Friday, September 7, 2012

គម្រោង​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​ពិភាក្សា​


ភ្នំពេញ: គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៧ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១២​។ កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ឡើង បន្ទាប់ពី​កិច្ចប្រជុំ លើក​ទី​៦ របស់​គណៈកម្មាធិការ​នេះ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១២​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប​. បាន​លើកឡើងថា ក្នុង​រយៈពេល ៨​ខែ ដើមឆ្នាំ​២០១២ មាន​សមិទ្ធផល​ជាច្រើន ដែល​សម្រេចបាន ក្នុងនោះ រួមមាន​៖ សមិទ្ធផល​ពាក់ព័ន្ធ​នឹង​ការពង្រឹង​បណ្តើរៗ នូវ​ភាពជា​ម្ចាស់ការ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លើ​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​។ ការផ្តល់​អន្តរាគមន៍ សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សា និង​អង្គភាព​រដ្ឋបាល​របស់​ថ្នាក់ក្រោម​ជាតិ ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ គ្រប់គ្រង​បុគ្គលិក​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការរៀបចំ​លិខិតបទដ្ឋាន ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ឲ្យ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ការបង្កើត​មូលនិធិ​ក្រុង ស្រុក និង​ការសិក្សា​អំពី​ជម្រើស​នានា​សម្រាប់ ការកំណត់ និង​ផ្តល់នូវ​ប្រភព ចំណូល​ផ្ទាល់​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ 

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​លើកឡើងថា គណៈកម្មាធិការ​នេះ ក៏បាន​សម្រេចបាន ដោយ​ធ្វើការ​សិក្សា ដើម្បី​កែលំអ​ប្រព័ន្ធ​កសាង​ផែនការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ការពិភាក្សា​អំពី​ជម្រើស​នានា ក្នុងការ​បង្កើត​សហគម ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ការពង្រឹង​យន្តការ​នៃ​ការបញ្ជ្រាប យែ​ន​ឌ័​រ នៅក្នុង​កិច្ចដំណើរការ​កំណែទម្រង់​។ ការកែលំអ​រចនាសម្ព័ន្ធ និង​ការប្រព្រឹត្តទៅ នៃ​លេខាធិកា​ដ្ឋា​ន គ​.​ជ​.​អ​.​ប​. ការ​កៀរគរ​ធនធាន និង​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​ការខិតខំ​សម្របសម្រួល សំដៅ​ធានា​ឲ្យ​មាន​ស្ថិរភាព រវាង​កិច្ចដំណើរការ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​តាម​វិស័យ​នានា ជាមួយនឹង​កិច្ចដំណើរការ នៃ​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើង​បន្តថា សកម្មភាព​និង​សមិទ្ធផល ដែល​សម្រេចបាន​នៅក្នុង​៨​ខែ ដើមឆ្នាំ​២០១២​នេះ គឺ​ជាវ​ឌ្ឍ​ភាព ដ៏​សំខាន់​មួយ​បន្ថែមទៀត ក្នុងការ​ជំរុញ​ឲ្យ​ដំណើរការ​កំណែទម្រង់ ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ អាច​បោះជំហាន​ទៅមុខ ស្របតាម​ទស្សនវិស័យ នៃ​គោលនយោបាយ យុទ្ធសាស្ត្រ​ស្តីពី​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ ច្បាប់រៀបចំអង្គការ និង​កម្មវិធី​ជាតិ រយៈពេល​១០​ឆ្នាំ​។ 

​លោក ស ខេង បាន​លើកឡើងថា ក្នុង​របៀបវារៈ ក្នុង​កិច្ចប្រជុំ​នេះ លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​. នឹង​រាយ​កាណ៍​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​កិច្ចដំណើរការ កំណែទម្រង់ នៅក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១២​នេះ​។​

