Friday, September 7, 2012

សមាជិកសភាបក្សប្រជាជនកម្ពុជា ប្រតិកម្មតបលោក ស៊ូយ៉ា ស៊ូប៊ែឌី

ភ្នំពេញ​: ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​សមាជិកសភា បានចាត់ទុក​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​នោះ​ថា ជា​អ្នក​ចាំតែ​និយាយ​ត្រាប់​តាម​ពីក្រោយ​មន្ត្រី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តែប៉ុណ្ណោះ​។​

​លោក ជាម យៀប សមាជិកសភា​មណ្ឌល​ព្រៃវែង នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​យ៉ាងច្រើន​លើសលប់ (៥​កញ្ញា ឆ្នាំ​២០១២) បាន​មានប្រសាសន៍​ប្រតិកម្ម​តប​ទៅនឹង​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ថា លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី និង​ជា​សាស្ត្រាចារ្យ​មួយរូប ក៏បាន​ដឹង​ដែរ​ថា សហរដ្ឋអាមេរិក​នៅពេល​បច្ចុប្បន្ននេះ មិនមែនជា​ប្រទេស​ដែល​អនុវត្ត​ការគោរព​សិទ្ធិមនុស្ស​បាន​មួយរយ​ភាគរយ​ដែរ គឺ​តែងតែមាន​ការខ្វះចន្លោះ នៅ​កន្លែង​ខ្លះ​មិន​ខាន​ទេ​។​

​លោក ជាម យៀប បាន​មានប្រតិកម្ម​តប​ទៅ​ថា នៅ​ប្រទេស​កម្ពុជា សូម​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី កុំ​រាប់រាប់​ដើមឈើ​មួយ​ដើមៗ ថា​ជា​ព្រៃឈើ គឺ​មិនមែន​ទេ ត្រូវតែ​រាប់​ព្រៃ​ទាំងមូល​ផង ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ថា តើ​បញ្ហា​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​អនុវត្ត​បាន​ប៉ុណ្ណា​ហើយ​។​

​លោក​បាន​បន្តថា ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា រាជរដ្ឋាភិបាល​មិនបាន​ព្រងើយកន្តើយ​ទេ ហើយ​អរគុណ​ហើយ​ដែល​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី បាន​ជួយ​ឈឺឆ្អាល​នោះ តែ​យើងខ្ញុំ​ក៏បាន​ខិតខំ​ដែរ ធ្វើយ៉ាងណា​ឲ្យ​ការគោរព​សិទ្ធិមនុស្ស​នេះ ត្រូវបាន​ពង្រឹង​ជា​បណ្តើរៗ ទៅជា​ជំហានៗ តាម​លទ្ធភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើទៅបាន​។​

​លោក ជាម យៀប បាន​មានប្រសាសន៍​ទៀតថា ចំពោះ​ការលើកឡើង​របស់លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ដូចជា បឹងកក់ និង​បុរី​កីឡា​នោះ មិនមែន​មានតែ​រឿង​ប៉ុណ្ណឹង​ទេ គឺ​នៅ​មានរឿង​ជាច្រើន​ទៀត ដូចជា អ្នក​ចំណាកស្រុក និង​អ្នករស់នៅ​ក្រៅ​ស្រុក គ្មាន​លទ្ធភាព​ទិញ​សំបុត្រ​យន្តហោះ មក​ចូលរួម​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​បានទេ ដូច្នេះ​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ត្រូវតែ​និយាយ​ឲ្យ​មាន​តម្លាភាព ឲ្យ​បានច្បាស់លាស់ និង​ថ្លឹងថ្លែង សំយោគ វាយតម្លៃ​ឲ្យ​បាន​ច្បាស់ ចាំ​ដាក់​ចូលក្នុង​របាយការណ៍​របស់ខ្លួន​។​

​លោក ជាម យៀប បញ្ជាក់ថា “​លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី នេះ គាត់​ច្រើន​ស្តាប់​តែ​ម្ខាងៗ គឺ​ស្តាប់​តែ​គណបក្សប្រឆាំង ដែល​មិនសូវ​ត្រូវ​ជាមួយ​រាជរដ្ឋាភិបាល គេ​ប្រឆាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ បន្ទាប់បី​ស្តាប់​គណបក្សប្រឆាំង​រួច គាត់​តែងតែ​លើក​បញ្ហា​នោះមក​និយាយ​ដដែលៗ ដូចជា គ​.​ជ​.​ប​. អី​នោះ គាត់​ឈឺឆ្អាល​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ទៅទៀត​”​។​

​លោក​បាន​បន្ថែមថា “​ចំពោះ​បញ្ហា​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រទេស​ក្នុង​អាស៊ាន​ធ្វើបាន​អី យើង​ធ្វើបាន​ដូច​គេ​ដែរ មិន​ចាញ់​គេ​ទេ​”៕