Monday, October 1, 2012

នាយករដ្ឋមន្ត្រី ប្រកាសថា រដ្ឋាភិបាល មិន​យកពន្ធ​លើ​ដី​របស់​ប្រជាកសិករ​ទេ​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា រដ្ឋាភិបាល មិន​យកពន្ធ​លើ​ដី​កសិកម្ម​របស់​ប្រជាកសិករ​ទេ​។ សេចក្តីប្រកាស​ដូច្នេះ បាន​ធ្វើឡើង តប​នឹង​ការ​ឃោសនា​​អកុសល​ដែលថា នៅពេល​ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ ចុះ​វាស់​វែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​នោះ រដ្ឋាភិបាល នឹង​យកពន្ធ​លើ​ដី​ទាំងនោះ​។​

​ក៏​ប៉ុន្តែ​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់​ដំបង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា "​ជួនកាល​កន្លែង​ខ្លះ គេ​លួចខ្សិ​បថា យុវជន​មក​វាស់ដី​នឹង វាស់​រួច​ហើយ រដ្ឋាភិបាល យកពន្ធ​ហើយ​។ វាស់​នឹង​ដើម្បី​កំណត់​ការយកពន្ធ​...​។ ខ្ញុំ​សូម​ប្រាប់​ទៅ ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​កាន់អំណាច មិនមែន​ត្រឹមតែ​ហ៊ុន​សែន​ទេ ព្រោះ​អស់​ពី​ហ៊ុន​សែន​ទៅ ក៏​នៅ​មាន​មន្ត្រី​គណបក្ស​ប្រជាជន​ដទៃទៀត​។ គោល​ការណ៍​​រួម​របស់​គណបក្ស​ប្រជាជន អត់​យក​ពន្ធ​លើ​ដីធ្លី​កសិកម្ម​ទេ​។ មិន​ថា អា​រឿង​ដី នៅក្នុង​ក្រុង​ទេ​។ តែ​បើ​ដី​កសិកម្ម គឺ​មិន​មាន​ការយកពន្ធ​ទេ​។ ដរាបណា គណបក្ស​ប្រជាជន នៅ​កាន់អំណាច​"​។​

​ជាមួយនឹង​ការប្រកាស​ដូច្នេះ សម្តេច​នាយ​រកដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា "​ចេះ​តែ​ទៅ​បោក​គេ​អីចឹង ទៅ​កើត​! ប៉ុន្តែ​ខ្លួន​ឯង អ្នក​ទទួល​ប័ណ្ណកម្មសិទ្ធិ​នឹង​គេ​ដែរ​..."​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ប្រកាសថា ក្រុមយុវជន​ចុះ​វាស់វែង ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី នាពេលនេះ នៅ​ទូទាំង​ប្រទេស មាន​ផ្ទៃដី​ទំហំ ១.៨៧០.០០០ ហិកតា និង​ប្រជាពលរដ្ឋ ៤៧៨.៩២០ គ្រួសារ​។ រី​ទំហំ​ក្បាលដី ប្រហែលជា ៧០០.០០០ ក្បាលដី​។ 

​មកដល់ពេលនេះ សម្តេច​ហ៊ុន​សែន បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១២ តាម​តួលេខ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ បានធ្វើ​សកម្មភាព​លើ ១៨៣ ឃុំ ហើយ​ការបិទ​ផ្សាយ​សាធារណៈ មាន ២៦.៨២៣ ក្បាល​ដី​ហើយ ដែល​មាន​ទំហំ​ដី​ចំនួន ៤៣.៧២២ ហិកតា​។ ក្នុងនោះ ប័ណ្ណកម្មសិទ្ធិ ដែល​បាន​ចែក​ដល់​ប្រជាពលរដ្ឋ បាន​ចំនួន ១.៦៤៨​។ ការចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី លើកដំបូង ក្រោយ​ពី​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១២ គឺ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចែក​ប័ណ្ណ​ផ្ទាល់​ដៃដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២៕​