Monday, October 1, 2012

ប្រជាពលរដ្ឋ ១.៥៩១ គ្រួសារ នៅ​បាត់ដំបង ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

ខេត្តបាត់ដំបង: ប្រជាពលរដ្ឋ ១.៥៩១ គ្រួសារ បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ ចំនួន ២.១៧៣ ប័ណ្ណ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ១០.៣០៥ ហិកតា ពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួបជុំ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។​

​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ បន្ទាប់ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេជោ ហ៊ុន សែន ចុះ​វាស់វែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ជា​លើក​ទី​២​ហើយ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ផ្តល់​ប័ណ្ណកម្ម​សិទ្ធិ​ផ្ទាល់ដៃ ដល់​ប្រជាពលរដ្ឋ បន្ទាប់ពី​សម្តេច​ បាន​ចុះ​ទៅ​ចែក​ប័ណ្ណកម្មសិទ្ធិ លើក​ដំបូង នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២​។​

របាយការណ៍​នៅ​ខេត្ត​បាត់ដំបង ស្តីពី​សកម្មភាព​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត វាស់វែង​ដី ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ គិត​ត្រឹម​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន លើកឡើងថា ប្រកាស​តំបន់​វិនិច្ឆ័យ ១៦ ទីតាំង បំពេញ​សលាក​ប័ត្រ ១៨.៦៣០​។ គ្រួសារ​បញ្ចូល​ក្នុង​សំរង់​បញ្ជី​ឈ្មោះ ១៨.៥០០ គ្រួសារ​។ ចំនួន​គ្រួសារ​មាន​ក្បាលដី ចំនួន ១២.៧២៥ គ្រួសារ​។ វាស់វែង​បាន ២៣.០៤៣ ក្បាលដី​។ គូស​ក្បាលដី​បាន ១៩.៦៨៨ ក្បាលដី ស្មើនឹង ៣១.១៥២ ហិកតា និង​បំពេញ​បែបបទ​ទិន្នន័យ​ក្បាលដី ១៨.៦១៥ ច្បាប់​។ បិទ​ផ្សាយ​សាធារណៈ​ឯកសារ​នៃ​ការវិនិច្ឆ័យ​បាន ១២ ភូមិ នៃ ៨ ឃុំ ស្មើនឹង ៧.៦៨៤ ក្បាលដី និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ៤ ទីតាំង គិត​ទាំង​ទីតាំង​នៅ​ឆ្នាលមាន់​ផង មាន ១.៥៩១ គ្រួសារ ស្មើ​នឹង​ប័ណ្ណកម្មសិទ្ធិ ២.១៧៣ ប័ណ្ណ ដែល​មាន​ផ្ទៃដី ១០.៣០៥ ហិកតា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ប្រកាសថា ក្រុមយុវជន​ចុះ​វាស់វែង ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី គិត​មកដល់ពេលនេះ នៅ​ទូទាំង​ប្រទេស មាន​ផ្ទៃដី​ទំហំ ១.៨៧០.០០០ ហិកតា និង​ប្រជាពលរដ្ឋ ៤៧៨.៩២០ គ្រួសារ​។ រី​ទំហំ​ក្បាលដី ប្រហែលជា ៧០០.០០០ ក្បាលដី​។ 

​មកដល់ពេលនេះ សម្តេច​ហ៊ុន​សែន បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១២ តាម​តួលេខ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ បានធ្វើ​សកម្មភាព​លើ ១៨៣ ឃុំ ហើយ​ការបិទ​ផ្សាយ​សាធារណៈ មាន ២៦.៨២៣ ក្បាល​ដី​ហើយ ដែល​មាន​ទំហំ​ដី​ចំនួន ៤៣.៧២២ ហិកតា​។ ក្នុងនោះ ប័ណ្ណកម្មសិទ្ធិ ដែល​បាន​ចែក​ដល់​ប្រជាពលរដ្ឋ បាន​ចំនួន ១.៦៤៨​។ ការចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី លើកដំបូង ក្រោយ​ពី​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១២ គឺ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចែក​ប័ណ្ណ​ផ្ទាល់​ដៃដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២៕​