Monday, October 1, 2012

អាជ្ញាធរ ​មិនឲ្យ​អ្នកគាំទ្រ ស្នាក់នៅ​ក្នុងសា្ថ​នី​យវិទ្យុសំបុកឃ្មុំ ដើម្បី​ស្តាប់សាលក្រម រឿងលោកម៉មសូណង់ដូ នៅថ្ងៃ១តុលា

ភ្នំពេញ: ក្រុមមន្ត្រី​អាជ្ញាធរ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ កាលពីព្រលប់​ថ្ងៃទី​៣០ ​ខែ​កញ្ញា ​ឆ្នាំ​២០១២​ បាន​ចូល​ទៅ​ហាមប្រាម​ មិន​អនុញ្ញាតឲ្យក្រុម​ប្រជាពលរដ្ឋ ចូល​​ទៅ​ស្នាក់នៅស្ថានីយវិទ្យុ​សំបុក​ឃ្មុំ ​អេហ្វអឹម​ ១០៥​ របស់​លោក​ម៉ម​សូណង់ដូ​ ដើម្បី​ចូលរួម​ស្តាប់​ចៅក្រមតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រម ក្នុងករណីលោក ម៉ម សូណង់ដូ នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា​ ឆ្នាំ២០១២ឡើយ​។ នេះ​យោងតាម​ប្រសាសន៍របស់​លោក​ស្រី ឌិន សុ​ផា​ណា​រ៉ា ប្រពន្ធ​របស់លោក ម៉ម សូណង់ដូ នៅ​រសៀល​​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​លោកស្រី ឌិន សុ​ផា​ណា​រ៉ា បាន​មានប្រសាសន៍ឲ្យ​ដឹងប​ន្តថា មន្ត្រី​អាជ្ញាធរ​ រួមមាន ​មេ​ភូមិ​ត្នោតជ្រុំ និង​មន្ត្រី​នគរបាល​សង្កាត់​បឹងទំពុន បាន​ចូលមក​ក្នុងគេហដ្ឋាន​របស់​លោក​ស្រី (​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​ អេហ្វ​អឹម​១០៥ ) នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ដោយ​ចូល​​មក​ស្រង់​ឈ្មោះប្រជាពលរដ្ឋ ដែល​មកពីបណ្តា​ខេត្តមួយចំនួន មាន​គ្នា​ប្រមាណ ១០០ ​នាក់ មក​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី។ មន្ត្រី​អាជ្ញាធរទាំងនោះ មិន​អនុញ្ញាត​ឲ្យ ប្រជាពលរដ្ឋ ដែល​សុទ្ធតែ​ជា​មនុស្ស​ចាស់ ស្នាក់នៅ​ក្នុង​ផ្ទះ​ ដែលជាស្ថានីយវិទ្យុ​សំបុក​ឃ្មុំ​ច្រើន​នាក់​ទេ​។​

​លោកស្រី ឌិន សុ​ផា​ណា​រ៉ា បាន​មានប្រសាសន៍​បន្ត​ថា​ ដោយសារតែ​មាន​ការចូល​មក​ហាមប្រាមពី​សំណាក់​​អាជ្ញាធរ​មូលដ្ឋាន ដែលមិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ស្នាក់​នៅ​ស្ថានីយវិទ្យុសំបុកឃ្មុំ ទើប​មាន​ប្រជាពលរដ្ឋ​ខ្លះ ​បាន​សម្រេច​ច​ចិត្ត ​ឡើង​ឡានវិលត្រឡប់​ទៅ​ស្រុកកំណើតរបស់​គាត់​វិញ នៅ​ល្ងាច​ថ្ងៃនេះ​។ 

