Tuesday, September 4, 2012

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រមូល​ស្នាម​មេដៃ ឲ្យ​គ្រប់ ៤.០០០ នាក់​

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស មកដល់ពេលនេះ កំពុងតែ​ប្រមូល​ស្នាម​មេដៃ ឲ្យបាន​ចំនួន ៤.០០០ នាក់ តាម​ច្បាប់​តម្រូវ ដើម្បី​ឲ្យមាន​សុពលភាព ក្នុង​ការចុះបញ្ជី បង្កើត​គណបក្ស​ថ្មី នៅ​ក្រសួង​មហាផ្ទៃ​។ ការដើរ​ប្រមូល​ស្នាម​មេដៃ​នេះ ធ្វើឡើង ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​យល់ព្រម​តាម​ការស្នើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២​។​

​លោក ប៉ុល ហំ​ម អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​មានប្រសាសន៍ថា លោក​ទើបតែ​បាន​ទទួល​លិខិត​ពី​ក្រសួង​មហាផ្ទៃ ដែល​ចុះហត្ថលេខា ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ គឺជា​សេចក្តីស្នើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លោក​ស​ខេង បានអនុញ្ញាត​ឲ្យ​ហើយ​។​

​លោក ប៉ុល ហំ​ម បាន​មានប្រសាសន៍​បន្ត​ថា ចំពោះ​ការប្រមូល​ស្នាម​មេដៃ ពី​សមាជិក​ចំនួន ៤.០០០ នាក់ ដាក់​ជូន​ក្រសួង​មហាផ្ទៃ សម្រាប់​សុំ​ចុះបញ្ជី​គណបក្សនយោបាយ គឺ​គណបក្ស​កំពុងតែ​ដំណើការ ហើយ​ការប្រមូល​ស្នាម​មេដៃ​នោះ គណបក្ស និង​ប្រមូល​ឲ្យបាន​លើស​ចំនួន ៤.០០០ នាក់ មិន​ជា​ការ​ពិបាក​ទេ ដែល​នឹង​យកទៅ​ដាក់​ជូន​ក្រសួងមហាផ្ទៃ នៅ​ពេល​ខាង​មកនេះ គ្រាន់​តែ​គណបក្ស ត្រូវការ​ពេល​បន្តិច​។​

​លោក ប៉ុល ហំ​ម បាន​មានប្រសាសន៍​បញ្ជាក់​ថា បន្ទាប់​ពី​ប្រមូល​ស្នាម​មេដៃ គ្រប់ ៤០០០​នាក់​រួច​ហើយ គឺ​ត្រូវ​ផ្ញើ​ឯកសារ ជូន​លោក​សម​រង្ស៊ី ចុះហត្ថលេខា​លើ​ស្នាម​មេដៃ​សមាជិក ដោយផ្ទាល់ ឬ​មួយ​ត្រូវ​ឲ្យ​លោក​សម​រង្ស៊ី ផ្ទេរសិទ្ធិ មក​ឲ្យ​រូបលោក ដើម្បី​មាន​សិទ្ធិ​ចុះហត្ថលេខា​នោះ ដាក់​ជូន​ក្រសួង​មហាផ្ទៃ នៅ​ពេល​សុំ​ចុះបញ្ជី​គណបក្ស​។​

​លោក ប៉ុល ហំ​ម បាន​បន្ថែមថា លោក​សម​រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវតែ​ជា​អ្នក​សុំ​ចុះបញ្ជី​គណបក្ស នៅ​ក្រសួង​មហាផ្ទៃ​ផ្ទាល់ តែ​ក្នុងករណី​គាត់​នៅ​ក្រៅ​ប្រទេស​សព្វថ្ងៃនេះ គឺ​គាត់​ត្រូវ​ផ្ទេរសិទ្ធិ មក​ឲ្យ​លោក ធ្វើ​ការងារ​នេះ ជំនួស​។​

​លោក ប៉ុល ហំ​ម បានបញ្ជាក់​ថា ទោះបីជា​លោក​សម​រង្ស៊ី ជាប់​ឈ្មោះ ជា​ទណ្ឌិត ដោយ​អំណាច​តុលាការ​ក្តី គឺ​ពុំមាន​បញ្ហា​ផ្លូវ​ច្បាប់​ទេ ក្នុង​ការសុំ​បង្កើត និង​ចុះបញ្ជី​កណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្រ​សូង​មហាផ្ទៃ​នោះ ពីព្រោះ​លោក​សម​រង្ស៊ី នៅតែ​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី អីចឹង​ដែរ ក្នុង​រយៈកាល​កន្លងមក​។​

​ក៏ប៉ុន្តែ​បើ​តាម​ច្បាប់​គណបក្សនយោបាយ គឺ​ក្រោយពី​លោក​សម​រង្ស៊ី ក្លាយជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​លោក​សម​រង្ស៊ី ត្រូវ​បាត់បង់​តំណែង​ជា​ស្វ័យប្រវត្តិ ក្នុងនាម​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី ព្រោះថា​ច្បាប់​កំណត់ថា បុគ្គល​ម្នាក់ មិន​អាចឈរជើង នៅក្នុង​គណបក្ស​ពីរ​បាន​ទេ​៕​