​លោក​រដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍​បន្តថា ទន្ទឹមនឹង​ការសម្រេចបាន​នូវ​វឌ្ឍនភាព គួរ​ជាទី​ម​ទ​នៈ​នេះ ក៏​នៅមាន​បញ្ហា ប្រឈម​ជាច្រើន ដែល​ត្រូវផ្តោត​ការយកចិត្តទុកដាក់ ដោះស្រាយ ដើម្បី​ជំរុញ​ឲ្យ​កិច្ចដំណើរការ​កំណែទម្រង់ សម្រេចបាន​នូវ​គោលដៅ​រយៈពេល​វែង ដែល​បានកំណត់​នៅក្នុង​ច្បាប់រៀបចំអង្គការ និង​កម្មវិធី​ជាតិ​។ 

​លោក ស ខេង បាន​លើកឡើងថា ក្នុងនោះ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​រួមមាន ទី​១-​អំពី​កា​រៀបចំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដល់​រដ្ឋបាល​ថ្នាក់ក្រុង ស្រុក​។ ទី​២-​ការផ្ទេរ​មុខងារ និង​ធនធាន​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បានទទួល​សេច​ក្តិ​រាយ​កាណ៍​ថា មកទល់ពេលនេះ មាន​ក្រសួង​ចំនួន ៥ ដែល​ស្ថិតក្នុង​វិស័យ​អាទិភាព ពោលគឺ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យ​វ​នីតិសម្បទា​។ 

​ទន្ទឹមនឹងនោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានផ្តល់​ការលើកទឹកចិត្ត​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ផ្សេងទៀត ក្នុងការ​ផ្តោត ការយកចិត្តទុកដាក់ លើ​ការចាប់ផ្តើម និង​ជំរុញ​ដល់​ការរៀបចំ​កិច្ចដំណើរការ​ផ្ទេរ​មុខងារ និង​ធនធាន​នៅក្នុង​ក្រសួង ស្ថាប័ន របស់ខ្លួន បន្ទាប់ពី​មាន​គោលការណ៍​ណែនាំ ស្តីពី​ការរៀបចំ​បញ្ជីវិភាគ​មុខងារ​នេះ ត្រូវបាន​អនុម័ត​ដោយ​កិច្ចប្រជុំ​នាពេលនេះ​។ ទី​៣- អំពី​ការពង្រឹង​ស្ថាប័ន​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ទី​៤- អំពី​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​បុគ្គលិក រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ទី​៥- អំពី​ការកែសម្រួល​ប្រព័ន្ធ​កសាង​ផែនការ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់​បន្ថែមថា បញ្ហា​ប្រឈម ដែលជា​គន្លឹះ​មួយចំនួន​ខាងលើនេះ នឹង​អាច​ដោះស្រាយបាន​មួយផ្នែកធំ តាមរយៈ​កិច្ចប្រជុំ​លើក​ទី​៧ រយៈពេល​មួយថ្ងៃ​នេះ ដោយសារ​កិច្ចប្រជុំ​នេះ នឹង​ផ្តោតទៅលើ​របៀបវារៈ​សំខាន់ៗ​ជាអាទិ៍​៖

១- កាពិ​និត្យ និង​អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​៦ របស់ គ​.​ជ​.​អ​.​ប​.​។​
២- ការពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ​ក្រុង ស្រុក របាយការណ៍ វឌ្ឍនភាព នៃ​ការរៀបចំ​លិខិតបទដ្ឋាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​មូលនិធិ​ក្រុង ស្រុក និង​របាយការណ៍ ស្តីពី​ការវិភាជន៍​មូលនិធិ​ក្រុង ស្រុក សម្រាប់​ឆ្នាំ​២០១៣​។​
៣- ការពិភាក្សា និង​អនុម័ត លើ​សេចក្តីណែនាំ​ស្តីពី​ការរៀបចំ​បញ្ជីវិភាគ មុខងារ របស់​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព​នានា និង​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​។​
៤- របាយការណ៍​ប្រចាំឆមាស​ទី​១ ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា របស់ គ​.​ជ​.​អ​.​ប​. ឆ្នាំ​២០១២​។​
៥- បញ្ហា​ផ្សេងៗ ដែល​ក្នុងនោះ រួមមាន​ការងារ​បញ្ជ្រាប​យែ​ន​ឌ័​រ និង​ការលើកកម្ពស់​ភាព​អង់អាច​របស់​ស្ត្រី​៕