Wednesday, October 12, 2011

រថយន្ត​ឆ្លាម​ត្របាក់​ដើម​គគីរ​នៅ​វត្ត​ភ្នំ​ក្រឡាប់​ផ្ងារ​ជើង​​មនុស្ស​​៣​នាក់​លូន​ចេញ​ដោយ​សុវត្ថិភាព


ភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​លឿន​ចាក់​គួរ​មិន​បាន​ប្រុង​ប្រយ័ត្ន ក៏​បាន​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ហោះ​​ទៅ​ត្របាក់​ដើម​គគីរ​មួយ​ដើម បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង ឡើងលើ ហើយ​មនុស្ស​៣​​នាក់​លូន​ចេញ​ពី​ក្នុង​រថយន្ត​ដោយ​សុវត្ថិភាព។
ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​២១​និង​​៤០​នាទី យប់​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ ២០១១ នៅ​ចំណុច​មុខ​អគ្គិសនី​កម្ពុជា​វត្ត​ភ្នំ តាម​បណ្ដោយ​ផ្លូវ​​នរោត្តម សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ តៃកុង​រថយន្ត​មាន​ឈ្មោះយ៉ាន់ ពិសិដ្ឋ ភេទប្រុស អាយុ​២៥ឆ្នាំ ជា​និស្សិត មាន​ទីលំ​នៅ​ភូមិបឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រួម​នឹង​អ្នក​ធ្វើ​ដំណើរ​ជាមួយ​៣​នាក់​ទៀត តែ​អ្នក​ទាំង​អស់​នោះ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់​ធ្ងរ​នោះ​ទេ។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រថយន្ត​បាន​បើក​បរ​តាម​បណ្ដោយ​ផ្លូវ​នរោត្ដម ហើយ​ចាក់​គួរ​កាច់​​តាម​រង្វង់​មូល​វត្ត​ភ្នំ​ត្រង់​ចំណុច​អគ្គិសនី​កម្ពុជា ដោយ​ល្បឿន​រថយន្ត​លឿន​ពេក ក៏​បាន​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ហើយ​ហោះ​ទៅ​ត្របាក់​ដើម​គគីរ​នៅ​ក្បែរ​នោះ​ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ ហើយ​អ្នក​ជិះ​ក្នុង​រថយន្ត​បាន​លូន​ចេញ​មក​ក្រៅ ទាំង​សភាព​ស្រវឹង​ជោក គ្រប់​គ្នា​។ សម​ត្ថកិច្ច​បាន​សាក​សួរ​តៃកុង បើកបរ​រថយន្ត និង​បាន​អូស​យក​រថយន្ត​បង្ក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវ​គោក ដើម្បី​ដោះ​​ស្រាយ​សំណង​ដើម​គគីរ៕ រស្មី