Friday, September 7, 2012

លោក​ គី​ម​ ប៊ុ​ន​ថា​ន​ ចុះ​សំណេះសំណាល​ជាមួយ​ក្រុម​ពង្រឹង​​មូលដ្ឋាន​ឃុំ​អំពិល​ស្រុក​បន្ទាយ​អំពិល​ខេត្តឧត្តរមានជ័យ​

​ខេត្តឧត្តរមានជ័យ​ ៖​ លោក​ គី​ម​ ប៊ុ​ន​ថា​ន​ អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តឧត្តរមានជ័យ​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​បន្ទាយ​អំពិល​ រួម​ដំណើរ​ដោយ​លោក​ ច័ន្ទ​ លំ​ផាត់​ សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តឧត្តរមានជ័យ​ និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​បន្ទាយ​អំពិល​ ព្រមទាំង​អស់លោក​ក្នុង​ជួរ​គណៈ​ពង្រឹង​ស្រុក​ជា​ច្រើន​រូប​ នា​ព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ពង្រឹង​មូលដ្ឋាន​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ​ ។​
​ស្ថិត​ក្នុង​ឱកាស​នោះ​លោក​ ខ្លូត​ អ៊ី​វ​ មេឃុំ​អំពិល​បាន​ឲ្យ​ដឹង​ថា​ ឃុំ​អំពិល​មាន​ភូមិ​ចំនួន​២៧​ភូមិ​និង​ ប្រជាជន​សរុប​ ៣.៣៩៦​គ្រួសារ​ ស្មើនឹង​ ១៣.៤០៤​នាក់​(​ស្រី​ ៦.៧១៤​នាក់​)​  ក្នុង​នោះ​អ្នក​ដែល​មាន​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​មាន​ចំនួន​ ៨.២៨៥​នាក់​ (​ស្រី​ ៤.២១៥​ )​ ។​
​លោក​មេឃុំ​អំពិល​ក៏​បាន​បញ្ជាក់​បន្ថែម​ពី​ភាព​ងាយស្រួល​ និង​ការ​លំបាក​ ព្រមទាំង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​រយៈ​ ពេល​កន្លង​មក​  ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តាម​សេចក្តីជូនដំណឹង​របស់​គណៈ​ កម្ម​ការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​ ដើម្បី​ត្រៀមលក្ខណៈ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​ ខាង​មុខ​ ។​
​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក​ គី​ម​ ប៊ុ​ន​ថា​ន​ បាន​ កោតសរសើរ​ចំពោះ​ក្រុមការងារ​គណបក្ស​មូលដ្ឋាន​ឃុំ​អំពិល​ ជា​ពិសេស​ក្រុមការងារ​យុវជន​ភូមិ​ដែល​ជា​និច្ចកាល​បាន​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ផ្តល់​ព័ត៌មាន​មក​ថ្នាក់លើ​ ដើម្បី​ដោះស្រាយ​បាន​ទាន់​ពេលវេលា​នូវ​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ ជាក់ស្តែង​ធ្វើ​ឲ្យ​លទ្ធផល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ នៅ​ពេល​ថ្មី​នេះ​ ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​មោទនភាព​ ។​
​បន្ទាប់​មក​លោក​ គី​ម​ ប៊ុ​ន​ថា​ន​ ក៏​បាន​អញ្ជើញ​មេ​ភូមិ​នីមួយៗ​ឡើង​រាយការណ៍​ពី​ចំណុចខ្លាំង​ និង​ចំណុចខ្សោយ​  ហើយ​ ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​នូវ​ចំណុច​អវិជ្ជមាន​ដែល​ក្រុមការងារ​គណបក្ស​មូលដ្ឋាន​បាន​អនុវត្តន៍​កន្លង​មក​ ដើម្បី​ធ្វើការ​ដក​ពិសោធន៍​សម្រាប់​ ត្រៀមលក្ខណៈ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​ត​កាល​ទី​៥​ឆ្នាំ​២០១៣​ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បន្ថែម​ទៀត​។​
​លោក​ គី​ម​ ប៊ុ​ន​ថា​ន​ បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ឃុំ​បន្ត​គ្រប់គ្រង​សមាជិក​គណបក្ស​របស់​ខ្លួន​ដោយ​ធានា​ទាំង​បរិមាណ​ និង​ គុណភាព​ ធ្វើ​យ៉ាងណា​ឲ្យ​សំឡេង​គាំទ្រ​មានការ​កើនឡើង​នៅ​ក្នុង​ឃុំ​ ជា​ពិសេស​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ និង​មាន​ឯកសារ​ សម្រាប់​ទៅ​បោះ​ឆ្នោត​ ហើយ​បន្ត​ពង្រឹង​តួនាទី​យុវជន​នៅ​តាម​ភូមិ​នីមួយៗ​ផង​ដែរ​ ៕