Friday, September 7, 2012

សមាជិកសភា​ថា គ្មាន​អ្នកណារារាំង​លោកសមរង្ស៊ី មិនឲ្យ​ចូល​ស្រុក

ភ្នំពេញ: នៅពេលនេះ លោក សម រង្ស៊ី មេ​ដឹកនាំគណបក្សប្រឆាំង ដែល​និរទេស​នៅ​ក្រៅ​ប្រទេស មិន​អាច​វិល​​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រឡូក​ក្នុង​នយោបាយ​ ដោយផ្ទាល់​ឡើងវិញ បាន​ឡើយ​។ ក៏​ប៉ុន្តែ​លោក ជាម យៀប សមាជិកសភា មកពី​គណបក្ស​ប្រជាជន​​កម្ពុជា ដែលកំពុង​ដឹកនាំ​រាជរដ្ឋាភិបាល បាន​លើកឡើង​ថា នៅ​កម្ពុជា គ្មាន​អ្នក​ណា រារាំង​លោកសមរង្ស៊ី មិនឲ្យ​ចូល​ស្រុកទេ​។​

លោក ជាម យៀប ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងនាម​លោក​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា លោក​បាន​តាមដាន​រឿង​លោក​សម​រង្ស៊ី ហើយ​ឃើញ​ថា អត់​មាន​អ្នកណា​លើកឡើង ឬ​ដេញ​ចោល ឬ​រារាំង​ទៅ​នឹង​ការ​ចូល​ស្រុក​របស់​លោក​សម​រង្ស៊ី​ទេ​។​

​លោក ជាម យៀប បានបញ្ជាក់​ថា "​គ្មាន​អ្នកណា ឃាត់ឃាំង​អី​គាត់​ទេ​។ គាត់​ចូល​មក​។ ប៉ុន្តែ​គាត់​ចូលមក គាត់​ត្រូវ​គោរព​អនុវត្ត អ្វី​ដែល​ជា​សាលដីកា និង​សាលក្រម​របស់​តុលាការ ដែល​ជា​ច្បាប់​"​។​

​ចំពោះ​ករណី​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ កំបាំង​មុខ​ លោក​សម​រង្ស៊ី ត្រូវបាន​លោក ជាម យៀប បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា ករណី​លោក​សម​រង្ស៊ី មិនមែន ជា​រឿង​នយោបាយ​ទេ​។ ការងារ​នេះ ជា​ការងារ​បច្ចេកទេស​របស់​តុលាការ​។​

​លោក​ ជាម​ យៀប បានបញ្ជាក់​ថា "​អ៊‌ីចឹង​ទេ សុំ​ឲ្យ​គាត់​ចូល​មក​។ គ្មាន​អ្នកណា​ទៅ​ឃាត់ឃាំង​អី​ទេ គឺ​នរណា​ក៏​គ្មាន​សិទ្ធិ​ទៅ​ឃាត់ឃាំង​លោក​ សម​ រង្ស៊ី មិន​ឲ្យ​គាត់ចូលមក​ប្រទេស​កម្ពុជា​នោះទេ​។ តែ​បន្ទាប់​ពី​គាត់​មក​ដល់ គាត់ ​(​សម រង្ស៊ី​) ត្រូវតែ​គោរព​តាម​អំណាច​សាលដីកា ​ឲ្យបាន​ចប់​ជា​មុន​សិន តែ​ប៉ុណ្ណឹង​ទេ​"​។​

​ការលើក​បញ្ជាក់​ជា​ថ្មី​របស់​លោក​ ជាម​ យៀប ខាងលើនេះ បាន​ធ្វើឡើង ចំ​ពេល​ដែល​ខុទ្ទកាល័យ​គណបក្ស​សមរង្ស៊ី បាន​ផ្សព្វផ្សាយ​ថា លោក​សម​រង្ស៊ី គ្រោង​នឹង​ចូលរួម​វេទិកា​របស់​ក្រុមប្រឹក្សា​អ្នក​ប្រជាធិបតេយ្យ​សេរី​អាស៊ី ហៅ​កាត់​ថា CALD នៅ​ប្រទេស​ហ្វីលីពីន នៅ​សប្ដាហ៍​ក្រោយ​។ លោក សម រង្ស៊ី នឹង​ថ្លែង​អំពី​បរិយាកាស​នយោបាយ នៅ​កម្ពុជា ហើយ​នៅពេល​នោះ លោក​នឹង​ជួប​សន្ទនារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​ហ្វីលីពីន​។​

​យ៉ាងណាក៏ដោយ លោកស្រី មូរ សុខ​ហួរ ប្រធាន​លេខាធិការដ្ឋាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ថា ការស្វែងរក​កិច្ច​ជួយ​អន្តរា​គម​ន៏​របស់លោក សម រង្ស៊ី ពី​សំណាក់​មេដឹកនាំ​ធំៗ នៅ​ក្រៅ​ប្រទេស​នោះ បាន​ទទួល​លទ្ធផល​ជា​បណ្តើរៗ​ហើយ ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​លោក​សម​រង្ស៊ី ចូល​មក​កាន់​ប្រទេស ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣ ខាងមុខនេះ​៕​