Friday, September 7, 2012

លោកស្រី មូរ សុខ​ហួរ ស្នើសុំ​អភ័យឯកសិទ្ធិសភា ពី​សាលាឧទ្ធរណ៍​

ភ្នំពេញ: ​សមាជិកសភា​គណបក្ស​សមរង្ស៊ី នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១២ នឹងដាក់​លិខិតតវ៉ា​ជាថ្មីទៀត ជូនទៅ​អគ្គ​មហាអយ្យការអម​សាលាឧទ្ធរណ៍ ដើម្បី​ស្នើសុំ​អភ័យឯកសិទ្ធិ​សមាជិកសភា​របស់លោក​ស្រី ត្រឡប់មកវិញ​។ ការស្នើសុំ​នេះ ធ្វើឡើងបន្ទាប់ពី​លោកស្រី បាន​បំពេញ​កាតព្វកិច្ច​ចប់សព្វគ្រប់ តាម​ដីកាបង្គាប់​របស់​តុលាការ ហើយ​តុលាការ​សាលាឧទ្ធរណ៍ ក៏បាន​សម្រេច​កាលពី​ខែ​មុនថា​ យល់ព្រម​ផ្តល់​អភ័យឯកសិទ្ធិសភាជូន​លោកស្រី​ផងដែរ​។​

​លោកស្រី មូរ សុខ​ហួរ សមាជិកសភា​មណ្ឌល​កំពត របស់​គណបក្ស​សមរ​ង្ស៊ី និង​ជា​ប្រធាន​លេខាធិការដ្ឋាន ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​មានឲ្យ​ដឹងនៅថ្ងៃទី​៥ ខែកញ្ញា ថា លោកស្រីកំពុងតែ​ធ្វើលិខិត ហើយ​យកទៅដាក់​នៅ​សាលាឧទ្ធរណ៍ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១២​។ ​បន្ទាប់ពី​បានទទួល​លិខិត​នោះ​ហើយ ទើប​គេ​ចេញ​សាលក្រម​ចុងក្រោយ និង​ប្រគល់​អភ័យឯកសិទ្ធិសភា​ព​ពេញលេញ ជូន​លោកស្រីធ្វើជា​អ្នកតំណាងរាស្ត្រ​។​

​លោកស្រី មូរ សុខ​ហួរ បាន​មានប្រសាសន៍​បញ្ជាក់ថា "​គេ​បាន​ប្រាប់​ខ្ញុំ​ហើយ​ថា ដីកា​សាលក្រម​នោះ ចៅក្រម​គេ​មាន​ហើយ នៅ​តុលាការ គឺ​ចាំតែ​ខ្ញុំ​សរសេរ​លិខិត​ទៅ​ទេ​។ ដូច្នេះ​ខ្ញុំ​នឹង​បញ្ជូន​លិខិត​នោះ​ទៅ​"​។ 

​លោកស្រី មូរ សុខ​ហួរ បានបញ្ជាក់​បន្ថែមថា "​យុត្តិធម៌ លុះត្រា​តែមាន​ការធានា​នូវ​អ្វីដែលជា​ច្បាប់ និង​អ្វី​ដែលជា​រដ្ឋធម្មនុញ្ញ​។ ខ្ញុំ​បំពេញ​តួនាទី​ខ្ញុំ ជា​អ្នកតំណាងរាស្ត្រ​។ ខ្ញុំ​ទទួលរង​គ្រោះ​នូវ​ការចោទប្រកាន់ និង​រងគ្រោះដោយ​ការ​កាត់សេចក្តី​មិន​យុត្តិធម៌ និង​មានការ​គំរាមមិន​ឲ្យ​មាន​មេធាវីជួយ​ការពារ​ក្តី​ខ្ញុំ​ទេ នៅ​ចំពោះមុខ​តុលាការ​។ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​មាន​ប្រព័ន្ធយុត្តិធម៌ សម្រាប់​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា ហើយ​លើសពីនេះ​ទៀត ខ្ញុំ​ចង់​ឲ្យ​ស្ថាប័ន​កំពូល គឺ​សភាជាតិ ដែល​ចេះ​ការពារ​សមាជិក​របស់​ខ្លួន​។ ដូច្នេះ​បើ​និយាយ​អំពី​យុត្តិធម៌ ត្រូវតែមាន​ស្ថាប័ន​យុត្តិធម៌​មួយ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ទាំង ១៥ ​លាន​នាក់​"​។​

​ដោយឡែក​ លោក ជាម យៀប សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​មានប្រសាសន៍​បញ្ជាក់ នៅ​ថ្ងៃទី​៥ ខែកញ្ញា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​មិនទាន់​បានទទួល​បញ្ហា​នេះ​ទេ គឺ​នៅលើ​ក្រសួងយុត្តិធម៌ ឬក៏​ព្រះរាជអាជ្ញា ដែល​កាន់​រឿងក្តី​គាត់ (​លោកស្រី មូរ សុខ​ហួរ) ស្នើសុំ​មក​សម្តេច​ប្រធានសភា ប្រគល់​អភ័យឯកសិទ្ធិ​ជូន​គាត់​វិញ ទើប​គាត់​មាន​នីតិសម្បទា បន្ទាប់ពី​គាត់​បាន​អនុវត្តតាម​សាលក្រម​កន្លងមក​។​

​សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រមកាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១០ សម្រេច​ឲ្យ​លោកស្រី មូរ សុខ​ហួរ ចាញ់ក្តី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ត្រូវ​បង់ប្រាក់​សរុប​ចំនួន ១៦,៥ លាន​រៀល​។ ក្នុងនោះ ៨​ លាន​រៀល ជា​ប្រាក់​សងជំងឺចិត្ត​ទៅ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី និង​ ៨,៥​ លាន​រៀល​ទៀត ជា​ប្រាក់​ពិន័យ​បង់​ចូល​រដ្ឋ​។ តែ​លោកស្រី មូរ សុខ​ហួរ មិន​ព្រម​បង់ប្រាក់​ទាំងនោះ រហូតដល់​តុលាការ​ជ្រើស​យក​វិធី​កាត់​ប្រាក់ខែ​រដ្ឋសភា​របស់លោក​ស្រី​។​

​លោកស្រី មូរ សុខ​ហួរ ក៏បាន​ប្តឹង​ឧទ្ធរណ៍ ហើយ​នៅ​តុលាការ​ឧទ្ធរណ៍ និង​តុលាការ​កំពូល បាន​រក្សា​ការសម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ពោលគឺ​សម្រេច​ថា លោកស្រី មូរ សុខ​ហួរ ចាញ់ក្តី​សម្តេច ​ហ៊ុន សែន ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​