Monday, October 1, 2012

លេចឮ​ព័ត៌មាន​ផ្លាស់ប្ដូរ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​

ភ្នំពេញ ​៖​ ព័ត៌មាន​នៃ​ការផ្លាស់ប្ដូរ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​មួយចំនួន​ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅ​មិន​ទាន់​មាន​ប្រភព​ច្បាស់ការ​ពី​ករណី​នោះ​នៅឡើយ​ទេ។
​ ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១២ បណ្ដាញ​ផ្សព្វផ្សាយ​មួយចំនួន​បាន​លើកឡើង​ថា មានការ​កែសម្រួល​សមាសភាព​នគរបាល​រាជធានី​ភ្នំពេញ​នៅក្នុង​នោះ​លោក​ឧត្តមសេនីយ៍​ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស ​ហើយ​ត្រូវ​បាន​ដំឡើង​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២)​។ ចំណែក​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ដែល​ជា​អគ្គ​ស្នងការរង​នគរបាល​ជាតិ ត្រូវ​ផ្ដល់​តួនាទី​បន្ថែម​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
​ ​បើ​យោង​តាម​ប្រភព​នោះ​បាន​បញ្ជាក់ថា សេច​ក្ដី​សម្រេច​កែសម្រួល​កម្លាំង​នគរបាល​នេះ ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះហត្ថលេខា​រួចហើយ តាម​សំណើ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​
​ ​
​ ​ទាក់​ទិន​នឹង​តៅ​នឹង​ព័ត៌មាន​ខាងលើនេះ លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ព័ត៌មាន​ខាងលើ​អះអាងថា នឹងត្រូវ​ផ្លាស់ប្ដូរ​ចេញ​នោះ​មិនអាច​សុំ​អត្ថាធិប្បាយ​បានទេ​ដោយ​ខ្សែ​ទូរស័ព្ទ​របស់​លោក​ចំនួន​២​មិន​មាន​អ្នកទទួល​។ ប៉ុន្តែ​លោក​បាន​និយាយប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា ពិតជា​មានការ​ផ្លាស់ប្ដូរ​តំណែង​របស់​លោក​មែន ហើយ​តួនាទី​ដែល​ផ្លាស់ប្ដូរ​នោះ​គឺ​លោក​ត្រូវ​ទៅកាន់​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​ក្រសួងមហាផ្ទៃ​ជំ​នួស លោក​ឧ​ត្ត​ម​សេនីយ៍ ជិន សារឿន​។​
​ ​ចំណែក​ឧ​ត្ត​ម​សេនីយ៍ គាត ចាន់ថា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​មិនទាន់​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០១២​។​
​ ​រីឯ​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបា​លជាតិ​ដែល​មាន​ព័ត៌មាន​ថា នឹងត្រូវ​បន្ថែម​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នោះ បាន​មាន​ប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​ថា លោក​ក៏បាន​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ដែរ តែ​មិនទាន់​ទទួល​លិខិតស្នាម​ពិតប្រាកដ​ណាមួយ​នៅឡើយ​ទេ។ លោក បញ្ជាក់​ថា​មាន​អ្នកសារព័ត៌មាន​ជាច្រើន​បាន​សួរ​គាត់​ពី​រឿង​នោះ​ ហើយ​អ្នកសារព័ត៌មាន​ប្រាប់​គាត់​វិញ​ថា​ មាន​សេចក្ដីសម្រេច​នោះ​ហើយ​។​
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ជួន សុវណ្ណ បាន​អះអាង​ដែរ​ថា​«​មាន​មិត្តភក្ដិ​ជាច្រើន ក៏បាន​និយាយ​អំពី​ព័ត៌មាន​នេះ​ដែរ តែ​លោក​មិនទាន់​ទទួល​បាន​អនុក្រឹត្យ​ ឬ​សេចក្ដីសម្រេច​ជាក់លាក់​ណាមួយ​ទេ​»​។​
​ ​គួរ​រំលឹក​ថា​ ព័ត៌មាន​នៃ​ការដោះដូរ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ បាន​លេចឮ​ជាច្រើនលើក​ច្រើនសា​រួច​មក​ហើយ ប៉ុន្តែ​ហាក់ដូចជា​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​៕
កោះ​កែវ