Wednesday, October 12, 2011

លោក​ជំទាវ​ម៉ែន​សំអន​៖​រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ថា​«ស្ត្រី​គឺ​ជា​ឆ្អឹង​ខ្នង​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​»​


ភ្នំពេញ ​៖ ​លោក​ជំទាវ​ ម៉ែន សំអន​ ​ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ​បាន​មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ទទួល​ស្គាល់​និង​ចាត់​ទុក​ថា​«ស្ត្រី​គឺ​ជា​ឆ្អឹងខ្នង​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​»។ ​នេះ​ជា​ប្រសាសន៍​ដ៏​មាន​អត្ត​ន័យ​ដែល​ធ្វើ​ឡើង​ខណៈ​ពេល​លោក​ជំទាវ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រកាស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ក្រសួង​ផែនការ​នា​ល្ងាច​ថ្ងៃទី​១១​ខែ​តុលា​ឆ្នាំ​២០១១​នៅ​ទី​ស្ដី​ការ​ក្រសួង​។
គួរបញ្ជាក់​ថា​តាម​សេចក្ដីសំរេច​គណៈកម្មាធិកា​រ​កណ្ដាល​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​បានន​ទទួលស្គាល់​សមាសភាព​ដែល​ទើបបាន​បង្កើត​ថ្មី​ក្នុង​ក្រសួងផែនការ​ក្នុងនោះ​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងផែនការ​មុខងារ​ជា​ប្រធានកិត្តិយស​និង​លោកស្រី ហង់ លី​ណា ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​របស់​ក្រសួងផែនការ​និង​សមាស​ភាពជា​សមាជិក ហិ​រ​ញ្ញិ​ក និង​ថ្នាក់​អនុប្រធាន​កិត្តិយស​សរុប១៨នាក់។

លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍​ស្វាគមន៍​និង​រីករាយ​ចំពោះ​សមាសភាព​ថ្មី​ដែល​ទើបបាន​បង្កើតឡើង​ជាស​មា​គម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ក្នុង​ក្រសួងផែនការ​នោះ ដែល​នេះ​សបញ្ជាក់​អោយឃើញថា​ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​ជា​មូលធន​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។
លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​បានបញ្ជាក់​បន្ថែមថា​នាពេល​បច្ចុប្បន្ន​ស្ត្រី​មាន​តួនាទី​យ៉ាងសំខាន់​មួយទៀត​គឺ​ការចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​ផលប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​អន្តរជាតិ​និង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ពិភពលោក​ដែល​តំរូវអោយមាន​ការលើក​កំពស់​ការងារ​ផ្សព្វផ្សាយ​អប់រំ​បំផុស​អោយមាន​ការយល់ដឹង​អំពី​តួនាទី​របស់​នារី​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ផលប៉ះពាល់​និង​ភាព​គំរាមកំហែង​ទាំងនោះ។ហើយ​លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើរ​ដល់​សមាគមនារី​ដែល​ទើប​បង្កើត​ថ្មី​ក្នុង​ក្រសួងផែនការ​អោយ​អនុវត្ត​អោយបាន​នូវ​ទិសដៅ​ការងារ​របស់​សមាគម​ដើម្បី​លើក​កំពស់​សិទ្ធិសេរីភាព​រប​ស់​ស្ត្រី​ទប់ស្កាត់​ការជួញដូរ​ស្ត្រី​និង​អំពើហិង្សា​ជាដើម។កិច្ចការ​របស់​សមាគម​នារី​សំដៅ​លើក​កំពស់​សេរីភាព​គ្រប់បែបយ៉ាង​របស់​ស្ត្រី​អោយចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការងារ​សមធម៌ ការងារ​អភិវឌ្ឍ អោយមាន​ប្រសិទ្ធភាព​ខ្ពស់​ពិសេស​អោយ​សាក​សមជា«ស្ត្រី​ជា​ត្បូង​ពេជ្រ​ដ៏​មានតម្លៃ»៕​
វិមាន