Wednesday, October 12, 2011

ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា​នឹង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​


      
          ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយករដ្ឋ​មន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ បាន​ថ្លែង​នាព្រឹក​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១១ ដោយ​​កត់​សម្គាល់ថា ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​តែ​អាច​ធានា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​ ៦.៥% ក្នុង​ឆ្នាំ ២០១១ និង ២០១២ បើ​ទោះ​បី​ជា​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​សហរដ្ឋ​អាមេរិក​ និង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មិន​មាន​ស្ថិរភាព​ ហើយ​កម្ពុជា​ត្រូវ​ប្រឈម​ជា​មួយ​គ្រោះ​ទឹក​ជំនន់​ក៏​ដោយ​។​
          នៅ​ក្នុង​សន្និសីទ​ស្តី​ពី​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ឆ្នាំ ២០១១ ៖ បញ្ហា​ប្រឈម​របស់​ពិភពលោក​, ការ​ឆ្លើយ​តប​របស់​កម្ពុជា​ រយៈ​ពេល​ពីរ​ថ្ងៃ​(១១-១២ ខែតុលា ឆ្នាំ២០១១) ដែល​រៀប​ចំឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​(IBC) នៅ​សណ្ឋាគារ​អាំង​ទែរ​កុង​ទីណង់​តាល់​ រាជធានីភ្នំពេញ​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រៅ​ពី​កំណើន​នៃ​ការ​វិនិយោគ​ និង​សំណង់​ កំណើន​នៃ​ការ​នាំ​ចេញ​លើ​វិស័យ​វាយនភ័ណ្ឌ និង​កសិកម្ម​ ចំណូល​ពី​ទេស​ចរណ៍​ វិស័យ​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា​ ក៏​បង្ហាញ​ពី​និន្នាការ​​វិជ្ជមាន​ក្នុង​​ការ​ធ្វើ​ឲ្យ​កម្ពុជា​រក្សាបាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ផង​ដែរ​។
          នៅ​ក្នុង​រយៈ​ពេល​ ៨ ខែ​ ឆ្នាំ ២០១១​ នេះ​មាន​គំរោង​វិនិយោគ​ចំនួន​ ៨៧ លើ​វិស័យ​ឧស្សាហកម្ម កសិកម្ម​ និង​ទូរគមនាគមន៍ ដែល​​មាន​តម្លៃ​សរុប​ប្រមាណ​ ៥.៦ ពាន់​លាន​ដុល្លារ​អាមេរិក​(US$ 5.6 Billion) ទទួល​បាន​ការ​អនុម័ត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ តួលេខ​នេះ​បង្ហាញ​ពី​កំណើន​ចំនួន ២៥០% ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១០ ។ ការ​នាំ​ចេញ​កើន​ឡើង ៤៦% មាន​តម្លៃ​ ២.១៥ ពាន់​លាន​ដុល្លារ​(US$ 2.15 billion) ក្នុង​នោះ​​វិស័យ​វាយនភ័ណ្ឌ​មាន​​ ៨០% ។ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ឲ្យ​ដឹង​ថា កម្ពុជា​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កូន​ខ្លា​មួយ​ក្នុង​​​វិស័យ​វាយនភ័ណ្ឌ​នេះ​ដែរ​។​
លើ​​វិស័យ​ទេស​ចរណ៍​ ​កម្ពុជា​មាន​កំណើន​ ១៥% ដែល​អាច​ប៉ាន់​ស្មាន​បាន​ថា ឆ្នាំ ២០១១ មាន​ភ្ញៀវ​ទេសចរណ៍​ជិត ៣ លាននាក់ មក​ទស្សនាកម្ពុជា​ ដែល​អាច​នាំ​មក​នូវ​​ចំណូលប្រមាណ​ ២ ពាន់​លាន​ដុល្លារ​អាមេរិក​។ វិស័យ​សំណង់​កើន​ ៨៤% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ មាន​តម្លៃ​ ៧៤៧.៧ លាន​ដុល្លារអាមេរិក​ ដែលជា​ការ​កើន​ឡើង​ដ៏​ធំ​ចាប់តាំង​ពី​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ ៣ ឆ្នាំ កន្លង​ទៅ​។ សេវាកម្ម​លើ​​វិស័យ​ធនាគារ​ក៏​​មាន​កំណើន​នៅ​ឆ្នាំ ២០១១ នេះ ក្នុង​នោះ​ប្រាក់​កម្ចី​កើន​ឡើង​ក្នុង​អត្រា​ ១២.៥១% ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៣.៦ ពាន់​លាន​ដុល្លារអាមេរិក​។​ ប្រាក់​បញ្ញើ​ និង​សន្សំ មាន​កំណើន​ក្នុង​អត្រា​ ១១.៤៣% ដែល​មាន​ទឹក​ប្រាក់ ៤.៣ ពាន់​លាន​ដុល្លារ​។
          ទាក់​ទង​នឹង​បញ្ហា​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា ដែល​ជា​ធាតុ​មួយ​​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជម្រុញ​កំណើន​សេដ្ឋ​កិច្ច​ ឯកឧត្តម​បណ្ឌិត សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា​ផង​ដែរ បាន​ឲ្យ​ដឹង​ថា ក្រុម​ការ​ងារ​របស់​រាជរដ្ឋាភិបាលក្រោ​ម​ការ​ដឹក​នាំ​ប្រ​កប​ដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន​ សែន​ ​បាន​នឹង​កំពុង​ធ្វើ​ការ​ងារ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ជាមួយ​ក្រុម​ហ៊ុន វិនិយោគ​លើ​លិខិត​បទ​ដ្ឋាន​នានា​ ដើម្បីធានា​ការ​ផលិត​ និង​​ការ​ប្រមូល​ពន្ធ​។ «ខ្ញុំ​សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​មាន​គោល​ការណ៍​ច្បាស់​លាស់​គឺ​ អគ្គមេបញ្ជាការ​មួយ​ ដែល​ជា​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន​ សែន និង​សេនា​ធិការ​មួយ​ដែលជា​​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ក្នុង​ការ​គ្រប់​គ្រង​ចាត់​ចែង​​​ប្រើ​ប្រាស់​ចំណូល​ចំណាយ​ ដែល​បាន​មក​ពី​ប្រេង​ និង​ឧស្ម័ន​» ដើម្បី​ការ​អភិវឌ្ឍន៍​ និង​គាំទ្រ​ដល់​ការ​ផ្តល់​សេវាផ្សេងៗ​។ ឯកឧត្តម​​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​បន្តថា ខ្ញុំ​ត្រូវ​អរគុណ​ចំពោះ​ដៃគូរ​​ផ្តល់​ជំនួយ​អន្តរជាតិ​ដោយ​ភាព​អត់​ធ្មត់​​ ដោយ​ផ្តល់​អ្នក​ជំនាញ​ការ​ និង​គាំទ្រ​ការ​ចាត់​ចែង​លើ​វិស័យ​ប្រេង​ និង​ឧស្ម័ន​កម្ពុជា​ ជំនួស​ឲ្យ​ការ​ទិតៀន​ ។ វា​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ពេល​ដែល​យើង​បាន​និង​កំពុង​រៀប​ចំ​ផលិត​ប្រេង និង​ដាក់​ចេញ​នូវ​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម​ប្រេងនា​ពេល​អនាគត​។​


សម្រាប់​ការ​ផលិត​ប្រេង​លើក​ដំបូង​នៅចុង​​ឆ្នាំ​​ ២០១២​ ខាង​មុខ​នេះ​ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ថា ឯកឧត្តម​សង្ឃឹម​ថា ក្រុម​ហ៊ុន ឆេវរ៉ុន​ នឹង​ប្រើប្រាស់​បច្ចេក​វិទ្យា​ចុង​ក្រោយ​ដើម្បី​បូម​ប្រេង​ ក៏​ដូច​ជា​រក្សា​​ស្ថិរភាព​នៃ​ការ​ផលិត​​ប្រេង​ និង​ឧស្ម័ន​នៅ​កម្ពុជា​ផង​ដែរ​។​ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​បញ្ជាក់​ថា ផលិត​ប្រេង​នៅ​កម្ពុជា​យ៉ាង​ហោច​​ក៏​អាច​ចូល​រួម​ចំណែក​ផ្គត់​ផ្គង់​ និង​រក្សា​តម្លៃ​ប្រេង​ក្នុង​​អន្តរជាតិ​ផង​ដែរ​។​
          ឯកឧត្តម​បណ្ឌិត សុខ អាន ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដោយ​ផ្អែក​តាម​អនុស្សរណៈយោគ​យល់​គ្នា​ឆ្នាំ ២០០១ រាជរដ្ឋាភិបាល​ទីក្រុង​បាងកក​របស់​លោកជំទាវ​ យ៉ីង ឡាក់ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ការ​ចរចា​ដោះស្រាយ​ការ​រុក​រក​ប្រេង​នៅ​ក្នុង​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​ ដើម្បី​ជា​ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពី​រដោយ​ស្មើ​ភាព​និង​មាន​ភាព​យុត្តិធម៌​​។