Friday, September 7, 2012

អាជ្ញាធរ​រាជធានី​ភ្នំពេញ​រៀបចំ​ផែនការមេ​លើ​ដំណើរការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​សម្រាប់​ដោះ​ចរាចរ​ឆ្នាំ​២០៣៥

ដោយ​ ៖ សំរិត 
​ភ្នំពេញ​ ៖​ បញ្ហា​ការ​កកស្ទះ​ចរាចរ​វា​និង​បង្ក​ឱ្យ​បាត់បង់​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ ដល់​សង្គម​ជាតិ​ និង​សេដ្ឋកិច្ច​គ្រួសារ ​ប្រសិនបើ​មិន​មានការ​គិតគូរ​ និង​មាន​ជា​ផែនការមេ​សម្រាប់​រំដោះ​បញ្ហា​នេះ​ទៅ​ថ្ងៃ​អនាគត​ទេ​នោះ​ ។​ ដូច្នេះ​ហើយ​ គម្រោង​ផែនការមេ​លើ​ការងារ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​សម្រាប់​ឆ្នាំ​២០៣៥​ខាង​មុខ ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​លើកយក​មក​ពិភាក្សា​ មុន​និង​សម្រេចដាក់​ជូន​ទៅ​ថ្នាក់​ជាតិ​ ដែល​គម្រោង​នេះ​ក្រោម​ជំនួយ​សិក្សា​របស់​អង្គការ​ JICA ​ជប៉ុន​អស់​រយៈពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ កិច្ច​ពិភាក្សា​ត្រូវ​បាន​ធ្វើ​នៅ​សណ្ឋាគារ​សាន់​វ៉េ ​ដោយ​មាន​មន្ដ្រី​ស្ថាន​ប​ន័​ពាក់ព័ន្ធ​ជំនាញ​មក​ពី​ក្រសួង​សាធារណការ​ និង​មន្ទីរ​សាធារណការ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ប្រមាណ​ជាង​៥០​នាក់​ នា​ព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ ។​
​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​ ឃួ​ង​ ស្រេង​ អភិបាលរង​រាជធានី​ភ្នំពេញ​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​កម្ពុជា​មាន​កំណើន​ផ្នែក​សេដ្ឋកិច្ច​ បាន​ធ្វើ​ឱ្យ​បរិមាណ​នៃ​មធ្យោបាយ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង ​ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​បាន​បង្ក​ឱ្យ​មានការ​កកស្ទះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ ។​ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ​ ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​សា​លា​រាជធានី​ភ្នំពេញ​នូវ​គម្រោង​២​រួច​មក​ហើយ​ ដូច​ជា​គម្រោង​ផែនការមេ​លើ​ការងារ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​ ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០១​ និង​គម្រោង​កែ​លម្អ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​បាន​អនុវត្ដ​ចន្លោះ​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១០​ ។​  លោក​បន្ដ​ថា​ តាម​រយៈ​គម្រោង​ទាំង​ពីរ​នេះ​ សមិទ្ធផល​ និង​លទ្ធផល​មួយ​ចំនួន​ត្រូវ​បាន​លេច​ចេញ​ឡើង​ ដូច​ជា​ការ​កែ​លម្អ​ផ្លូវ​ប្រសព្វ​ ភ្លើង​សញ្ញា​ចរាចរ​ និង​សុវត្ថិភាព​ចរាចរ​ជាដើម​ ។​
ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី​ ក៏​ពុំ​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​បាន​ឡើយ​ ទើប​តម្រូវ​ឱ្យ​មានការ​សិក្សា​ឡើង​វិញ​នូវ​គម្រោង​ ផែនការមេ​លើ​ការ​ដឹក​ជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​២០៣៥​ខាង​មុខ​  ។​ ដើម្បី​ឱ្យ​គម្រោង​នេះ​មានការ​សិក្សា​ឡើង​បាន​ល្អ​ប្រសើរ​ឡើង​ ក្នុង​ការ​ធ្វើ​ជា​គន្លឹះ​សម្រាប់​ដោះស្រាយ​បញ្ហា​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​យូរអង្វែង​  លោក​បាន​ស្នើ​ឱ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត​ ជាមួយ​អង្គការ​ចៃ​ការ​ជប៉ុន​ (JICA)​ ដើម្បី​សម្រេច​បាន​នូវ​ផែនការមេ​លើ​ការងារ​ ដឹក​ជញ្ជូន​មួយ​ ដែល​ជា​តម្លាភាព​ និង​តុល្យភាព​ មួយ​ល្អ​បំផុត​ ដើម្បី​ប្រយោជន៍​សម្រាប់​ប្រជាជន​និង​ទីក្រុង​របស់​យើង​ ។​
តាម​របាយការណ៍​របស់​អង្គការ​ចៃ​ការ​ជប៉ុន​បាន​បង្ហាញ​ថា​  គម្រោង​ផែនការ​មេនេះ​នឹង​គ្របដណ្ដប់​លើ​តំបន់​រដ្ឋបាល​ទាំងមូល​នៃ​រាជធានី​ភ្នំពេញ​ចំនួន​ផ្ទៃដី​៦៧៨​គីឡូម៉ែត្រ​ក្រឡា​ ។​  គោលបំណង​នៃ​គម្រោង​គឺ​បង្កើត​ឱ្យ​មាន​ផែនការ​ដឹក​ជញ្ជូន​រថយន្ដក្រុង​ ដ៏​ទូលំទូលាយ​នា​ឆ្នាំ​ ២០៣៥​និង​គោលដៅ​ធ្វើការ​សិក្សា​ សម្រាប់​កំណើន​ប្រជាពលរដ្ឋ​ដែល​ចេះ​តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ គ្រាន់តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​១,៥​លាន​នាក់​ ហើយ​គម្រោង​ខាងលើ​នេះ​និង​បាន​ផ្ដល់​ផលប្រយោជន៍​ដោយ​ប្រយោល​ដល់​ប្រជាជន​ទាំងមូល​ក្នុង​ព្រះរាជា​ណា​ច​ត្រ​កម្ពុជា​ ។
​លោក​ ឃួ​ង​ ស្រេង​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​កំណើន​ប្រជាពលរដ្ឋ​ និង​កំណើន​យានយន្ដ​ កាន់តែ​ច្រើន​ឡើង​យ៉ាង​គំហុក​ ដែល​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ត្រូវ​ប្រឈម​ទៅ​នឹង​ការ​កកស្ទះ​ចរាចរ​ និង​បរិស្ថាន​ ។​ សាលា​រាជធានី​នៅ​តែ​បន្ដ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ចរាចរ​នេះ​យ៉ាង​សកម្ម​បំផុត​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នូវ​ តែ​បន្ដ​ជាមួយ​បណ្ដា​ដៃគូរ​អភិវឌ្ឍន៍​ជាតិ​ និង​អន្ដរជាតិ​នានា​ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ចរាចរ​នេះ​ឱ្យ​ខាន​តែ​បាន​  សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​ ក្លាយជា​រាជធានី​ដ៏​ស្រស់​ប្រឹ​ម​ប្រី​យ៍​ និ​ងស័ក្តិសម​ជាទី​ក្រុង​គុ​ជ​នៅ​អាស៊ី​ ៕​