Wednesday, October 12, 2011

បទវិភាគនយោបាយ៖ រលកស៊ូណាមិថ្មី ក្នុង​គណបក្ស សមរង្ស៊ី



រដូវបោះឆ្នោតបានខិតជិតមកដល់ គណបក្សនយោបាយភាគច្រើន កំពុង​មានការមមាញឹកយ៉ាងខ្លាំង​ក្នុងការ​រៀបចំរចនាសម្ព័ន្ធ និង ពង្រឹងកម្លាំងតាមមូលដ្ឋាន ដែលជាសមាជិកគណបក្សរបស់ខ្លួន ។ ចំណែក​គណបក្ស​​កាន់អំណាច ​គឺគណបក្សប្រជាជន​កម្ពុជាវិញ ដោយ​មាន​ភាព​រឹង​មាំខ្​លាំង​លើគ្​រប់​វិស័យ​ ពិសេស​រចនាសម្ព័ន្ធ​គ្រប់គ្រង​គ្រប់ជាន់ថ្នាក់មានភាពល្អប្រសើរហើយ
នោះ ក៏បានបង្ហាញភាព​រវល់​វក់​វីនឹង​ការ​​ចុះជួយ​​ប្រជាពលរដ្ឋដែលរងគ្រោះ​ទឹកជំនន់ ដោយមិនគិត​ពីនិន្នា​ការ​គណបក្ស​នយោបាយ​ឡើយ​ ។ ម៉្យាងទៀត គណបក្ស​ប្រជាជន​កម្ពុជា ថែមទាំងបាន​អំពាវ​នាវ​ស្វែង​រក​ជំនួយ​គ្រប់​រូបភាពពីអង្គការជាតិ អន្តរជាតិ គណបក្ស​នយោបាយ​ក្នុង​ស្រុក​ឲ្យងាកមកជួយប្រជាពលរដ្ឋ ដែល​លិច​លង់​ដោយគ្រោះធម្មជាតិ គំរាមកំហែង​ដ៏ធ្ងន់​ធ្ងរនេះ ។

ដោយឡែកគណបក្ស សម រង្ស៊ី វិញ គួរឲ្យអស់សំណើចណាស់ គឺគណបក្សនេះកំពុងតែរវល់​ឈ្លោះ​បែកបាក់ផ្ទៃក្នុង ក្នុងការដណ្តើមអំណាចគ្នាក្នុងគណបក្ស ដោយមិនរវល់នឹងបញ្ហាចំពោះមុខ ដែល​ប្រទេសជាតិ​ជួបប្រឈមយ៉ាងធ្ងន់ធ្ងរ​នូវ​​គ្រោះ​ទឹកជំនន់ឡើយ ។ មិនតែប៉ុណ្ណោះគណបក្ស សម រង្ស៊ី ដែលតែងតែអួត​ក្អេងក្អាងថា ជាគណបក្សប្រកាន់​នូវលទ្ធិប្រជាធិបតេយ្យនោះ បែរ​ជាដើ​រមិន​ចំផ្លូវ​លទ្ធិប្រជាធិបតេយ្យពិតបា្រកដ ដែលខ្លួន​តែង​តែ​លើកឡើង​នោះទេ ហើយថែមទាំងបានអនុវត្តន៍ផ្ទុយ​ពី​ គោល​​ការណ៍ នេះ​ទៅវិញ ដោយបានបណ្តេញសមាជិកជាន់ខ្ពស់ ថ្នាក់រដ្ឋសភា និង ព្រឹទ្ធសភា ចេញ​ពី​បក្សដោយគ្រាន់តែ លាបព៌ណ​ចោទប្រកាន់​​ក្រុមសមាជិកទាំងនោះ ថាក្បត់គណបក្ស និងជាខ្សែរយៈឲ្យអ្នកនេះ អ្នកនោះ

បើយើងបិទភ្នែកនឹកគិតស្រមៃបន្តិចទៅ យើងនឹងនឹក​ឃើញ​ដល់របប​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម​ បីឆ្នាំ បាំ្របីខែ ម្ភៃថ្ងៃ ដែលបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជិត ពីរលាននាក់នោះ គឺមាន​រូបភាព​​ដូចគ្នាទៅនឹង រូបមន្ត ដែល​គណបក្ស សម​ រង្ស៊ី បានយកមកប្រើលើសមាជិកជាន់ខ្ពស់ នៃ​គណបក្ស​នេះអញ្ចឹង ព្រោះថាបើ​គេ​ចង់សម្លាប់នរណាម្នាក់នៅក្នុងរបបនោះ គេគ្រាន់​តែលាប​ពណ៌អ្​នក​នោះថា ​ជាជនក្បត់បដិវត្តន៍ គឺជាការស្រេច ។

អ្វី​ដែល​គួរឲ្យ​ចាប់​អារម្ម​ណ៍ជាង​នេះ​ទៅ​ទៀត​នោះ​ គឺបន្ទាប់​ពី​មានការ​ដាក់ពាក្យ​បណ្តឹង​របស់​អ្នក​តំ​ណាង​រាស្ត្រ​ម្នាក់​នៃគណបក្ស​ សម រង្ស៊ី  ដែល​ត្រូវ​បានគេបណ្តេញចេញ​ពី​តួនាទីជាអ្នក​តំ​ណាង​រាស្ត្រនៅ​ពេល​ថ្មីៗ​​ ទៅ​តុលាការ​រាជ​ធានីភ្នំ​ពេញ​ ដើម្បី​ស្វែងរក​យុត្តិ​ធម៌ បែរជា​ត្រូវ​បាន​លោក​ គង់​ គាំ ប្រធាន​ស្តី​ទី​គណបក្ស សម រង្ស៊ី ព្រមាន​ដល់​ចៅ​ក្រម​ឲ្យ​បញ្ឈប់​ការប្រើ​អំ​ណាច​តុលាការ​មកជ្រៀត​ជ្រែក​ការ​លុប​ឈ្មោះ​នេះ​ទៅ​វិញ​ ដែល​ទង្វើ​របស់​លោក គង់​ ​គាំ គឺបាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ជា​ការ​កៀប​សង្កត់ និង​ជ្រៀត​ជ្រែក​យ៉ាង​កំ​រោល​ ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ដែល​ជា​ស្ថាប័នឯករាជ្យ​ ត្រូតែ​មាន​កាតព្វ​កិច្ចចាត់​ការ​ទៅ​តាម​នីតិ​វិធី​នៃច្បាប់។