លោកស្រី​ភរិយា​លោក ម៉ម សូណង់ដូ បាន​បន្តថា ពលរដ្ឋ​ទាំង​នោះ ខ្លះ​មក​ពី​ខេត្ត​កំពង់ស្ពឺ តាកែវ កំពង់ចាម ក្រចេះ កំពង់ធំ និងព្រៃវែង​ ជាដើម​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១​ ខែ​តុលា ឆ្នាំ២០១២ ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាល​ក្រម​ផ្តន្ទាទោសលោក​ម៉ម សូណង់ដូ និងពលរដ្ឋជាច្រើន​នាក់​ផ្សេងទៀត បន្ទាប់ពី​​សវនាការ​រយៈពេល​ ៣​ថ្ងៃកន្លះ ចាប់តាំង​ពី​ថ្ងៃ​ទី​១១ ដល់​ព្រឹកថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ២០១២។ 

ក្នុងសវនាការនោះ ​មាន​អ្នកគាំទ្រលោកម៉មសូណង់ដូ ក្នុងនាមសមាគមអ្នក​ប្រជាធិប​តេយ្យ​​​ជាច្រើន​រយ​នាក់ និង​ក្រុម​សង្គមស៊ីវិល បាន​ចូលរួមតាមដាន​សវនាការ។ ក៏ប៉ុន្តែ​ប៉ូលិសបិទផ្លូវ មិនឲ្យក្រុមពលរដ្ឋ បានចូលទៅជិតរបងតុលាការ ដែលស្ថិតនៅខាង​ជើង​ស្តាតអូឡាំពិក ក្នុងរាជធានីភ្នំពេញឡើយ។

ចាប់តាំងពី​សវនាការកាត់ទោស​លោក ​ម៉ម​ សូណង់ដូ និង​ជនជាប់ចោទ​ដទៃទៀត កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ មកដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២ គឺ​មាន​ជនជាប់ចោទ ១០នាក់ រាប់​ទាំង​លោក​ ម៉ម ​សូណង់ដូ ត្រូវបាន​តុលាការសួរដេញដោល​។ ក្នុងនោះ មាន​សាក្សី ដែល​មាន​ចំនួន​សរុប ២៣នាក់ ក៏​ត្រូវ​បាន​សួរនាំ​។​

​សំណុំរឿង​ក្តី​ជម្លោះដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ ត្រូវបាន​បើក​សវនាការ ចាប់តាំងពី​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយមាន​ជនជាប់ចោទ​សរុប​ចំនួន ១៤នាក់ រាប់​ទាំង​លោក​ ម៉ម​ សូណង់ដូ និង​ឈ្មោះ ប៊ុន ​រដ្ឋា ដែល​កំពុង​គេចខ្លួន​។​

មាន​អាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ​ថាជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ូលិស​បាន​ចាប់ខ្លួន​លោក​ ម៉ម​ សូណង់ដូ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​នៅក្នុង​សវនាការ លោក​ ម៉ម​ សូណង់ដូ បាន​បដិសេធ​នូវ​រាល់​ការចោទប្រកាន់​លើ​រូបលោក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ថា លោក​ជា​មេខ្លោង ក្នុង​ការបង្កើត​តំបន់អបគមន៍ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ 

​ ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ តុលាការ​បាន​ចោទប្រកាន់​លោក​ ម៉ម​ សូណង់ដូ ក្នុង​បទល្មើស ៤ ករណី រួមមាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់កាប់​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ ការចោទប្រកាន់​លោក ម៉ម សូណង់ដូ គឺ​តុលាការ​បាន​ភ្ជាប់​នឹង​ករណី​ជម្លោះ​ដី ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​មួយ​ក្រុម ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅ​ក្នុង​​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ករណី​ជម្លោះ​ដី​នោះ ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​ចោទប្រកាន់ថា អ្នក​ទាំងនោះ​ចាប់​ដី​រដ្ឋ បង្កើត​តំបន់​អបគមន៍ ហើយ​ត្រូវ​បាន​​រដ្ឋាភិបាល​បង្ក្រាប និង​បណ្តេញចេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ បណ្តាល​​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​បាន​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់​​តុលាការ​ខេត្ត​ក្រចេះ​។ ក្រោយមក សំណុំរឿង​នោះ ត្រូវបាន​ផ្ទេរ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​៕