Friday, September 7, 2012

អង្គជំនុំជម្រះ​តុលាការ​កំពូល របស់​ខ្មែរក្រហម សម្រេច​ចាត់​ចំណាត់​ប្រភេទ​ឡើងវិញ នូវ​ឯកសារ​សម្ងាត់ ចំនួន ១.៧០០ ច្បាប់​

ភ្នំពេញ: អង្គជំនុំជម្រះ​តុលាការ​កំពូល របស់​តុលាការ​ខ្មែរក្រហម បានបញ្ចប់​ការពិនិត្យ​ឡើងវិញ ទៅលើ​ចំណាត់​ប្រភេទ នៃ​ឯកសារ​ជាង ១២.០០០ ដែលជា​ប្រភេទ​ឯកសារ​សម្ងាត់ និង​សម្ងាត់​បំផុត​មួយចំនួនទៀត ក្នុង​សំណុំរឿង ០០១​។ ក្នុងនោះ អង្គជំនុំជម្រះ​បានធ្វើ​ចំណាត់​ប្រភេទ​ឯកសារ​សរុប​ចំនួន ១.៧៤៩ ថា​ជា​ឯកសារ​សាធារណៈ​។ 

​សេចក្តីប្រកាស​របស់​តុលាការ​ខ្មែរក្រហម នៅ​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១២ បង្ហាញថា ឯកសារ​ទាំងនេះ មាន​ជាអាទិ៍ ឯកសារ​ក្នុងអំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​រួមមាន “​ចម្លើយសារភាព​” និង​ជីវប្រវត្តិ​របស់​ជនរ​ង​គ្រោះ​, ចម្លើយ​សាក្សី​, ប្រតិ​ចារឹក នៃ​សវនាការ​អសាធារណៈ (in camra) និង​ដីកា​ចាត់​ឲ្យ​ស៊ើបសួរ​ជំនួស​។​

​សេចក្តី​ប្រការ​ព័ត៌មាន បាន​លើកឡើងថា ដំណើរការ​នៃ​ការធ្វើ​ចំណាត់​ប្រភេទ​ឯកសារ​ឡើងវិញ​នេះ ត្រូវបាន​អនុវត្ត​ដោយមាន​ការពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ ជាមួយនឹង​ការិយាល័យ​និង​អង្គភាព​នានា​របស់ អ​.​វ​.​ត​.​ក​. និង​ជាពិសេស​ដោយមាន​ការរួម​ចំណែក​ពី​អង្គ​បុ​រ​ជំនុំជម្រះ និង​អង្គ​ជំនុំ​ជ្រះ​សាលាដំបូង ការិយាល័យ​សហ​ព្រះរាជអាជ្ញា អង្គភាព​គាំពារ​ជនរងគ្រោះ អង្គភាព​គាំពារ​សាក្សី​និង​អ្នកជំនាញ និង​ផ្នែក​គ្រប់គ្រង​តុលាការ​។​
 
​សេចក្តីប្រកាស បាន​លើកឡើងថា អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​ព្យាយាម​រក្សា​តុល្យភាព​រវាង​លក្ខខណ្ឌ​តម្លាភាព​ចេញពី​គោលការណ៍​ជា​សារវន្ត​ដែល​គ្រប់គ្រង​កិច្ចដំណើរការ​នីតិវិធី​នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​. និង​តម្រូវការ​ក្នុងការ​រក្សា​ការសម្ងាត់ ដើម្បី​ការពារ​ភាព​ឯកជន​របស់​ជនរងគ្រោះ និង​សាក្សី និង​តម្រូវការ​ក្នុងការ​រក្សា​សុចរិត​ភាព​នៃ​កិច្ចដំណើរការ​នីតិវិធី ដែល​កំពុង​អនុវត្ត​។​

​សេចក្តីប្រកាស​ដដែល បាន​បន្តទៀតថា អាស្រ័យហេតុនេះ អង្គជំនុំជម្រះ​យល់ឃើញថា ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​ឯកសារ​ទាក់ទង​នឹង​កិច្ចដំណើរការ​នីតិវិធី នៅ​ចំពោះមុខ​តុលាការ​នេះ ស្របតាម​អាណត្តិ​របស់ អ​.​វ​.​ត​.​ក​. ដែល​រួមចំណែក​ដល់​ការផ្សះផ្សា​ជាតិ និង​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​នាពេល​បច្ចុប្បន្ន ក្នុងការ​ស្វែងរក​ការពិត​ក្នុង​ប្រវត្តិសាស្ត្រ​។ 

​អង្គជំនុំជម្រះ​សង្ឃឹមថា ការណ៍​ដែល​សាធារណជន​ទូទៅ អ្នកស្រាវជ្រាវ និង​អ្នកសារព័ត៌មាន មានលទ្ធភាព​ច្រើន ក្នុង​ការចូលទៅ​ប្រើប្រាស់​ឯកសារ​ក្នុង​សំណុំរឿង នឹង​ជួយ​លើកកម្ពស់​ការពិភាក្សា​ជា​សាធារណៈ និង​ដោយ​ស្មោះត្រង់​អំពី​សោក​នា​កម្ម​នៅ​ប្រទេស​កម្ពុជា​ក្នុង​អតីតកាល ដោយ​ផ្អែកទៅលើ​ភ័ស្តុ​តា​ច្បាស់លាស់ ដើម្បី​ជួយ​កាត់បន្ថយ​ជា​អតិបរមា ចំពោះ​ការមិនទទួលស្គាល់​ការ​បំភ្លៃ​អង្គហេតុ និង​ការបង្ហាញ​ការពិត​តែមួយ​ផ្នែក​ណា​នោះ​។​

​សេចក្តីប្រកាស បានបង្ហាញ​ទៀតថា ឯកសារ​ចំនួន ៣ ភាគ​៤ ទៀត នៃ​ឯកសារ ១២.០០០ នេះ ត្រូវបាន​ចាត់ថ្នាក់​ក្នុង​សំណុំរឿង​០០២ សំណុំរឿង​០០៣ និង​សំណុំរឿង​០០៤​។ ដូច្នេះ​ឯកសារ​ទាំងនោះ នឹងត្រូវ​ពិនិត្យ​ចាត់​តំ​ណាត់​ប្រភេទ​ឡើងវិញ នៅពេលដែល​កិច្ចដំណើរការ​នីតិវិធី​ពាក់ព័ន្ធ​នឹង​ឯកសារ​ទាំងនោះ បាន​ចប់សព្វគ្រប់​។ អង្គជំនុំជម្រះ​តុលារ​កំពូល បានស្នើ​អង្គភាព​បណ្ណសារ​ឲ្យ​អនុវត្ត​សេចក្តីសម្រេច​នេះ និង​ដាក់​បញ្ជី​ឯកសារ ដែល​ត្រូវបាន​កំណត់ថា ជា​ឯកសារ​សាធារណៈ​ទៅក្នុង​សំណុំរឿង​៕​