Friday, September 7, 2012

ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​កម្មករឈ​ប់​សម្រាក ដើម្បី​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​

ភ្នំពេញ: ជា​ការឆ្លើយតប​នឹង​សំណើ​ របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត ឈប់​សម្រាក​ពីមួយ​ថ្ងៃ ទៅបី​ថ្ងៃ ដើម្បី​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​គ​.​ជ​.​ប ធ្វើ​នៅ​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ បង្ហាញថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​២៥០ កប​/​ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២៩​ ខែ​សីហា ឆ្នាំ​២០១២ ណែនាំ​ដល់​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្តច្បាប់ ស្តីពី ការងារ​ ឲ្យ​បង្កលក្ខណៈ​ងាយស្រួល និង​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត បាន​ឈប់សម្រាក ដើម្បី​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត តាម​កាលរិច្ឆេទដូចខាងក្រោម​៖

១-​កម្មករ និយោជិត​ ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ឬ​នៅក្នុង​ទី​រួម​ខេត្ត​ណាមួយនៃ​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ផ្ទាល់ ឬ​នៅក្នុង​ទី​រួម​ខេត្ត​នោះ​ផ្ទាល់ ត្រូវ​បាន​ឈប់សម្រាក រយៈពេល​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០១២​។​

២-​កម្មករ និយោជិត ធ្វើការ​នៅ​ក្នុង​ខេត្ត​ណាមួយ​នៃ​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ខេត្ត​នោះ​ផ្ទាល់ ត្រូវ​បាន​ឈប់សម្រាក​រយៈពេលពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២ និង​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១២​។​

៣-​កម្មករ និយោជិត​ ធ្វើការ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ​នៅ​ខេត្ត​ណាមួយនៃ​ខេត្ត​ទាំង​២៣ ឬ​ធ្វើការ​នៅ​ខេត្ត​ណាមួយនៃ​ខេត្ត​ទាំង​២៣ ហើយ​ត្រូវ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្ត​ណាមួយ​ផ្សេងទៀត ត្រូវ​បាន​ឈប់សម្រាក រយៈពេលបី​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១១-១២-១៣ ខែតុលា ឆ្នាំ​២០១២​។​

​សេចក្តីជូនដំណឹង​នេះ​បានបញ្ជាក់​ថា រាល់​ការ​អនុញ្ញាត​ច្បាប់​ជូន​កម្មករ​និយោជិត ដូច​មានចែង​ខាងលើ និយោជក​ត្រូវ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ជូន​កម្មករ និយោជិត​នៅ​ដដែល ដោយ​ពុំ​តម្រូវ​ឲ្យ​បង្ហាញឯកសា​រ​ពាក់ព័ន្ធ​ផ្សេងៗ នៅ​ពេល​ត្រឡប់​មក​វិញ​ឡើយ​។ 

​សេចក្តីប្រកាស​ក៏បាន​លើកឡើង​ថា ចំពោះ​កម្មករ​និយោជិត​ដែល​អវត្តមាន​ហួស​ពី​ច្បាប់​អនុញ្ញាត​ ដូច​មានចែង​ខាងលើ ត្រូវ​ទទួលខុសត្រូវ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​រោង​ចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងនោះ​។ និយោជក ត្រូវខិតខំ​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ និយោជិត ឲ្យបាន​មុន​ថ្ងៃ​ទៅ​ពិនិត្យ​បញ្ជី​ឈ្នោះ និង​ចុះឈ្មោះ​បោះឆ្នោត បើ​ពុំមាន​លទ្ធភាព​បើក​ប្រាក់​ឈ្នួល​ទាន់ពេលវេលា​ទេ សូម​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត​ខ្ចី​ប្រាក់​ឈ្នួស​មួយ​ភាគ ​(​បុរេប្រទាន​)​ ជាមុនសិន​។​

​សូម​រម្លឹកថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ​២០១២ ធ្វើឡើងចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ នៅតាម​សាលាឃុំ​សង្កាត់​ទូទាំង​ប្រទេស​។ បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕​