Friday, September 7, 2012

លោកស្រី មូរ សុខ​ហួរ ស្នើសុំ​សាលាឧទ្ធរណ៍ ចេញ​សេចក្តីសម្រេច ដើម្បី​ទទួល​អភ័យឯកសិទ្ធិ​សភា​ឡើងវិញ​

ភ្នំពេញ: ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២ លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត នៃ​គណបក្ស​សមរង្ស៊ី បាន​ដាក់​លិខិត​ជូន​ប្រធាន​សាលាឧទ្ធរណ៍ ដើម្បី​សាលដីកា​ស្ថាពរ​ចុងក្រោយ​។ នេះ​តាម​ការបញ្ជាក់​របស់​ជំនួយការ​លោក​ស្រី មូរ សុខ​ហួរ បាន​ប្រាប់ឲ្យដឹង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​អ្នកជំនាញ​ច្បាប់ បាន​អះអាង​ថា តាម​នីតិវិធី បន្ទាប់​ពី​លោកស្រី មូរ សុខ​ហួរ បាន​ទទួល​ដីកា​ស្ថាពរ ពី​សាលាឧទ្ធរណ៍​ហើយ​នោះ គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ត្រូវបំពេញ​នីតិវិធី​យោង​តាម​ដីកា​ស្ថាពរ ដែល​លោកស្រី មូរ សុខ​ហួរ បាន​បំពេញ ដោយ​សាលា​ឧទ្ធរណ៍ ត្រូវ​ចេញ​ដីកា​ស្ថាពរ​ចុងក្រោយ ហើយ​ជម្រាបជូន​សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​ឲ្យ​រដ្ឋសភា​ប្រគល់​នីតិសម្បទា អភ័យឯកសិទ្ធិ​សមាជិក​សភាពេញ​លេញ ជូន​លោក​ស្រី មូរ សុខ​ហួរ វិញ​។​

​លោកស្រី មូរ សុខ​ហួរ ត្រូវបាន​រដ្ឋសភា​ព្យួរ​អភ័យឯកសិទ្ធិសភា បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​​រឿង​បរិហារកេរ្តិ៍ ដែល​ប្តឹង​ដោយ​សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន កាលពី​ឆ្នាំ​២០០៩​។ ក្នុង​រឿង​ក្តី​នោះ លោកស្រី មូរ សុខ​ហួរ បាន​ចាញ់ក្តី ហើយ​ត្រូវ​តុលាការ​ពិន័យ​ជា​ប្រាក់​សរុប ១៦,៥ លាន​រៀល​។ 

​ទោះបីជា​លោក​ស្រី មូរ សុខ​ហួរ មិន​យល់ព្រម​បង់​ប្រាក់​ពិន័យ​នោះ​មែន ប៉ុន្តែ​ខាង​តុលាការ​បាន​កាត់​យក​ប្រាក់​ខែ​សមាជិក​សភា​របស់​លោក​ស្រី កាលពីដើមឆ្នាំ​២០១១​។ ប៉ុន្តែ​រដ្ឋសភា មកដល់ពេលនេះ មិនទាន់​បាន​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា ដល់​លោក​ស្រី​ឡើយ ព្រោះ​សំអាងថា នីតិវិធី​មិនទាន់​រួចរាល់​ពី​ខាង​តុលាការ​៕​