Friday, September 7, 2012

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មិនទាន់​ចុះហត្ថលេខា លើ​លិខិត​បណ្ដេញ​ជនជាតិ​ស៊ុយអែតទេ​

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​ណាមួយ ពី​ប៉ូលិស​ក្រោម​ឱវាទ​របស់​លោក ដើម្បី​ស៊ី​ញេសម្រេច​បណ្ដេញចេញ​ពី​កម្ពុជា ​នូវ​យុវជន​ជនជាតិ​ស៊ុយ​អែត​ម្នាក់ ដែល​ជាប់​ទោស​ក្នុង​រឿង​គេហទំព័រ នៅ​ប្រទេស​ស៊ុយ​អែត នៅឡើយ​ទេ​។​

​នៅក្រៅ​កិច្ចប្រជុំ​លើក​ទី​៧ របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍតាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប​. នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍​ទៅកាន់​អ្នកកាសែត​ថា "​ឯកសារមិនទាន់​បាន​មកដល់​ដៃ​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ធ្វើ​តាម​ច្បាប់​។ អា​ហ្នឹង​វា​អត់​ប្រព្រឹត្ត​បទល្មើស​នៅ​យើង​ទេ​។ ប្រព្រឹត្ត​បទល្មើស​នៅ​ស៊ុយអែត​ឯណោះ​"​។​

​សូម​រម្លឹកថា ប៉ូលិស​កម្ពុជាបាន​ចាប់ខ្លួន​ជនជាតិ​ស៊ុយ​អែត​ម្នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ តាម​សំណើ​របស់​រដ្ឋាភិបាល​ស៊ុយ​អែត​។ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ថា នឹង​បញ្ជូន​ជនជាតិ​ស៊ុយ​អែតឈ្មោះ Gottfrid Svartholm Warg អាយុ ២៧​ឆ្នាំ ចេញពី​កម្ពុជា​។ 

​ជនជាតិ​ស៊ុយ​អែត​នោះ ជា​សហ​ស្ថាបនិក​គេហទំព័រ The Pirate Bay ដែល​ត្រូវបាន​តុលាការ​ស៊ុយ​អែតកាត់ទោស​ឲ្យជាប់​ពន្ធនាគារ​មួយ​ឆ្នាំ ក្រោម​បទ​ចោទ ​រំលោភ​កម្មសិទ្ធិបញ្ញា កាលពី​ឆ្នាំ​២០០៩​។​

​គេហទំព័រ The Pirate Bay បង្កើតឡើង​នៅ​ឆ្នាំ​២០០៣ មាន​សមាជិក​រហូតដល់ ​៣០ លាន​នាក់​។ គេហទំព័រ​នេះ អនុញ្ញាត​ឲ្យសមាជិក អាច​ទាញយក​ឯកសារ បទ​ចម្រៀង និង​កម្មវិធី​ហ្គេម​នានា ដោយ​មិន​គោរព​កម្មសិទ្ធិបញ្ញា​ឡើយ​។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅព្រឹកមិញ ក៏បានថ្លែងទៅកាន់អ្នក​កាសែតថា មកដល់ថ្ងៃទី៦កញ្ញានេះ ជនជាតិចិនតៃវ៉ាន់ចំនួន ១១នាក់ គឺប៉ូលិសកម្ពុជា មិនទាន់បញ្ជូនចេញនៅ​ឡើយទេ។ ជនជាតិចិនតៃវ៉ាន់ទាំងនោះ ស្ថិតក្នុង​ចំណោមជន​ជាតិ​ចិនដែលប៉ូលិសកម្ពុជាចាប់ខ្លួន នៅទីរួមខេត្តកំពង់ស្ពឺ ចំនួន ១៥នាក់ កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២។

ជនជាតិចិនទាំង ១៥នាក់ ជាប់ចោទក្នុងរឿងឧក្រិដ្ឋកម្ម ជំរិតទារប្រាក់ឆ្លងដែន ដោយ​ប្រើប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ ជនជាតិចិនដីគោក ៤នាក់ ក្នុងចំណោម ១៥នាក់ ត្រូវបានប៉ូលិសកម្ពុជាបញ្ជូនចេញ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។ នេះបើ​តាម​ការបញ្ជាក់របស់ប៉ូលិសជាតិ៕