Tuesday, September 4, 2012

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ និង​អង្គការ​KJOជប៉ុន​​ចែកកង់​២០០​គ្រឿង​ជូន​សិស្ស​ក្រីក្រ​នៅ​ក្នុង​ឃុំ​កំពង់​រាប​ស្រុក​កោះសូទិន​

ដោយ​ ៖ សាគុណ 

​ខេត្តកំពង់ចាម​ ៖​ ដោយ​មើលឃើញ​នូវ​ការ​លំបាក​របស់​ក្មួយៗ​ជា​សិស្ស​ក្រីក្រ​នៅ​តាម​ជនបទ​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ មូលនិធិ​មជ្ឈមណ្ឌល​រៀប​ចំណត​កង់​ជប៉ុន​(KJO)​ អង្គការ​អាស៊ី​ អេ​ស្ពេ​កា​ និង​អង្គការក្រៅរដ្ឋាភិបាល​ បាន​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ អតីត​ យុទ្ធ​ជន​ និង​យុវ​និ​តិ​សម្បទា​ តែង​បាន​នាំ​យក​កង់​ទៅ​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ ។​ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ កញ្ញា​ ឆ្នាំ​២០១២​នេះ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​លោក​ Masahiro​ Sano​ ប្រធាន​មូលនិធិ​ KJO​ បាន​នាំ​យក​កង់​ ចំនួន​ ២០០​គ្រឿង​ ទៅ​ចែក​ជូន​ដល់​សិស្ស​ក្រីក្រ​នៅ​ក្នុង​ ឃុំ​កំពង់​រាប​ ស្រុក​កោះសូទិន​ ខេត្ត​ កំពង់ចាម​ ។​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ស្រុក​កោះសូទិន​បាន​ ទទួល​អំណោយ​កង់​ពី​មូលនិធិ​KJO​ ជប៉ុន​ តាម​រយៈ​ការ​ទំនាក់ទំនង​របស់​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ ហើយ​លើក​ទី​១​ នៅ​ឆ្នាំ​២០១១​ មាន​ចំនួន​៤០០​កង់​ ចែក​ជូន​សិស្ស​ក្រីក្រ​នៅ​ក្នុង​ឃុំ​ពាមប្រធ្នោះ​ ឃុំ​ពង្រ​ និង​ ឃុំ​មហាលាភ​ ។
​លោក​ Masahiro​ Sano​ បាន​សំដែង​នុ​វ​ការ​រីករាយ​ដែល​បាន​មក​ផ្ទាល់​ជាមួយ​ក្មួយៗ​ ជា​សិស្ស​ក្រីក្រ​ ហើយ​បាន​ចែក​អំណោយ​កង់​ និង​សម្ភារៈ​សិក្សា​នៅ​ទី​នេះ​ ដើម្បី​ជាម​ធ្យោ​ បាយ​ធ្វើ​ដំណើរ​ទៅ​សិក្សា​បាន​ទាន់​ពេលវេលា​ និង​ជា​ការ​ជំរុញ​លើកទឹកចិត្ត​ដល់​ក្មួយៗ​ឲ្យ​ ខិតខំ​រៀនសូត្រ​បាន​ពូកែ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ Masahiro​ Sano​ បាន​ជម្រាប​ថា​ លោក​ នឹង​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ បន្ត​ចូលរួម​សហការ​ជា​ប្រចាំ​ និង​ជួយ​ដល់​សិស្ស​ក្រីក្រ​ នៅ​កម្ពុជា​ថែម​ទៀត​ ដើម្បី​ឲ្យ​ក្មួយៗ​ទាំងអស់​បាន​រៀនសូត្រ​ចេះ​ដឹង​បាន​ច្រើន​ និង​ទទួល​ បាន​អនាគត​ភ្លឺស្វាង​ ។​ លោក​ Masahiro​ Sano​ បាន​ជម្រាប​ថា​ រហូត​មក​ដល់​ពេល​នេះ​ យើង​ បាន​ចែក​កង់​សរុប​ចំនួន​ ៨.៣៣០​គ្រឿង​ហើយ​ដល់​សិស្ស​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​-​រាជធានី​  នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នៅ​ឆ្នាំ​២០១៣​ លោក​មាន​គម្រោង​ទៅ​ឆ្នាំ​ក្រោយៗ​ពី​១​ម៉ឺន​ គ្រឿង​ ទៅ​២​ម៉ឺន​គ្រឿង​ជា​បន្តបន្ទាប់​ ។​ ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ Masahiro​ Sano​ ក៏​បាន​ផ្តាំផ្ញើ​ ដល់​ក្មួយៗ​ទាំងអស់​ឲ្យ​ធ្វើ​ដំណើរ​ប្រុង​ប្រយ័ត្ន​ផង​ ព្រោះថា​ចរាចរ​តាម​ដងផ្លូវ​នា​ពេល​ប​ច្ចុ​ប្ប​ ន្ន​ មាន​ភាព​មមាញឹក​ណាស់​ ដែល​ជា​ការ​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ ។​
​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​បញ្ជាក់​ថា​ សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​ KJO​ ជប៉ុន​ ក្នុង​រយៈពេល​ជា​បន្តបន្ទាប់​មកនេះ​ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្ត​ទុក​ ដាក់​ អាណិត​ស្រឡាញ់​ចំពោះ​សិស្ស​ក្រីក្រ​កម្ពុជា​ នៅ​តាម​ជនបទ​ ក៏​ដូច​នៅ​ទីប្រជុំជន​ និង​រាជធានី​ បាន​ទៅ​ចូល​រៀន​គ្រប់ៗ​គ្នា​ ជៀសវាង​ការ​បោះបង់​ចោលការ​សិក្សា​ ។​ លោក​រដ្ឋ​ មន្ត្រី​បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់​ដែល​បាន​ទទួល​កង់​នេះ​ហើយ​ត្រូវ​ខិតខំ​ប្រឹង​សិក្សា​រៀន​សូត្រ​ឲ្យ​បាន​ពូកែ​ ក្លាយជា​ពលរដ្ឋ​ល្អ​ ដើម្បី​អភិវឌ្ឍន៍​សង្គម​ និង​គ្រួសារ​នា​ពេល​អនាគត​ និង​ធ្វើ​ឲ្យ​ម្ចាស់​អំណោយ​សប្បាយចិត្ត​ ដោយ​បានឃើញ​ក្មួយៗ​ខិតខំ​រៀនសូត្រ​ ៕​