Monday, October 1, 2012

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​លើ​មតិយោបល់​របស់​សង្គម​ស៊ីវិល លើ​បញ្ហា​ដីធ្លី​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​លើ​មតិយោបល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ជួបប្រជុំគ្នា នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​ចងក្រង​ទៅកាន់​រដ្ឋាភិបាល និង​ម្ចាស់ជំនួយ ក្នុង​កិច្ចប្រជុំ នា​ថ្ងៃ​ទី​២៦​កញ្ញា​។ មតិយោបល់​របស់​សង្គម​ស៊ីវិល​នោះ មាន​ការជំរុញ​ឲ្យ​រដ្ឋាភិបា​ល ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាជន​កម្ពុជា​ផងដែរ​។​

​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ក្រោយពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​គេ​ថា ប្រជុំ​ដើម្បី​ប្រមូល​មតិ ជូន​ទៅ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ឲ្យ​អនុសាសន៍​ទៅ​រាជរដ្ឋាភិបា​ល ក្នុងនោះ មាន​ចំណុច​មួយ​ថា សូម​ផ្តល់​កម្មសិទ្ធិ​ដីធ្លី ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​។ ខ្ញុំ​សូម​ផ្តាំ​ទៅវិញ បើទោះបីជា​មាន់​មិន​រង៉ូវ ថ្ងៃ​ក៏​គង់តែ​រះ​ដែរ​។ សូម​អស់លោក កុំ​ព្យាយាម​ទម្លាយ​ទ្វារ នៅពេល​ដែល​ទ្វារ វា​បើកចំហ​។ ម៉េច​អត់​ការងារ​ធ្វើ​ឬ ចាំបាច់​ធ្វើ​អីចឹង​?"​។​

​សម្តេច​ហ៊ុន​សែន បាន​បន្ថែមថា "​គេ​កំពុង​ប្រឹង​ចង់​ងាប់​នេះ​។ ក្មួយៗ វីរៈ​យុវ​និស្សិត​របស់​យើង បាន​ខំប្រឹង​ទាំង​យប់​ទាំង​ថ្ងៃ ជាមួយ​មន្ត្រី​ជំនាញ ហើយ​តែ​មន្ត្រី​ជំនាញ​ទៅ ក្មួយៗ​ទៅ បូក​ទាំង​កម្លាំង​ប្រដាប់អាវុធ ទៅ​ទាំង​ភ្លៀង ទាំង​ផ្គរ ប្រឹងប្រែង​ធ្វើ​ណាស់​។ អស់លោក មាន​លុយ មាន​កាក់ ទៅ​ប្រជុំ​នៅ​កាំបូឌីយ៉ាណា តែ​យើង​កំពុង​ធ្វើ​កិច្ចការងារ​នេះ មិន​សាមញ្ញ មិន​ធម្មតា​។ ប៉ុន្តែ​រឿង​នេះ ប្រហែលជា ទី​ចុង​បំផុត អត់​មាន​អី​ធ្វើ អស់​អី​លេង​"​។​

​ប្រសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ បាន​ធ្វើឡើង ខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ជួបប្រជុំ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​យោបល់ ជុំវិញ​បញ្ហា​អភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា ផ្តល់​ទៅ​ម្ចាស់ជំនួយ សម្រាប់​លើកឡើង​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​សម្របសម្រួល រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ លើក​ទី​១៩ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​ក្នុងចំណោម​មតិ និង​អនុសាសន៍ ជាច្រើន​ចំណុច​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​ការអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ក្នុង​ការទទួល​ព័ត៌មាន រួម​ទាំង​ការគ្រប់គ្រង​ចំណូល​ពី​ឧស្ម័ន និង​ប្រេងកាត កំណែទម្រង់​ច្បាប់ និង​តុលាការ កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បញ្ហាដីធ្លី និង​ព្រៃឈើ ជាដើម​៕​