ដូច្នេះទង្វើររបស់គណបក្ស សម រង្ស៊ី ជាពិសេស លោក សម រង្ស៊ី ផ្ទាល់ គឺជាអំពើអមនុស្សធម៌ និង ឃោរឃៅ មិនចាញ់របបខ្មែរក្រហមឡើយ ព្រោះបានបោកបា្រស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និង បា្រក់​កាស​របស់​អ្នក​​ដ៏ទៃអស់យ៉ាង​ច្រើន​ហើយ ទើបធ្វើការទាត់អ្នកទាំងនោះចោល ដោយគ្មាននឹកទៅដល់គុណបំណាច់នៃការតស៊ូរបស់អ្នក​ទាំងនោះបន្តិចបន្តួចសោះឡើយ ដែល​ផ្ទុយ​ស្រឡះ​ពីគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តដាក់គ្រប់យ៉ាងដល់សមាជិកបក្ស គឺគ្រប់​គ្នា សុទ្ធតែ​ទទួលបានការសណ្តោសប្រណី​នឹងគិតគូពីថ្នាក់ដឹក​នាំ​​​កំពូលៗ ។ របៀប​នេះ​នៃ​ការ​ដឹក​នាំដ៏​ល្អនេះ ទើបគណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំដូចសព្វថ្ងៃនេះ ។

ប៉ុន្តែរឿងដែលគួរឲ្យអាណិតអាសូរជាងនេះទៅទៀតនោះ គឺអង្គការជាតិ អន្តរជាតិខ្លះ និងក្​រុម​អ្នកវិភាគ​ឯករាជ្យដែលតែងតែ​ប្រកាសគាំទ្រលទ្ធិប្រជាធិបតេយ្យមិនដាច់ពីមាត់ថា អយុត្តិធម៌​អញ្ចេះ ​អយុត្តិធម៌​អញ្ចុះ តែ​ដល់​ពេល​គណបក្ស សម រង្ស៊ី បណ្តេញសមាជិកតំណាងរាស្រ្ត និង សមាជិក​​ព្រឹទ្ធសភា ដែលខុសនឹង​គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងជាការ​ប្រមាថ​ដល់​អ្នក​បោះឆ្នោត​ឲ្យគណបក្សរបស់ខ្លួន ស្រាប់តែមាន​សភាពស្ងាត់ឈឹង គ្មានក្រុមណា​មួយ​ចេញ​មក​ជួយ​បក​ស្រាយដោយសំអាងច្បាប់នេះ ច្បាប់នោះសោះ បែរជា​ទុកឲ្យក្រុមអ្នកតំណាងរាស្រ្ត​ទាំង​នោះ​ទទួល​រងអយុតិ្តធម៌តាមកម្មព្រេងវាសនាទៅវិញ នេះហើយដែលគេតែង​តែ​និយាយ​ថា​ ការអនុវត្ត​ច្បាប់​ពីរ​​ខុស​គ្នាលើបញ្ហាតែមួយ ដែលក្រុមអង្គការជាតិ អន្តរជាតិខ្លះ និង​ អ្នកវិភាគ​ឯករាជ្យ​មួយចំនួនតែងតែប្រកាន់​យក​​ដើម្បីធ្វើការចោទប្រកាន់លើគណបក្សប្រជាជនកម្ពុជា​ កន្លងមកនោះ ។

សរុបសេចក្តីមក សកម្មភាពគណបក្ស សម រង្ស៊ី ដែល​បានធ្វើ​មក​លើសមាជិក​ជាន់ខ្ពស់​របស់​គណបក្ស ខ្លួន​ឯង​បែបនេះ គឺបានបង្ហាញយ៉ាងច្បាស់ដល់មតិជាតិ អន្តរជាតិ ថាជាអំពើផ្តាច់ការ និង អម​នុស្សធម៌ គ្មានការទទួលខុសត្រូវ មិនអាចទុកចិត្តបានទាំងក្នុងក្របខណ្ឌគណបក្ស និង ក្នុងក្របខណ្ឌជាតិ ថែមទាំងមិនបានជួយជំរុញ​ការអនុវត្ត​លទ្ធិប្​រជាធិបតេយ្យ​នៅ​កម្ពុជា​​​ ឱ្យ​​​ បាន ប្រសើរទៀតផង ផ្ទុយទៅវិញធ្វើឲ្យការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​​ ក្នុង​ក្រប​ខណ្ឌ​​គណបក្ស​ និង​ការបញ្ចេញមតិទស្សនៈក្នុងក្របខណ្ឌគណបក្សនឹងថយចុះ ហើយលក្ខណៈទាំង​នេះនឹងធ្វើឲ្យ​​គណបក្ស សម រង្ស៊ី ឈានទៅរកភាពបែកបាក់កាន់តែខ្លាំងទៅៗ និងភាពរលំរលាយ​នា​ពេល​អនាគត​ជាក់ជាមិនខានឡើយ  

ស.ធារឹទ្ធ