Tuesday, September 4, 2012

គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលសកម្មជនគណបក្សប្រឆាំងជាង ៣.៦០០ នាក់

បន្ទាយមានជ័យ: ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​ទទួល​សមា​ជិ​ក នៃ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចំនួន ៣.៦០៧ នាក់ នៅវេលា​ម៉ោង ៩ និង ៣០ នាទី ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ខេត្តបន្ទាយមានជ័យ​។​

​លោក ញឹក គឹមឈុន ប្រធាន​ប្រ​ត្តិ​ប​ត្តិ នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ខេត្តបន្ទាយមានជ័យ បាន​ថ្លែងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​មោទនភាព លើ​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ ដែល​បានឈ្នះ នៅ​មូលដ្ឋាន ក្នុងស្រុក​ថ្មពួក ជា​មេឃុំ​។​

​ចំណែក​លោក ប៉េង សុ​សេង ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​សិទ្ធិមនុស្ស នៅ​ខេត្តបន្ទាយមានជ័យ ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ឲ្យ​ដឹងថា លោក​បាន​ដឹកនាំ​សមាជិក ២.០០០ នាក់ ដើម្បី​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រាប់​ចូលរួម​ការបោះឆ្នោត​សភា នៅក្នុង​អាណា​តិ​ទី​៥ ឆ្នាំ​២០១៣ ខាងមុខនេះ​។​

​ដោយឡែក​លោក ម៉ក ដា​រិ​ទ្ធ អតីត​ជំ​ទុក​ទី​១ របស់​គណបក្ស​សមរ​ង្ស៊ី នៅ​សង្កាត់​និមិត្ត ក៏បាន​ដឹកនាំ​សមាជិក មក​ចុះចូល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយបាន​ប្តេជ្ញាចិត្ត និង​ខិតខំ​ពង្រឹង​តាម​មូលដ្ឋាន ដែល​ខ្លួន​ឈរជើង ឆ្ពោះទៅរក​ការបោះឆ្នោត​ខាង​នេះ​។ 

​ចំណែក​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រ​ត្តិ្ត​ប​ត្តិ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​តំណាងរាស្ត្រ ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ ក្នុងពេល​ទទួល​សមាជិក​ថ្មី​របស់​ហ្វ៊ុនស៊ិនប៉ិច នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ ថា ក្នុងចំណោម​សមាជិក​ថ្មី ដែល​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន ៣.៦០៧ នាក់ អ្នកខ្លះ​មាន​លិខិត​តែងតាំង ធ្វើជា​ក្រុមការងារ និង​ទទួលខុសត្រូវ​តាម​បណ្តា​ស្រុក និង​ឃុំ បាន​នាំមក​ជាមួយ​នូវ​កាត​សមាជិក របស់​គណបក្ស​ទាំងពីរ ដើម្បី​បង្ហាញ​ថែមទៀត ដើម្បី​ចៀសវាង​ការចោទប្រកាន់ថា ជាការ​ឃោសនា ក្នុង​ការទទួល​សមាជិក​ថ្មី​នេះ​។​

​លោក ញឹក ប៊ុនឆៃ ក៏បាន​លើកឡើង​រឿងរ៉ាវ​នយោបាយ ដែល​កម្ពុជា​ឆ្លងកាត់ ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្រោម​ការដឹកនាំ​របស់​សម្តេចឪ ប្រទេស​ស​ម្ពុ​ជា មានការ​រីកចម្រើន​ជឿនលឿន​លើ​គ្រប់​វិស័យ និង​មាន​សន្តិភាព​ស្ថិរភាព សម្បូរ​សប្បាយ ក្រោយមក​ក៏មាន​រដ្ឋប្រហារ ដោយ​សេនាប្រមុខ លន់ នល់ ក្រោយមកទៀត ឆ្លងកាត់​របប​ខ្មៅ​ងងឹត ខ្មែរក្រហម ធ្វើអោយ​ប្រជាពលរដ្ឋ​ខ្មែរ​រ​ប់​រយ​នាក់​រង​នូវ​ការឈឺចាប់ និង​កាប់សម្លាប់​គ្នាឯង​។ 

​លោក ញឹក ប៊ុនឆៃ បន្ថែមថា ក្រោយមកទៀត ក៏មាន​ការឯកភាព​គ្នា រវាង​កងទ័ព​ចលនា​ភាគី ជាមួយ​របប​រដ្ឋ​កម្ពុជា បាន​ព្រមព្រៀង ធ្វើការ​បោះឆ្នោត​នៅក្នុង​ឆ្នាំ​១៩៩៣ ក្រោយពី​រដ្ឋ​កម្ពុជា​រួមជាមួយ​គ្នា​កងទ័ព​វៀតណាម បាន​បណ្តេញ​ទ័ព​ខ្មែរក្រហម​។ លទ្ធផល​ក្នុងការ​បោះឆ្នោត គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានទទួល​ជ័យជំនះ ហើយ​ធ្វើ​កិច្ចសហការ ជាមួយ​គណបក្ស​ប្រជាជន ដើម្បីអោយ​ប្រទេស​កម្ពុជា មាន​រាជានិយម រហូតដល់​សព្វថ្ងៃនេះ​។​

​បន្ទាប់ពី​ពិធី​ទទួល​សមាជិក​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី ចំនួន ៣.៦០៧ នាក់ នៅ​ខេត្តបន្ទាយមានជ័យ រួចហើយនោះ លោក​បានប្រគល់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ និង​ម៉ាស៊ីនថតចម្លង ១​គ្រឿង ជូន​ដល់​មេឃុំ​ថ្មពួក ដែល​បានឈ្នះ​ឆ្នោត ហើយ​ក្នុងការ​លើកទឹកចិត្ត​ឃុំ​គំរូ​ទាំង​ខេត្ត​ទូទាំងប្រទេស ជាការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត ជូន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ​។​

​ជាការ​កត់សម្គាល់ ក្នុង​ពិធី​ទទួល​សមាជិក​ថ្មី​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ លោក សៅ រ៉ានី ប្រធាន​គណបក្ស​ជាតិនិយម និង​តំណាងរាស្ត្រ​ខេត្តព្រៃវែង ក៏បាន​ចូលរួម​ផងដែរ​។ 

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម ដែល​ទើប​ប្តូរ​ឈ្មោះ​មកពី​គណបក្ស​នរោត្តមរណឫទ្ធិ បាន​ព្រមព្រៀង​បង្កើត​សម្ព័ន្ធភាព ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​ជាតិនិយម ត្រូវធ្វើ​សកម្មភាព និង​ឈរឈ្មោះ ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