Tuesday, September 4, 2012

សហជី​ព​កម្មករ ស្នើសុំ​​រដ្ឋមន្ត្រី​ក្រសួង​​ការងារ ឲ្យ​​កម្មករ បាន​​ឈប់​សម្រាក ដើម្បី​​ទៅ​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​

ភ្នំពេញ: ប្រធាន​សហជីព​សេរី​កម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា​មុនី បាន​សរសេរ​លិខិត​​មួយច្បាប់ ​ជូន​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​លោក​រដ្ឋមន្ត្រី ឲ្យជួយ​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ សហគ្រាស អនុញ្ញាត ផ្តល់​ឱកាស​ដល់​កម្មក​រ​ កម្មការិនី ឈប់សម្រាក បាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​ជា ​មុនី បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី ថា ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បានកំណត់​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២​។ ក្នុងខណៈ​ពេល​នេះ ដើម្បី​បំពេញ​សិទ្ធិ និង​ករណី​យកិច្ចជា​ពលរដ្ឋ​ពេញលក្ខណៈ គឺ​កម្មករ កម្មការិនី ដែល​ធ្លាប់​មាន​ឈ្មោះ​ឋិតក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​រួចហើយនៅតាម​បណ្តា​ឃុំ​-​សង្កាត់ ឯ​ស្រុកកំណើត​របស់​ពួកគេ តែ​ពួកគេ​បាន​មក​បម្រើ​ការងារនៅក្នុង​រោងចក្រ សហគ្រាស ក្រៅ​ទីតាំង​ស្រុកកំណើត ត្រូវការ​ឱកាស​ឈប់សម្រាកទៅ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់​ពួកគេ​។ ដោយឡែក កម្មករ កម្មការិនី ដែល​ដល់​អាយុត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​បណ្តា​ឃុំ​សង្កាត់ ឯ​ស្រុកកំណើត​របស់​ពួកគេ​នោះ គឺ​ពួកគេ​ក៏​ត្រូវការ​ពេលវេលា​ទៅ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​តាម​ការកំណត់​ផងដែរ​។​

​លោក​ជា ​មុនី បាន​គូសបញ្ជាក់ជម្រាបជូន​លោក​វង​ សូ​ត ថា "​ដូច្នេះ ខ្ញុំបាទ​សូម​សំណូមពរ​ឯកឧត្តម មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​ថៅកែ ( និយោជក ) ឬ​អ្នក​គ្រប់គ្រង​រោងចក្រ សហគ្រាស អនុញ្ញាត​ផ្តល់ឱកាស​ដ៏​សមស្រប​តាម​ចម្ងាយ​នៃ​ទីតាំង​ជាក់ស្តែង​ដល់​កម្មករ កម្មការិនី បាន​ទៅ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ដោយ​មិន​តម្រូវ​ឲ្យ​កាត់​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ដែល​ត្រូវ​ទទួលបាន ដោយ​ក្តី​អនុគ្រោះ​"​។​

​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជុំវិញ​លិខិត​ស្នើ​សុំ​របស់​លោក​ជា​មុនី ខាងលើ​នៅ​ឡើយ​ទេ​។​

​ក៏ប៉ុន្តែ​ អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១២ លោក​វង​សូត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីណែនាំ​មួយ ដោយ​តម្រូវឲ្យ​កម្មក​រកាត់​ដេរ បាន​ឈប់សម្រាក​ពីមួយថ្ងៃ ទៅ បី​ថ្ងៃ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការបោះឆ្នោត តាម​ស្រុក​កំណើត​នៅ​ជិត និង​នៅ​ឆ្ងាយ​៕​