Friday, September 7, 2012

នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ ជំរុញ​ឱ្យ​មន្ដ្រី​​នគរបាល​យុត្ដិធម៌​បន្ដ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​

ដោយ​ ៖ វឌ្ឍនា
​ភ្នំពេញ​ ៖ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ បាន​ជំរុញ​ ឱ្យ​មន្ដ្រី​នគរបាល​យុត្ដិធម៌​បន្ដ​អនុវត្ដ​ តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​បំពេញ​ តួនាទី​ប្រកបដោយ​កិត្ដិយស​ គោរព​ក្រម​ សីលធម៌​វិជ្ជាជីវៈ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​
​ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​លោក​លើក​ ឡើង​ក្នុង​កម្មវិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ មន្ដ្រី​នគរបាល​យុត្ដិធម៌​ជំនាន់​ទី​១៨​ កាល​ ពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​ លា​លា​កងរាជអាវុធហត្ថ​កំ​បូល​ដោយ​ មានការ​ចូលរួម​ផង​ដែរ​ពី​មន្ដ្រី​កង​រាជ​ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រួម​ទាំង​សិក្ខា​ កាម​ជា​ច្រើន​រូប​ទៀត​។
​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ បាន​បញ្ជាក់​ដែរ​ថា​ កន្លង​មក​មន្ដ្រី​នគរបាល​ យុត្ដិធម៌​តែងតែ​ទទួល​បានការ​កោត​សរ​ សើរ​ វាយតម្លៃ​ ជឿ​ទុកចិត្ដ​ និង​ផ្ដល់​តម្លៃ​ ខ្ពស់​ពី​គ្រប់​មជ្ឈដ្ឋាន​ ទាំង​ប្រមុខ​ថ្នាក់​ដឹក​ នាំ​ ស្ថាប័ន​តុលាការ​ និង​ប្រជាពលរដ្ឋ​ទូទៅ​។​ លោក​លើក​ឡើង​ថា​ “​យើង​ពិត​ ជា​មាន​មោទនភាព​ក្រោយ​ពី​មន្ដ្រី​ដែល​បញ្ចប់​ការ​សិក្សា​បាន​ទៅ​បំពេញ​តួនាទី​ ប្រកបដោយ​កិត្ដិយស​និង​ប្រសិទ្ធភាព​”​។​
​លោក​បន្ដ​ទៀត​ថា​កន្លង​មក​មាន​ក៏​មាន​មន្ដ្រី​យោធា​មួយ​ចំនួន​តូច​បាន​យកឈ្មោះ​ អង្គភាព​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់​ ខុស​ទៅ​នឹង​ភារកិច្ច​ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​ នាំ​ឱ្យ​ខូច​ដល់​កិត្ដិយស​មន្ដ្រី​ស្អាតស្អំ​ដែល​ បាន​បំពេញ​តួនាទី​សម្រាប់​ជាតិ​មាតុភូមិ​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​សិក្ខាកាម​ទាំងអស់​ យកចិត្ដទុកដាក់​ គោរព​វិន័យ​ បទបញ្ជា​ របស់​សាលា​ ស្រឡាញ់​ សាមគ្គី​ ប្រឹង​ ប្រែង​សិក្សា​រៀនសូត្រ​ដើម្បី​យកចំណេះ​ ដឹង​ថ្មីៗ​យក​មក​ប្រើប្រាស់​ប្រកបដោយ​ ប្រសិទ្ធភាព​ខ្ពស់​។​
​ថ្លែង​នា​ឱកាស​នេះ​ដែរ​ លោក​វរ​ សេនីយ៍​ទោ​ ហ្វ្រ​ង់​ស្វ័​រ​ដឺ​ពែរ​រី​យេ​ ទីប្រឹក្សា​ បារាំង​ អម​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក៏​បាន​លើក​ឡើង​ដែរ​ ថា​ មន្ដ្រី​នគរបាល​យុត្ដិធម៌​មាន​សិទ្ធិ​ អំណាច​ និង​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ បំពេញ​តួនាទី​ដូច​ជា​ការ​ឃាត់ខ្លួន​មនុស្ស​,​ ការ​ចាត់វិធានការ​ឃាត់ខ្លួន​បណ្ដោះ​ អាសន្ន​,​ ការ​ឆែកឆេរ​ និង​ការ​ចាត់​នីតិ​ វិធី​ក្នុង​ការ​ប្រមូល​យក​ភស្ដុ​តាង​នានា​  ដែល​ការងារ​នេះ​នាំ​ទៅ​រក​ការ​កាត់​បន្ថយ​បទល្មើស​និង​ជា​មាគ៌ា​នាំ​ទៅ​រក​នីតិរដ្ឋ​។​ លោក​បាន​ចាត់​ទុក​ការ​បើក​វគ្គ​បណ្ដុះ​ បណ្ដាល​ជា​បន្ដបន្ទាប់​នា​ពេល​នេះ​គឺ​មាន​ សារសំខាន់​ខ្លាំង​ណាស់​ក្នុង​វិធានការ​កិច្ច​សហប្រតិបត្ដិការ​អស់​រយៈពេល​ជា​ច្រើន​ ឆ្នាំ​រវាង​កងរាជអាវុធហត្ថ​ខ្មែរ​ និង​កង​ រាជ​អាវុធហត្ថ​ជាតិ​បារាំង​ហើយ​បារាំង​ ក៏​ បាន​បញ្ជូន​អ្នកឯកទេស​ពិសេស​មក​ជួយ​បណ្ដុះ​ បណ្ដាល​ដល់​មន្ដ្រី​នគរបាល​យុត្ដិធម៌​កម្ពុជា​។​
​លោក​ឧត្ដមសេនីយ៍ទោ​ ដួង​ សា​រិ​ន​ នាយក​សាលា​កងរាជអាវុធហត្ថ​មាន​ ប្រសាសន៍​ដែរ​ថា​ ចាប់តាំងពី​វគ្គ​ទី​១​ ដល់​វគ្គ​ទី​១៧​សាលា​បាន​បណ្ដុះបណ្ដាល​ មន្ដ្រី​នគរបាល​យុត្ដិធម៌​សរុប​១០៥០​ នាក់​ (​នារី​១០០​នាក់​)​ ហើយ​បាន​បំពេញ​ សិទ្ធិ​ជាម​ន្ដ្រី​នគរបាល​យុត្ដិធម៌​៩២៦​ នាក់​ និង​មាន​មន្ដ្រី​នគរបាល​យុត្ដិធម៌​ ក្នុង​មុខ​តំណែង​ទទួល​បន្ទុក​កិច្ចការ​ព្រហ្ម​ ទណ្ឌ​ចំនួន​៣៩៧​នាក់​។​ លោក​បន្ដ​ទៀត​ថា​ សិក្ខាកាម​នៅ​ក្នុង​វគ្គ​ទី​១៨​នេះ​មាន​ចំនួន​៩០​នាក់​។​ លោក​បញ្ជាក់​ដែរ​ថា​ កម្មវិធី​ សិក្សា​នេះ​មាន​រយៈពេល​សរុប​ចំនួន​៥​ខែ​ចាប់ពី​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ដល់​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ដែល​សិក្ខា​ កាម​ត្រូវ​រៀន​ពី​ទ្រឹស្ដី​ជំនាញ​យោធា​ ចំណេះ​ ដឹង​ទូទៅ​ផ្នែក​ច្បាប់​ ការ​ធ្វើ​បទឧទ្ទេសនាម​ និង​ការ​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ ៕