុំ​គិត​ថា​ នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​ការងារ​ការពារ​សន្ដិសុខ​ ព្រោះថា​ ព័ត៌មាន​ដែល​ទទួល​បាន​ច្បាស់លាស់​ ត្រឹមត្រូវ​ល្អ​ ហើយ​ប្រាកដប្រជា​ គឺជា​កត្ដា​ដែល​ធានា​ឱ្យ​ប្រតិបត្ដិការ​ទទួល​បាន​ជោគជ័យ​ ។​ ដូច្នេះ​ឆ្លងកាត់​ការ​សិក្សា​ និង​បទ​ពិសោធន៍​កន្លង​មក​ ដើម្បី​ទទួល​បាន​ព័ត៌មាន​មួយ​ ដែល​មាន​ភាព​ត្រឹមត្រូវ​ច្បាស់លាស់​ គឺ​ចាំបាច់​យើង​ត្រូវ​កសាង​កម្លាំង​ភ្នាក់ងារ​មួយ​ដែល​មាន​ឆន្ទៈ​ មានការ​លះបង់​ ស្មោះត្រង់​ និង​មានការ​យល់​ដឹង​ពី​ភារកិច្ច​របស់​ខ្លួន​ ។​ ដូច្នេះ​ការងារ​ព័ត៌មាន​ គឺជា​រឿង​ដែល​លំបាក​ស្មុ​គ្រ​ស្មាញ​ហើយ​រសើប​បំផុត​ ប៉ុន្ដែ​ចំណុច​ដែល​លំបាក​ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ ការងារ​គ្រប់គ្រង​កម្លាំង​ ការងារ​គ្រប់គ្រង​ព័ត៌មាន​ឱ្យ​បាន​គត់មត់​ ដើម្បី​ធានា​ថា​ ព័ត៌មាន​នោះ​មាន​សន្ដិសុខ​ មាន​សុវត្ថិ​ភាពល្អ​ មិន​ត្រូវ​បាន​បែកធ្លាយ​ ។​
​នាយ​ឧត្ដមសេនីយ៍​ ក៏​បាន​ផ្ដាំផ្ញើ​និង​លើកកម្ពស់​ចំពោះ​កា​រវិ​វ​ឌ្ឍ​ទៅ​មុខ​នៃ​នាយ​ នាយ​រង​កងរាជអាវុធហត្ថ​ដែល​បាន​ខិតខំ​សិក្សា​ក្នុង​វគ្គ​នេះ​ ប្រាកដជា​យកចំណេះ​ដឹង​ទៅ​បំពេញការងារ​ឱ្យ​មានកា​រវិ​វ​ឌ្ឍ​ ប្រកបដោយ​សក្ដានុពល​នៃ​សភាពការណ៍​សន្ដិសុខ​នៅ​កម្ពុជា​ ក៏​ដូច​ជា​ក្នុង​តំបន់​ និង​សកលលោក​ និង​ដើម្បី​បំពេញភារកិច្ច​ទទួល​បាន​ជោគជ័យ​៕