Monday, October 1, 2012

សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​តែ​ការពារ​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​

​ខេត្ដបាត់ដំបង​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​តែ​មាន​សុទិដ្ឋិនិយម​ការពារ​កម្មសិទ្ធិ​ស្របច្បាប់​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ នៅ​ក្រប​ខ័​ណ្ណ​ទូ​ទាំង​ប្រទេស​ និង​ដកហូត​ពី​ក្រុមហ៊ុន​សម្បទាន​ដីធ្លី​មួយ​ចំនួន​ បន្ទាប់​ពី​មាន​វិវាទ​ ប៉ះពាល់​ទៅ​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ។​
​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​គាស់​ក្រឡ​ ខេត្ដបាត់ដំបង​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១២​ថា​ ប្រសិនបើ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​មាន​វិវាទ​ដីធ្លី​ ជាមួយ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ដី​ដែល​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​ គឺ​ត្រូវ​ដោះស្រាយ​ដីធ្លី​នេះ​ ជូន​ទៅ​ប្រជាពលរដ្ឋ​វិញ​ ប៉ុន្ដែ​រាជរដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បាន​ទេ​ ចំពោះ​វិវាទ​បញ្ហា​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នឹង​ប្រជាពលរដ្ឋ​ ដែល​សម្ដេច​សំដៅ​វិវាទ​បែប​នេះ​ មាន​តែ​ស្ថាប័ន​តុលាការ​ប៉ុណ្ណោះ​ ។​
​ប្រជាពលរដ្ឋ​ស្ទើរតែ​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​បាន​អបអរសាទរ​ ចំពោះ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ ដែល​បាន​គិតគូរ​ចំពោះ​ការ​គ្រប់គ្រង​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ ។
​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​រិះគន់​ទៅ​លើ​មតិយោបល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ កន្លង​មក​ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ ដើម្បី​ចងក្រង​ទៅ​កាន់​រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​ដែល​មានការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ ស្រប​ពេល​ដែល​សម្ដេច​បាន​មានការ​គិតគូរ​ខ្ពស់​ក្នុង​បញ្ហា​នេះ​ ។​
​អង្គការ​សង្គម​ស៊ី​វិល​ ហាក់ដូចជា​ព្យាយាម​រក​ឱកាស​ចំណេញ​ណាមួយ​ពី​ប្រជាពលរដ្ឋ​ បន្ទាប់​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ដ​ចុះ​វាស់វែង​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ និង​មានការ​ដោះ​ដូរ​គោលនយោបាយ​នេះ​ បែរជា​សង្គម​ស៊ី​វិល​ ចាប់ផ្ដើម​កេង​យក​ផល​ចំណេញ​ចំពោះ​បេសកកម្ម​របស់​ខ្លួន​គិតគូរ​ពី​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ។​
​ឆ្លើយ​តប​និង​ទស្សន​កេង​ចំណេញ​នយោបាយ​នេះ​ សម្ដេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ នៅ​ស្រុក​គាស់​ក្រឡ​ ខេត្ដបាត់ដំបង​ ដែល​សំដៅ​ទៅ​លើ​សង្គម​ស៊ី​វិល​ ចូល​ចិត្ដ​កេង​ចំណេញ​នយោបាយ​នោះ​ថា​ “​គេ​ថា​ ប្រជុំ​ដើម្បី​ប្រមូល​មតិ​ជូន​ទៅ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ឱ្យ​អនុសាសន៍​ទៅ​រាជរដ្ឋាភិបាល​ ក្នុង​នោះ​មាន​ចំណុច​ដែល​គេ​លើក​ឡើង​ថា​ សូម​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ប្រជាពលរដ្ឋ​ ឱ្យ​បាន​ឆាប់ៗ​ ”​ សម្ដេច​បន្ដ​ថា​ ខ្ញុំ​សូម​ផ្ដាំ​ទៅ​វិញ​ បើ​ទោះបីជា​មាន់​មិន​រងាវ​ ថ្ងៃ​ក៏​គង់តែ​លេច​ដែរ​...​សូម​អស់លោក​កុំ​ព្យាយាម​ទម្លាយ​ទ្វារ​នៅ​ពេល​ទ្វារ​វា​បើកចំហរ​...​ម៉េច​អត់​ការងារ​ធ្វើ​ឬ​?​ ចាំបាច់​ធ្វើ​អីចឹង​?​។
​បន្ទាប់​ពី​សម្ដេច​បាន​លើក​ឡើង​អំពី​ការ​ទាញ​យក​ផល​ចំណេញ​របស់​សង្គម​ស៊ី​វិល​ លើ​បញ្ហា​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ​  សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​យុវជន​ស្ម័គ្រចិត្ដ​ដែល​ក្មួយៗ​វី​រៈ​របស់​យើង​បាន​ខំប្រឹង​ទាំង​យប់​ទាំង​ថ្ងៃ​ ជាមួយ​មន្ដ្រី​ជំនាញ​ កម្លាំងប្រដាប់អាវុធ​ក្នុង​ការងារ​ទាំង​ភ្លៀង​ទាំង​ផ្គរ​ប្រឹងប្រែង​ធ្វើការ​ណាស់​ បែរជា​អស់លោក​មាន​លុយ​មាន​កាក់​ទៅ​ប្រជុំ​នៅ​កាំ​បូ​ឌី​យ៉ា​ណា​ទៅ​វិញ​ ។​ ចំណុច​នេះ​ សម្ដេច​ចង់​បញ្ជាក់​ថា​ យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ មិន​សម​ញ្ញ​ មិនធម្មតា​ ។​ បាន​ន័យ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្ដេច​ទៅ​កាន់​ប្រជាពលរដ្ឋ​លើ​គោលនយោបាយ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ប្រកបដោយ​ការ​ទទួល​គាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​បញ្ចប់​វិវាទ​ដីធ្លី​ ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ប្រជាពលរដ្ឋ​ជាមួយនឹង​ដី​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​ត្រូវ​បាន​បញ្ចប់​ក្រុម​សង្គម​ស៊ី​វិល​ទាំងនោះ​ អត់​មានការ​ធ្វើ​ងារ​ធ្វើ​ទេ​អី​ ៕