Wednesday, October 12, 2011

ទឹក​ជំនន់​កំពុង​គំរាម​កំហែង​អាច​នឹង​លិច​ក្រុង​ស្វាយរៀង​



ស្វាយរៀង ៖ទឹក​ជំនន់​កំពុង​បន្ត​ឡើង​អាច​ឈាន​ទៅ​លិច​ក្រុង​ស្វាយរៀង​ព្រោះ​ទំនប់​ដែល​ទប់​ដោយ​​អាជ្ញាធរ​ខេត្ត​ក្រុង ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​រួម​ទាំង​សមាគម​យុវជន​កម្ពុជា​ខេត្ត​ដែល​បើក​​យុទ្ធនាការ​ទប់​នោះ​ឥឡូវ​ទឹក​ជំនន់​បាន​ជ្រាប​ចូល​ជា​បណ្ដើរៗ​ហើយ​អាជ្ញាធរ​ក្រុង​ស្វាយរៀង​បាន​បិទផ្លូវ​ជាយ​ក្រុង​ផ្នែក​ខាងត្បូង​ចាប់​ពី​ស្ពាន​អំណោយ​សម្ដេច​តេ​ជោ​ហ៊ុន​សែន​គយ​ត្របែក​រហូត​ដល់​នាគ​បាញ់​ទឹក​។
ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ដែល​មាន​លំនៅដ្ឋាន​ក្នុងស្រុក​ស្វាយរៀង​ព្រមទាំង​រដ្ឋ​បាលខេត្ត​កំពុង​មាន​ការ​ព្រួយបារម្ភ​ព្រោះ​ទឹក​ចេះតែ​ឡើង​បើ​ទឹក​មិន​ស្រក​ទេ​នោះ​វា​និង​លិច​ក្រុង​ស្វាយរៀង​ជា​មិន​ខាន​ឡើយ​បើ​តាម​របាយការណ៍​ប៉ះពាល់​ដោយ​ទឹកជំនន់​ក្នុងស្រុក​ស្វាយរៀង​លោក​យូ​ប៊ុន​នី​អភិបាលក្រុង​ស្វាយរៀង​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​តាម​ទូរស័ព្ទ​ថា​ក្រុង​ស្វាយរៀង​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​គិត​ចាប់ពី​ថ្ងៃទី២០ខែកញ្ញា​ឆ្នាំ២០១១រហូតដល់​ថ្ងៃទី១១ខែតុលា​ឆ្នាំ២០១១នេះ។ក្រុង​ប៉ះពាល់​ទាំងអស់​ចំនួន៧សង្កាត់​ស្មើរនិង២៨ភូមិ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន១២២៨គ្រួសារ​ជម្លៀស​ប្រជាជន​ទៅកាន់​ទីទួល​សុ​វត្ថិ​ភាព​ចំនួន៨១៨គ្រួសារ​លិច​ស្រូវ​ស្រែ​អស់​ចំនួន៤៧៥.២៥ហិកតា​លិច​ស្រូវ​ទូទាំង​ស្រុក​ចំនួន២៩៤.៩៨ហិកតា​លិច​ដំណាំ​រួមផ្សំ​ចំនួន៩៣.៧៥ហិកតា។
អនុប្រធាន​មន្ទី​រធនធានទឹក​និង​ឧតុនិយម​ខេត្ត​បានឲ្យ​​​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ថា​កំពស់​ទឹក​ថ្ងៃ​ទី១១ តុលា​នេះ​ទឹក​មាន​កម្ពស់១.៨៣ ម៉ែត្រ បើសិនជា​មេឃ​មិន​ភ្លៀង​អាច​នឹង​ស្រក ប្រសិនមេឃ​ភ្លៀង​អាច​ឡើង ប៉ុន្តែ​បើ​ប្រៀបធៀប​កម្ពស់​ទឹក​ឆ្នាំ ២០០០ ខេត្តស្វាយរៀង​ទឹក​មាន​កម្ពស់ ១,៤៧ម៉ែត្រ​ឯណោះ ទើប​លិច​ក្រុង​ស្វា​រៀង ឥឡូវ​ទើប​មាន​កម្ពស់៣,៨៣ម៉ែត្រ មានន័យថា​ខុសគ្នា​ច្រើន បើ​ភ្លៀង​រាំង​ពិតជា​មិន​លិច​ក្រុង​នោះទេ។
ប៉ុន្តែ​ស្ថិតនៅ​ក្នុងស្ថានភាព​ប្រឈម​ក្នុងការ​លិច​នោះ​អាជ្ញាធរខេត្ត ក្រុង រួមទាំង​មន្ត្រី​ជំនាញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ត្រៀម​ខ្លួន​ប្រុងប្រយ័ត្ន​ជានិច្ច​នៅក្នុង​ស្ថានភាព​បែបនេះ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ជាយថាហេតុ ហើយ​ត្រូវ​តាមដាន​សភាពការណ៍​គ្រប់ពេលវេលា​ដើម្បី​កាត់បន្ថយ​មហន្តរាយ ដោយ​ទឹកជំនន់​ក្នុង​រដូវវស្សា​ឆ្នាំ២០១១នេះ៕
គឹម​សេង