Friday, September 7, 2012

លោក ជា មុនី​៖ រូបសំណាក ជា វិជ្ជា មិន​ដាក់ នៅ​ជិត​វត្ត​លង្ការ​ទេ​

ភ្នំពេញ: រូបសំណាក​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ពី​ថ្មភក់ ពណ៌​ខៀវ ត្រូវបាន​ឆ្លាក់​បាន ៥០ ភាគរយ​ហើយ តែ​មិនមែនដាក់​តាំង​នៅ​សួនច្បារ ជិត​វត្ត​លង្ការ​ទេ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២​។​
​    ​
​លោក ជា មុនី ដែល​ជា​ប្អូនប្រុស​ ស្នង​តំណែង​មេ​សហជីពបន្ត​ពី​លោក​ ជា​ វិជ្ជា បានឲ្យ​ដឹងថា "​រូបសំណាក​លោក ជា វិជ្ជា ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​អនុញ្ញាតឲ្យ​សាងសង់ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១​។ ជាទូទៅ យើង​ត្រូវ​ទទួល​យក​សេចក្តីជូនដំណឹង និង​ចំណារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​"​។ 

​លោក ជា មុនី បាន​បញ្ជាក់​ថា "​​រូបសំណាក​នេះ វា​មាន​លក្ខណៈ​ស្មុគស្មាញ​។ យើង​មិន​ចង់​ធ្វើ​ព័ត៌មាន​លម្អិត ហើយ​អត់​មាន​ដាក់​នៅ​វត្ត​លង្ការ​ទេ​"​។​
​    ​
​សូមជម្រាបថា រូបសំណាក​លោក ជា វិជ្ជា ត្រូវ​បាន​ជួល​ជាងឲ្យ​ឆ្លាក់ តាំងពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១២ នៅ​កន្លែង​ឆ្លាក់​រចនា​បន្ទាយស្រី​២ ស្ថិតក្នុង​ខេត្ត​សៀមរាប​។ រូបសំណាក​នេះ ធ្វើ​ពី​ប្រភេទ​ថ្មភក់ ពណ៌​ខៀវ យក​មក​ពី​ភ្នំ​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដោយ​មាន​ជើង​ទម្រ​មួយ​ម៉ែត្រ និង​កម្ពស់ ១,៦៨​ ម៉ែត្រ នឹង​អាច​ឆ្លាក់​រួចរាល់នៅ​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០១២​។ 

​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ឃាតក​បាញ់​សម្លាប់ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ខណៈពេលដែល​លោក​កំពុងតែ​អាន​កាសែត នៅ​តូប​លក់​កាសែត ​ក្បែរ​របង​វត្ត​លង្ការ​។​

​ក្នុង​សំណើ​របស់​លោក​ ជា​ មុនី ជូន​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន គឺ​បាន​ស្នើសុំ​សម្តេច អនុញ្ញាតផ្ដល់នូវទីតាំងសមរម្យមួយកន្លែងទំហំប្រមាណ ១ម៉ែត្រក្រឡា ឋិតនៅពយសួនច្បារខាងលិចវិមានឯករាជ្យ ខាងជើងវត្តលង្ការ សម្រាប់សាងសង់រូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរម្លឹកវិញ្ញាណក្ខន្ធ និងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោក។ សំណើ​នោះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ​ចារ​ព្រមព្រៀង កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១ ហើយ​សម្តេច​បាន​បញ្ជា​ឲ្យ​លោក​ កែប ​ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ប្រជុំ​ពិភាក្សា​ជាមួយ​លោក​ ជា​ មុនី ដើម្បី​រៀបចំ​ការសាងសង់​រូបសំណាក​លោក​ ជា ​វិជ្ជា​។​

​ក្នុង​ដំណើ​ការប្រជុំរៀបចំ​សាងសង់​រូបសំណាក​លោក​ ជា ​វិជ្ជា ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​ចុង​ក្រោយ​នេះ មាន​សេចក្តីសម្រេច​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ថែម​ទៀត​៕​