Wednesday, October 12, 2011

លោក​ស្នងការ​នគរបាល​ខេត្ត​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​លិច​ទឹក​ទាំង​កណ្ដាល​យប់​១​គ្រួសារ​បាន​ទាន់​ពេល​វេលា​




កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សំរោង​១​គ្រួសារ​ត្រូវ​លោក​ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​យក​កាណូត​ទៅ​សង្គ្រោះ​យក​ពី​លំនៅដ្ឋាន​ទាំង​យប់​មក ​ទី​ទួល​សុវត្ថិភាព​ពេល​ទឹកជំនន់​ឡើង​លិច​ផ្ទះ​របស់ ​គាត់​កាល​ពី​ថ្ងៃ​ទី​១១​ខែ​តុលា​ឆ្នាំ​២០១១​។​
លោក​ ហ៊ុល ​វាសនា​ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​នឹងថា​នៅ​វេលា​ម៉ោង​២១យប់​ថ្ងៃទី១១​ខែតុលា​ឆ្នាំ២០១១​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សំរោង​សង្កាត់​ផ្សារ​ឆ្នាំង​ក្រុង​កំពង់​ឆ្នាំង​ឈ្មោះ ​ញិល ​ឆេង ​អាយុ៥៦ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ព្រុំ​ចំរើន​អាយុ៤៣​ឆ្នាំ​ដែល​មាន​កូន​ចំនួន​៩នាក់​ទាំង​ឪ​ចាស់​ម្នាក់​បាន​ទទួល​ទូរស័ព្ទ​សំណូមពរ​ដល់​លោក​ស្នងការ ខេត្ត​សុំ​ជួយ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ព្រោះ​តែ ទឹកជំនន់​បាន​ឡើង លិច​ផ្ទះ​និង​លិច​គ្រែ​ពួក​គាត់​ដេក​ទាំង​កណ្ដាល​យប់។ក្រោយ​ពី ទទួល​បាន​បទ​បញ្ជា​ពី​លោក​ស្នង​ការ​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជា​មួយ​លោក​មេ​ភូមិ​សំរោង​ក៏បាន​យក​កាណូត១គ្រឿង​របស់​សម​ត្ថិ​កិច្ច​ចេញទៅ​សង្គ្រោះ​យក​ក្រុម​គ្រួសារ​រងគ្រោះ​នោះ​មក​កាន់​ទីទួល​ហើយក៏​បាន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅក្នុង​ការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​មួយ​យប់។

នៅ​ព្រឹក​ថ្ងៃទី១២ខែតុលា​ឆ្នាំ២០១១ ឯកឧត្តម​ ទូ​ម៉ា​រី​ម​ អភិបាលខេត្ត​និង​ជា ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា​ខេត្តកំពង់ឆ្នាំង​ក៏​បានផ្តល់​អំណោយ​របស់​ឯកឧត្តម​តាមរយៈ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចែក ជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ខាងលើ នេះ។ អំណោយ​នោះ រួមមាន​អង្ករ៥០គីឡូ​ទឹកត្រី១យួរ​ទឹកស៊ីអ៊ីវ១យួរ​ប៊ីចេង១កញ្ចប់​ខ្ទឹម​មួយ​កញ្ចប់​និង​ទឹកប្រាក់៥០០០០រៀល​ដែល​ជា​អំណោយ​របស់​គណបក្ស​ប្រជាជន កម្ពុជា​។ ក្រោយពី​បាន​ចែក​អំណោយ​ជូន​ជនរងគ្រោះ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង កំពង់ឆ្នាំង​លោកស្នងការ​ក៏បាន​ឲ្យ​មន្ត្រី​នគរបាល​យក រថយន្ត​ដឹក​គ្រួសារ​ជនរងគ្រោះ​យក​ទៅ​ស្នាក់នៅ​ទីទួល​ក្នុង វត្ត​ធម្មយុត្តិ​ជា​បណ្ដោះអាសន្ន។លោក ​ញិ​ល​ ចេង​ ជា មេ​គ្រួសារ​ជន រងគ្រោះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្នងការ​និង​លោក​អធិការដ្ឋាន​ប្រចាំ ខេត្តកំពង់ឆ្នាំង៕
ឫទ្ធីជ័យ