Friday, September 7, 2012

ក្រុមប្រឹក្សា​យុវជន​កម្ពុជា YCC ចូលរួម​ឃ្លាំមើល​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត

ភ្នំពេញ: ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា YCC បាន​ចូលរួម​ឃ្លាំមើល​ការពិនិត្យ និង​ចុះឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១២ សំរាប់​ដំណើរ​បោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ បាន​ដំណើការ​ហើយ កាលពី​ថ្ងៃទី​១ ខែកញ្ញា រហូតដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ខណៈដែល​គណបក្សប្រឆាំង​ពីរ គឺ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី បានប្រកាស​ធ្វើពហិកា មិន​ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន នៅក្នុង​ដំណាក់កាល ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២​។​

​សន្និសីទ​សារព័ត៌មាន ស្តីពី “​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២” កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១២ រៀបចំ​ដោយ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ( YCC ) មានការ​ចូលរួម​ពី​តំណាង គ​.​ជ​.​ប និង​នាយក​កម្មវិធី​នៃ​វិទ្យាស្ថាន​សាធារណៈរដ្ឋ​អន្តរជាតិ ( IRI )​។ 

​ក្រុមប្រឹក្សា​យុវជន​កម្ពុជា បានប្រកាសថា ខ្លួន​កំពុងតែ​យកចិត្តទុកដាក់ តាម​អង្កេត​ឃ្លាំមើល​លើ​នីតិវិធី ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ចាប់ពី​ថ្ងៃទី​១ កញ្ញា ដល់​ថ្ងៃទី​១២ ខែតុលា​កា ឆ្នាំ​២០១២​។ បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣ ខាងមុខ​នេះដែរ​។​

​លោក សោម ច័ន្ទ​រតនា នាយក​ប្រតិបត្តិ នៃ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ( YCC ) បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ពី​សារៈសំខាន់ នៃ​កា​ចូលរួម​មិនអាច​ខ្វះ​បាន​របស់​យុវជន ក្នុងការ​ជំរុញ និង​លើក​កំពស់​អភិបាលកិច្ច​ល្អ​ថ្នាក់មូលដ្ឋាន ក៏ដូចជា ការ​អិ​វឌ្ឍន៍​នានា ក្នុងការ​គាំទ្រ​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​២ របស់​រាជរដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​នោះ ក្រុមប្រឹក្សា​យុវជន​កម្ពុជា ( YCC ) បាន និង​កំពុង​អនុវត្ត​នូវ​សកម្មភាព​មួយចំនួន ក្នុងការ​ជំរុញ និង​គាំទ្រ​ការ​អិ​វឌ្ឍន៍​មូលដ្ឋាន​។ 

​លោក​បន្តថា ការចូលរួម​ក្នុង​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ ក្រុមប្រឹក្សា​យុវជន​កម្ពុជា បាន​ពង្រាយ​អ្នកសង្កេតការណ៍​ចំនួន ៥៧៦ នាក់ នៅតាម​រាជធានី​-​ខេត្ត ដែលជា​គោលដៅ​ចំនួន​៩​។​

​លោក រតនា បាន​ឲ្យ​ដឹង​ដែរ​ថា សម្មភាព​របស់​ក្រុមប្រឹក្សា​យុវជន មាន ៥ ចំណុច​សំខាន់ៗ គឺ​ទី​១-​បណ្តុះបណ្តាល យុវជន ស្តីពី​នីតិវិធី នៃ​ការពិនិត្យ បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ទី​២-​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទៅដល់​ផ្ទះ របស់​ប្រជាពលរដ្ឋ ស្តីពី ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ទី​៣-​ធ្វើការ​ប្រកួតប្រជែង​ជើងឯក​នាំសារ ស្តីពី ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត សំរាប់​ឆ្នាំ​២០១២ គឺ​ការផ្ញើ​សារ ទៅកាន់​ប្រជាពលរដ្ឋ តាមរយៈ​ទូរស័ព្ទ​ដែ ទី​៤-​បើក​ឲ្យ​មាន​មណ្ឌល​សម្របសម្រួល​ផ្តល់ព័ត៌មាន ស្តីពី ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត និង​ទី​៥-​ផ្សព្វផ្សាយ​តាម​តាម​វិទ្យុ នៅ​រាជធាន​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​លោក សោម ច័ន្ទ​រតនា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ( YCC ) បាន​បញ្ជាក់ដែរថា កន្លងមក​បើទោះបី​រាជរដ្ឋាភិបាល ជាពិសេស​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ខិតខំ​ប្រែង​ប្រែង​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ទៅដល់​មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ អំពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ក្តី តែ​ការទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ ជាពិសេស​នៅក្នុង​ស្រទាប់​នៃ​យុវជន និង​ពលរដ្ឋ​ដែល​រស់​នៅតាម​ជនបទ​។ ជាមួយនិង​បញ្ហា​ប្រឈម​នេះ ប្រជាពលរដ្ឋ​មួយចំនួន អាច​ជួប​ការលំបាក នៅក្នុង​ការចូលរួម​បំពេញ​តួនាទី និង​កាតព្វកិច្ច​ដ៏​ចាំបាច់​របស់ខ្លួន​។​

​លោក រតនា ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ចូលរួម​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​ទាំងនោះ ក្រុមប្រឹក្សា​យុវជន​របស់លោក​បាន​ធ្វើការ​ប្រកួតប្រជែង ផ្ញើ​សារ​តាម​ទូ​ស័ព្ទ​ដៃ ដើម្បី​ផ្តល់ព័ត៌មាន​ទៅដល់​ប្រជាពលរដ្ឋ អំពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ហើយ​បេក្ខជន ដែល​ទទួលបាន​ជ័យជំនះ នឹង​ទទួលបាន​រង្វាន់​មួយចំនួន​ផងដែរ​។​

​ចំណែក​លោក ជិន សារិន នាយក​ខុទ្ទកាល័យ​នៃ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ មាន​ចំនួន​ជាង ៦១​ម៉ឺន​នាក់ ហើយ​បើ​គិតពី​ដំណើរការ​ចុះឈ្មោះ​រយៈពេល​ពីរ​ថ្ងៃ​កន្លងមក គឺ​ចាប់ពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០១២ គឺ​ចុះ​បាន​ចំនួន ៣០.៥២៤ នាក់ កែតម្រូវ​បាន​ចំនួន ៣.១៧៧ នាក់ និង​លុបឈ្មោះ​បាន​ចំនួន ៨.២៤៦ នាក់​។ 

​លោក​បន្តថា សកម្មភាព​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត របស់​ប្រជាពលរដ្ឋ​ឆ្នាំនេះ ហាក់ដូចជា សកម្ម​ជាង​មុន​៕​