Wednesday, October 12, 2011

មនុស្សចំនួន ៦នាក់ បានស្លាប់បាត់បង់ជីវិតនៅ សង្កាត់សំប៊ួរ ក្រុងសៀមរាប ដោយសារ ឧបតិហេតុលិចទូក

នៅវេលាម៉ោងប្រមាណជា១០ និង៣៥នាទី ព្រឹកមិញនេះ មានមនុស្សចំនួន៦នាក់ ក្នុងចំណោម ១៣នាក់ស្ថិតនៅ
ភូមិជ្រៃ និង ភូមិភ្នៅ សង្កាត់សំប៊ួរ ក្រុងសៀមរាប បានស្លាប់បាត់បង់ជីវិត ដោយសារតែ ប្រជពលរដ្ឋទាំងនោះ
បានជិះទូក ពីសាលាឆទាន ឆ្ពោះទៅកាន់វត្តចេតីយ៍ ក្នុងគោលបំណងទៅលេងវត្តក្នុងរដូវចេញវស្សា។ មូលហេតុ
ដែលបណ្តាលឲ្យមានលិចលង់រហូតដល់មានការបាត់បង់ជីវិតបែបនេះ គឺ បណ្តាលមកពីទូកនេះ ដាក់មនុស្ស
លើសចំណុះ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នកដែលបានស្លាប់បាត់បង់ជីវិតទាំង ៦នាក់មានស្រីចំនួន៤នាក់
និងប្រុស ២នាក់។ ហើយក្នុងចំណោមអ្នកស្លាប់នេះដែរ មានមនុស្សវ័យចំណាស់ចំនួន២នាក់ និងមានកូនកេ្មងចំនួន
៣នាក់ ដែលក្នុងចំណោមកូនក្មេងទាំង៣នេះ គឺមានក្មេងស្រី ២នាក់។ ដោយឡែកមនុស្សចំនួន៧នាក់ទៀតត្រូវបាន
ជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព ដែលក្នុងនោះមានកូនក្មេង ១នាក់ ត្រូវបានដឹកយកទៅកាន់មន្ទីរពេទ្យខេត្ត
ដើម្បីជួយសង្គ្រោះ ប៉ុន្តែមិនទាន់បានដឹងពីជោគវាសនាយ៉ាងណានៅឡើយទេ។
បើតាមកាបញ្ជាក់របស់សមត្ថកិច្ចដដែលបានឲ្យដឹងថា ៖ ចំពោះម្ចាស់ទូក ដែលបានចំលងដោយឥតគិតថ្លៃ
កំពុងរត់គេចខ្លួន ។ ទាំងម្ចាស់ទូ ទាំងអ្នកជិះ គឺ សុទ្ធសឹងតែជាអ្នកមកស្នាក់នៅបណ្តោះអាសន្ន នៅកន្លែង
សាលាឆទាន នៃបរិវេណ វត្តចេតីយ៍ ដែលជាកន្លែងទីទួលសុវត្ថិភាពគេចពីទឹកជំនន់។ ហើយបើតាមការ
ឲ្យដឹងពីមន្ត្រីសាលាក្រុងសៀមរាបបានឲ្យដឹងថា៖ នៅពេលថ្មីៗកន្លងមកនេះ សាលាក្រុងធ្លាប់បានចេញ
សេចក្តីណែនាំលេខ ០០២ សណន ដល់ប្រជាពលរដ្ឋ ស្តីពីការថែរក្សា សន្តិសុខសុវត្ថិភាពនារដូវទឹកឡើង និងក្នុងពីធីបុណ្យផ្សេងៗតាមតំបន់បឹងទន្លេសាប ក្នុងក្រុងសៀមរាប។
គួរបញ្ជាក់ផងដែរថា៖បើយោងតាមរបាយការណ៍របស់ខេត្ត បានបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី៧ តុលាគឺមាន
មនុស្សស្លាប់ចំនួន ១៥នាក់ ។ប៉ុន្តែបើយើងគិតរហូតមកទល់និងថ្ងៃទី ១២ តុលា ២០១១នេះ នៅទូទាំង
ខេត្តសៀមរាប មានមនុស្សស្លាប់ចំនួន២២នាក់ហើយ។ដោយឡែកតែក្រុងសៀមរាប មួយប៉ុណ្ណោះ មាន
មនុស្សស្លាប់ចំនួន ១៤នាក់ គិតត្រឹមថ្ងៃទី ១២ តុលានេះ៕