Friday, September 7, 2012

លោក​ សួន​ ឈាង​លី​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​និង​ជំរុញ​ការងារ​​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ទី​៣​នៅ​ស្នងការដ្ឋាន​នរ​គ​បាល​ខេត្តកំពង់ចាម​

ដោយ​ ៖ វណ្ណៈ 
​ខេត្តកំពង់ចាម ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ មាន​រៀបចំ​ការ​ប្រជុំ​ត្រួតពិនិត្យ​ និង​ជំរុញ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ទី​៣​ ក្រោម​អធិបតីភាព​លោក​ សួន​ ឈាង​លី​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​,​ លោកឧត្តមសេនីយ៍ទោ​ ហុ​ក​ ធី​ន​ អនុប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ជា​អនុប្រធាន​ក្រុមការងារ​ទី​២​ ទទួលខុសត្រូវ​ដឹកនាំ​ត្រួតពិនិត្យ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​, លោក​ឧត្តមសេនីយ៍ត្រី​ ឆាយ​ គឹ​មសុ​ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ និង​ស្នងការ​រង​ជា​ច្រើន​រូប​ទៀត​ ។​​ ចូលរួម​ក្នុង​កម្មវិធី​នេះ​ មាន​លោក​អធិការ​ អធិការរង​ទាំង​១៧​ស្រុក​ ក្រុង​ ដែល​ជា​អ្នកដឹកនាំ​ត្រួតពិនិត្យ​ក្នុង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​រៀងខ្លួន​ ។​
យោង​តាម​ផែនការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ដាក់​ឱ្យ​ខេត្តកំពង់ចាម​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ប្រជាពលរដ្ឋ​ ចំនួន​ ២៤៧.២៤៨​នាក់​សម្រាប់ឆ្នាំ​២០១២​ ហើយ​ផែនការ​ជាក់ស្តែង​​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០១២​នេះ​បាន​ចំនួន​ ១៥៨.៣៧៥​នាក់​ ។​
មាន​ប្រសាសន៍​ស្វាគមន៍​គណៈ​អ​ធិ​តី​ក្នុង​ឱកាស​នោះ​ លោក​ឧត្តមសេនីយ៍ត្រី​ ឆាយ​ គឹ​មសុ​ន​ ក៏​បាន​មាន​ផ្តាំផ្ញើ​​​ ​ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ដែល​ចុះ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រម​សីល​ធ​ម៌​ វិន័យ​ថ្លៃ​ថ្នូរ​​ ​ឱ្យ​ស័ក្តិ​សមជា​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៌​ ជាទី​ពឹង​ពុំនាក់​របស់​ប្រជាពលរដ្ឋ​ ។​ លោក​ស្នងការ​បាន​មាន​ប្រសាសន៍​ស​ង្គ​ត់​ធ្ងន់​ថា​​ រាល់​មន្ត្រី​នគរបាល​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដែល​ចុះ​ទៅ​១៧​ស្រុក​ ក្រុង​ សូម​រាល់​ការ​និយាយ​ស្តី​ត្រូវ​មាន​ក្រម​សីល​ធ​ម៌ខ្ជាប់ខ្ជួន ​ត្រូវ​យកចិត្តទុកដាក់​សកម្ម​និង​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​អស់ពី​ទឹកចិត្ត​ ។​
​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ សួន​ ឈាង​លី​ ក៏​បាន​មាន​ប្រសាសន៍​ស​ង្កត់​ធ្ងន់​ទៅ​លើ​ផែនការ​លេខ​ ១​ គឺ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​រស់នៅ​តាម​ដង​ទន្លេ​ និង​ក្បែរ​តំបន់​ដែល​មាន​ទឹកជំនន់​ឡើង​ ត្រូវធ្វើ​ឱ្យ​ពួក​គាត់​បាន​មុនគេ​ ​ប្រការ​ខ្លាចក្រែង​ពួក​គាត់​ជួប​ ហានិភ័យ​ដោយ​គ្រោះ​ធម្មជាតិ​នេះ​ ។​ លោក​ សួន​ ឈាង​លី​ ក៏​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ចាម​​ ដែល​បាន​ផ្តល់​ថវិកាដល់​មន្ត្រី​នគរបាល​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​តាម​ស្រុក​ ក្រុង ​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល​ ក្នុង​ម្នាក់​២០.០០០​រៀល​ក្នុង​១​ថ្ងៃ​ ។​ លោក​ក៏​បាន​សំណូមពរ​ដល់​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​អត់​ធ្មត់​​ ទ្រាំ​ការ​លំបាក​ក្នុង​ភារកិច្ច​របស់​ខ្លួន​ ។​ លោក​បន្ត​ថា ​ការ​លំបាក​ថ្ងៃនេះ​មិន​អាច​ប្រៀប​ទៅ​នឹង​ឆ្នាំ​១៩៧៩​នោះ​ទេ ​ហើយ​យើង​មាន​ថ្ងៃនេះ​ក៏​ដោយសារ​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​នៃ​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​ទាំង​៣ ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ និង​សូម​សំណូមពរ​ឱ្យ​បងប្អូន​មន្ត្រី​នគរបាលធ្វើ​អត្តសញ្ញាណប័ណ្ណ​ទាំ​ងអស់​​ ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ទី​៣​នេះ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​សម្រេច​ជោគជ័យ​ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ដាក់​ជូន​ ៕