Tuesday, September 4, 2012

គ​.​ជ​.​ប​. បញ្ជាក់​ទុកជាមុន​ថា លោក​សម​រង្ស៊ី មិន​អាច​ឈរឈ្មោះ​បោះឆ្នោត​បាន​ទេ​

ភ្នំពេញ: អគ្គលេខាធិការ គ​.​ជ​.​ប​. លោក ទេព នីថា បាន​គូសបញ្ជាក់​ជា​ថ្មី​ថា យោងតាម​ច្បាប់បោះឆ្នោត ទណ្ឌិត ឬ​អ្នក​ដែល​តុលាការ​សម្រេច​ផ្តន្ទាទោស មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​មិន​អាច​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត​បាន​ទេ កុំថាឡើយមានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៣​នោះ​។ ការលើកឡើង​ដូច្នេះ​របស់​អគ្គលេខាធិកា​រ គ​.​ជ​.​ប​. គឺ​បាន​សំដៅ​ទៅ​កាន់​លោក​ សម ​រង្ស៊ី ដែល​ត្រូវបាន​តុលាការ​កម្ពុជាផ្តន្ទាទោស ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ចុងឆ្នាំ​២០០៩​។​

​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​ សម ​រង្ស៊ី ជា​ប្រធាន និង​រួម​គ្នា​បង្កើត​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ​របស់​លោក​ កឹម ​សុខា ត្រូវបាន​ទទួលស្គាល់​តា​ម​ច្បាប់ ស្តីពី គណបក្សនយោបាយ ដើម្បី​ឈាន​ទៅ​ចុះបញ្ជី​ត្រឹមត្រូវ ជា​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ កាលពីដើម​សប្តាហ៍​នេះ​។​
​សមាជិក​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដោយ​រាប់​ទាំង​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា នឹង​ឈរឈ្មោះ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​យ៉ាងណាក៏ដោយ អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​ថ្លែង​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ថា "​ករណី​ដែល​គណបក្ស ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ​រួចហើយនោះ គណបក្ស​មាន​សិទ្ធិ ស្នើសុំ​ចុះបញ្ជី​បេក្ខជន នៅ គ​.​ជ​.​ប​. ហើយ​នៅពេល​នោះ គ​.​ជ​.​ប​. នឹង​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ ក្នុងចំណោម​បេក្ខជន ដែល​គណបក្សដាក់​មក ហើយ​ក្នុង​ករណី​បេក្ខជន មាន​ជាប់​ឈ្មោះ ជា​ទណ្ឌិត គឺ គ​.​ជ​.​ប​. នឹង​ធ្វើការ​បដិសេធ​ឈ្មោះ​បេក្ខជន​នោះ ចេញ​ពី​បញ្ជី​ឈរឈ្មោះ ដែល​ជា​បេក្ខជន​បោះឆ្នោត​"​។​

​បន្ទាប់ពី​ទទួល​យក​សំណុំ​ឯកសារ ស្នើសុំ​ចុះបញ្ជី​គណបក្ស​សង្គ្រោះ​ជាតិ ជាថ្មី​ម្តងទៀត កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចុះហត្ថលេខា ទទួលស្គាល់​ការស្នើសុំ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២​។ ក៏​ប៉ុន្តែ​ក្នុង​លិខិត​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ជំរាបជូន​លោក ប៉ុល ហំ​ម អនុប្រធាន​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យបំពេញ​បែបបទ​បន្ថែ​ម ដោយ​មាន​ទាំង​ការ​ដាក់​នូវ​ស្នាម​មេដៃ សមាជិក​គាំទ្រ​ចំនួន ៤.០០០ នាក់ ទៅ​កាន់​ក្រសួង​មហាផ្ទៃ សម្រាប់​មាន​សុពលភាព និង​ទទួលបាន​ការចុះបញ្ជី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ជា​ផ្លូវការ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​តាម​គោលការណ៍​ឯកភាព​គ្នា​រវាង​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា គឺ​លោក សម រង្ស៊ី នឹង​ក្លាយទៅជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​ការចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​ក៏​ប៉ុន្តែ​បើ​ពិនិត្យ​តាម​ច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ គឺ​លោក​សម​រង្ស៊ី ដែល​ត្រូវបាន​តុលាការ កាត់ទោសដាក់​ពន្ធនាគារ​កំបាំង​មុខ រយៈ​ពល ២​ឆ្នាំ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​នោះ គឺ​លោក​សម​រង្ស៊ី មិន​អាច​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត​ជា​តំណាងរាស្ត្របា​ន​ទេ កុំ​ថាឡើយ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។​

​ក៏​ប៉ុន្តែ​នៅពេល​នេះ លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា កំពុង​ធ្វើ​សកម្មភាព​ការទូត ក្រៅផ្លូវការ នៅ​ក្រៅប្រទេស ដើម្បី​កៀងគរ​ឲ្យ​ម្ចាស់ជំនួយ និង​អ្នកការទូត​ប្រទេស​មហាអំណាច ធ្វើ​អន្តរាគមន៍ មកលើ​រាជរដ្ឋាភិបាល​កម្ពុជា រក​ផ្លូវ​ឲ្យ​លោក​សម​រង្ស៊ី មានឱកាស​វិល​ចូលមក​កម្ពុជា ដោយ​មិន​ជាប់​ទោស ដើម្បី​ធ្វើ​ការប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣​។​

​យុទ្ធនាការ​នៅ​ក្រៅប្រទេស​របស់​មេដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណ​បក​សិទ្ធិមនុស្ស ក្នុងនាម​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ក៏​ដើម្បី​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​សមាសភា​ព ក្បាលម៉ាស៊ីន​ដឹកនាំ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ផងដែរ​។​

​ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​ជា​ច្រើនលើក​ច្រើនសា​មក​ហើយ​ថា ប្រទេស​កម្ពុជា គឺជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យភាព​ពេញលេញ​។ ដូច្នេះ ពុំ​អាច​មាន​បរទេស​ណាមួយ មក​ដាក់​ការគាបសង្កត់​ផ្នែក​ការទូត ឬ​ការគាបសង្កត់​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ណាមួយ មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​បានទេ ជាពិសេស​ក្នុង​ករណី​លោក សម រង្ស៊ី ដែល​បាន​ប្រព្រឹត្ត​បទ​ព្រហ្មទណ្ឌ មិនមែន​ជា​ករណី​នយោបាយ ដូច​ការ​យល់​ឃើញ​របស់​ក្រុម​គណបក្សប្រឆាំង និង​អង្គ​សង្គម​ស៊ីវិល ព្រមទាំង​មហាជន​មួយចំនួន​នោះ​ឡើយ​៕​