Monday, October 1, 2012

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​មហា​សន្និបាត ​អ​.​ស​.​ប ​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​២០ ​ខែវិច្ឆិកា​ ខាង​មុខ​

ភ្នំពេញ​ ៖​ នៅឯ​ទីក្រុង​ញូវយ៉ក ​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មួយ ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រធាន​សម័យប្រជុំ​លើក​ទី​៦៧ ​នៃ​មហា​សន្និបាត​អង្គការសហប្រជាជាតិ ដែល​កិច្ចប្រជុំ​នោះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ​ខែ​កញ្ញា​ ឆ្នាំ​២០១២​ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក ​សហរដ្ឋ​អាមេរិក។
តាម​សេចក្តី​ថ្លែង​ការណ៍ពី​អង្គប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេស និង​សហ​ប្រតិបត្តិការ​អន្ដរជាតិ​កម្ពុជា លោក បាន គី​មូ​ន ( Ban Ki-Moon )អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​លោក វុ​ក ជេ​រេ​ម៉ិច ( Vuc Jeremic ) ប្រធាន​សម័យប្រជុំ​លើក​ទី​៦៧ នៃ​មហា​សន្និបាត​អង្គការសហប្រជាជាតិ ​ដោយមាន​ការចូលរួម​ពី​លោក ស៊ូ​រិ​ន ពិត​ស៊ូ​វណ្ណ ( Surin Pitsuwan ) ​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ​ ហើយ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់ថា ជា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អង្គការសហប្រជាជាតិ​នេះ គឺជា​លើក​ទី​១ ចាប់តាំងពី​ការ​អនុម័ត​សេចក្តី​ថ្លែងការណ៍​រួម​សី្ដ​ពី​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​អង្គការ​សហប្រជាជាតិ នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី​៤ នៅ​បាលី​កាលពី ខែ​វិច្ឆិកា ឆ្នាំ​២០១១​។​

 សេចក្តី​ថ្លែង​ការណ៍បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ​បាន​ពិនិត្យឡើងវិញ​នូវ​ការអនុវត្តន៍​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន​នឹង​អង្គការ​សហ ប្រជាជាតិ ដោយ​ផ្អែកលើ​របាយការណ៍​រួម​របស់​លេខាធិការដ្ឋាន​អាស៊ាន និង​អង្គការសហប្រជាជាតិ។ អង្គ​ប្រជុំបាន​ពិភាក្សា​ផងដែរ​អំពី​ការរៀបចំ ព្រមទាំង​បញ្ហាសំខាន់ៗ ដែល​ត្រូវ​លើកឡើង នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី​៥ ខាងមុខនេះ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។ ជាមួយគ្នា​នោះ កិច្ចប្រជុំ ក៏បាន​ស្វាគមន៍​ការបង្កើត​ដំណើរការ នៃ​ការសន្ទនា​ជា​ទៀងទាត់​រវាង​លេខាធិការដ្ឋាន​នៃ​អង្គការ​ទាំងពីរ ហើយ​បាន​អំពាវនាវ​ដល់​អង្គការ​ទាំងពីរ​នេះ ឲ្យ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត ដូចដែល​មាន​ចែង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​។​
សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រធាន​អាស៊ាន​បាន​ជូន​ព័ត៌មាន​ត្រួសៗ​ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ​សី្ត​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ដើម្បី​បង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ជូន​ព័ត៌មាន​ត្រួសៗ​ផងដែរ​ជូន​កិច្ច ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ​សី្ត​អំពី​អាទិភាព​ថ្នាក់​តំបន់ និង​សកល របស់​អង្គការសហប្រជាជាតិ​។ ប្រធាន​មហា​ស​និ្ន​បាត​អង្គការសហប្រជាជាតិ​បាន​ថ្លែង​អំពី​អាទិ ភាព​នៃ​អង្គការសហប្រជាជាតិ​នៅក្នុង​សម័យប្រជុំ​បច្ចុប្បន្ន​នៃ​មហា​ស​និ្ន​បាត​នេះ​ដែល​ផ្តោត​ការ យកចិត្តទុកដាក់​ជាសំខាន់​លើ​មូលបទ «​ការកែសំរួល​ឬ​ដំណោះស្រាយ​នៃ​ជំលោះ ឬ​សភាព ការណ៍​អន្ដរជាតិ​ដោយ​សនិ្ដ​វិធី​»​។​
សេចក្តី​ថ្លែង​ការណ៍បញ្ជាក់ថា ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​សហគមន៍​អន្ដរជាតិ​ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ជំរាប​កិច្ចប្រជុំ​ថា អាស៊ាន​បាន​ប្ដេជ្ញា​រួមចំណែក​ជា​ផ្នែក​នៃ​ដំណោះស្រាយ​ចំពោះ​ភាព​ប្រឈម​សកល​ដែល​មាន នាពេល​បច្ចុប្បន្ន​ក្នុង​នោះ​រួមមាន​ការ​លើក​កំពស់​ជាមួយ​អង្គការសហប្រជាជាតិ​នូវ​តំលៃ​នៃ​ការ និយម​កណ្តាល​ដែល​បាន​បង្កើត​ឡើង​ដោយ​ចលនា​សកលនិយម​កណ្ដាល​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រធាន​នៃ​មហា​ស​និ្ន​បាត​អង្គការសហប្រជាជាតិ​បានបញ្ជាក់​ជា​ថ្មី​ពី​ការ ត្រៀមលក្ខណៈ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន​ក្នុងការ​ពង្រឹងសមត្ថភាព​របស់​អាស៊ាន​ដើម្បី​បំពេញ​គោលដៅ​ទាំងនេះ ជាពិសេស​តាមរយៈ​សកម្មភាព សហប្រតិបត្តិ​ការជាក់ស្តែង​ដែល​ត្រូវអនុវត្ត​ក្នុង​ក្របខណ្ឌ នៃ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​អង្គការសហប្រជាជាតិ​។​
កិច្ច​ប្រជុំបាន​ពិភាក្សា​ផងដែរ លើ​បញ្ហា​តំបន់​និង​អន្ដរជាតិ​ជាច្រើន ជាពិសេស​បញ្ហា ដែល​ត្រូវ​យកចិត្តទុកដាក់​រួម និង​ផលប្រយោជន៍​រួម​ចំពោះ​អាស៊ាន​និង​អង្គការសហប្រជាជាតិ​ដែល​សិ្ថត​ ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៦៧ នៃ​មហា​ស​និ្ន​បាត​អង្គការសហប្រជាជាតិ​ក្នុងនោះ​រួមមាន ការអប់រំ សុខាភិបាល​សកល ការផ្លាស់ប្ដូរ​អាកាសធាតុ ការគ្រប់គ្រង​គ្រោះមហន្តរាយ ដំណោះស្រាយ​ជំលោះ សិទិ្ធ​មនុស្ស វិបត្តិ​ហិរញ្ញវត្ថុ​សកល ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​របៀបវារៈ​ក្រោយ​ឆ្នាំ​២០១៥ ប្រតិ​ប​តិ្ដ​ការរក្សា​សន្តិភាព និង​ការកសាង​សន្ដិភាព​៕
កោះ​កែវ​