Wednesday, October 12, 2011

សហរដ្ឋ​​អាមេរិក​​ផ្តល់​​ជំនួយ​​ជា​​ទឹក​​​ប្រាក់​​ចំនួន​​​៥​​ម៉ឺន​​ដុល្លា​​​សំរាប់​​​សង្គ្រោះ​​​​​បន្ទាន់​​​ក្នុង​​ទឹក​​ជំនន់​


ភ្នំពេញៈ ​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​​សំរាប់​ការ​​អភិវឌ្ឍន៍​​អន្តរ​ជាតិ​ (USAID) ​បាន​ផ្តល់​នូវ​អំណោយ​​ជា​ទឹក​​ប្រាក់​ចំនួន ​៥០០០០ ​ដុល្លា​​អាមេរិក ​ដល់​អង្គការ​សង្គ្រោះ​កុមារ​ (Save the​ Children) ​សំរាប់​ការ​ងារ​​សង្គ្រោះ​​បន្ទាន់​​ក្នុង​ទឹក​ជំនន់​ក្នុង​ប្រទេស​កម្ពុជា។​
យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​ថវិកា​ទាំង​នេះ​​នឹង​ត្រូវ​បាន​ផ្តល់​ដល់​អង្គការ​សង្គ្រោះ​កុមារ​ ​សំរាប់​ជួយ​ប្រជាជន​ដែល​រង​គ្រោះ​ដោយ​​ទឹក​ជំនន់ ​តាម​រយៈ​ការ​ផ្តល់​ដល់​​ពួក​គេ​នូវ​សំភារៈ​មួយ​ចំនួន​ដូច​ជា​​ តង់ប្រក់​​សំរាប់​ទី​ជំរក​ បណ្តោះ​អាសន្ន ​ឧបករណ៏​ច្រោះ​ទឹក​ស្អាត ​មុង​គេង ​និង​សាប៊ូ​ដុះ​ខ្លួន​ជាដើម។ ​ជំនួយ​​សង្គ្រោះ​ទាំង​នេះ ​គឺ​សំរាប់​ចែក​ចាយ​ដល់​ប្រជា​ពលរដ្ឋ​ប្រមាណ ​២២១៥ ​គ្រួសារ ​ដែល​​ទទួល​​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​កំពង់​ចាម។​

សេចក្តី​ប្រកាស​ព័ត៌មាន​​បាន​បញ្ជាក់​ថា ​ជំនួយ​នេះ​ត្រូវ​បាន​សំរេច​ផ្តល់​អោយ ​បន្ទាប់​​ពី​​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​រាយការណ៍​ថា ​​ប្រទេស​កម្ពុជា​កំពុង​ជួប​ស្ថាន​​ភាព​ទឹក​ជំនន់​​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន ​ក្នុង​រយៈ​ពេល​ជាង​​១០​ឆ្នាំ​មក​​នេះ។ ​ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​​គ្រោះ​​ទឹក​ជំនន់​នេះ​ដែរ ​លោក​ស្រី ​Hilary ​Clinton ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរ​ទេស​​សហរដ្ឋ​​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ​តាង​នាម​អោយ​លោក​ប្រធានា​ធិបតី ​Obama​​ ​និង​ប្រជា​ជន​​​អាមេរិក ​សូម​សំដែង​នូវ​ការ​រំលែក​ទុក្ខ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់​មិត្ត​ភក្តិ ​បងប្អូន ​និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ ដោយ​សា​ភ្លៀង​ធ្លាក់​​ខ្លាំង​ និង​​ទឹក​ជំនន់​នៅ ​ទូទាំង​តំបន់​​អាស៊ី​អាគ្នេយ៍ ​ដែល​ក្នុង​នោះ​រួម​មាន​​តំបន់​នានា​នៅ​​ក្នុង​​ប្រទេស​​​​​​កម្ពុជា ​ឡាវ ​ហ្វីលីពីន ​ថៃ ​និងវៀតណាម។ ​
លោក​ស្រី​បន្ត​ថា ​ស្ថាន​​ទូត​នៅ​ក្នុង​​តំបន់​​នេះ ​កំពុង​តែ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​អង្គការ​អន្តរជាតិ​នានា​ដើម្បី​វាយ​​តំលៃ​​ថា ​តើ​សហរដ្ឋ​អាមេរិក​អាច​ជួយ​បាន​​យ៉ាង​​ដូចម្តេច ​ដល់​ប្រទេស​ដែល​​កំពុង​រង​​គ្រោះ​​​ខ្លាំង​ដោយ​ទឹក​ជំនន់​​ទាំង​នេះ​ ។ ​ជាមួយ​​គ្នា​​នោះ​​​​លោក​ស្រី​បាន​បួង​សួង​អោយ​អ្នក​ទាំង​ឡាយ ​ដែល​រស់​​នៅ​ក្នុង​តំបន់​ដែល​​រង​ការ​​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​នេះ ​​បាន​ចាក​ផុត​ពី​សោក​​នាដកម្ម ៕​ ​កោះកែវ