Monday, October 1, 2012

ប្រទេសកេនយ៉ា ចង់ឲ្យមានការហោះហើរដោយត្រង់មកកាន់កម្ពុជា និងនាំអង្ករចេញ



ដោយៈ ឯក ថា

ភ្នំពេញ ២៦ កញ្ញា ឆ្នាំ ២០១២៖ ឯកឧត្តម​ឧបនាយ​ករដ្ឋមន្រ្តី បណ្ឌិត​សភាចារ្យ សុខ អាន បាន​ស្វាគមន៍​គំនិត​ផ្តួច​ផ្តើម​របស់​ឯកអគ្គ​រដ្ឋទូត​កេនយ៉ា ដើម្បីចាប់​ផ្តើមការ​ហោះ​ហើរ​ដោយ​​ត្រង់​រវាង​ប្រទេស​ទាំងពីរ​នេះ ដោយ​និយាយ​ថា កម្ពុជា​មាន​សក្តានុ​ពល​ខ្ពស់​នៅ​ក្នុង​វិស័យ​អេកូទេស​ចរ និង​វប្បធម៌។ ការពារ​លំអិត នឹង​ត្រូវបានពិ​ភាក្សា​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ មុនពេល​ដែល​កិច្ចព្រម​ព្រៀង​មួយ​ត្រូវបាន​ចុះហត្ថ​លេខា។
ឯកអគ្គ​រដ្ឋទូត​កេន​យ៉ា ឯកឧត្តម​បណ្ឌិត Richard Titus Ekai បានជំរាប​ប្រាប់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន នៅក្នុង​កិច្ចប្រជុំ​មួយកាល​ពីថ្ងៃ​ពុធថា Nairobi មានជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ថៃ និង​វៀង​ណាម ហើយ​ឥឡូវ​នេះ ចង់ឲ្យមាន​ការហោះ​ហើរ​ដោយ​ត្រង់​ជាមួយ​កម្ពុជា ដែល​នឹង​ជួយ​ជំរុញ​ទាំង​ឧស្សាហ​កម្មទេ​ចរណ៍ និង​សកម្មភាព​សេដ្ឋកិច្ច។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​​ អាន បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​សក្តានុ​ពល​ផ្នែក​ទេសចរណ៍​វប្បធម៌ ដែល​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ប្រមាណ ១០០០ នៅទូទាំង​ប្រទេស​។ កម្ពុជា ក៏ជា​គោលដៅ​ទេសច​រណ៍​ដ៏គួរឲ្យទាក់​ទាញ​មួយ​ផងដែរ ដោយសារ​តែឆ្នេរ​សមុទ្រដ៏​ស្រស់​ប្រិមប្រិយ​របស់​ខ្លួន ទឹក​ធ្លាក់ និង​ដង​ទន្លេ​បឹង​បួរ ព្រម​ទាំង​ទេសភាព​ទាំង​ឡាយ។​
ព្រះរា​ជាណា​ចក្រ​នេះ បាន​ទទួល​ការ​អភិវឌ្ឍន៍​ចិរភាព រាប់​បញ្ចូល​ទាំង​ឧស្សាហកម្ម​ទេស​ចរណ៍ ដែល​បាន​ទាក់​ទាញ​ជំនួយ​បរទេស​ទាំងផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេក​ទេស ជា​ពិសេស ចាប់​តាំងពី​ប្រទេស​នេះ បាន​ទទួល​ការ​បង្រួប​បង្រួម​ជាតិពេញ​លេញ សន្តិភាព និងសន្តិសុខ ក្រោយ​ពីការ​បាត់​បង់​ទាំង​ស្រុង​របស់​ចលនា​ខ្មែរក្រហម​នៅឆ្នាំ ១៩៩៨ ដោយ​សារតែ​នយោ​បាយ ឈ្នះ ឈ្នះ ផ្តើម​គំនិត​ឡើងដោ​យសម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន
ស្ថិរភាព​នយោ​បាយ បាន​ទាក់ទាញ​វិនិយោ​គិន​បរទេស ព្រម​ទាំង​ភ្ញៀវ​ទេស​ចរប​រទេស ដែល​រួម​ចំណែក​ដល់ការ​អភិវឌ្ឍន៍​សង្គមរ​បស់​ប្រទេស​នេះ។
ប្រទេស​កម្ពុជា ក៏មាន​សក្តានុ​ពលខ្ពស់​ផងដែរ​នៅក្នុង​វិស័យ​កសិកម្ម បាន​ទទួល​ផលិត​ផល​ស្រូវ​លើសជា​រៀងរាល់​ឆ្នាំ និង​នាំ​ចេញ​ទៅប្រទេស​ជិត​ខាង។ ទីក្រុង Nairobi ចាប់​អារម្មណ៍ នៅ​ក្នុង​ដំណើរ​ដែល​ប្រព្រឹត្ត​ទៅបាន​នៃការ​នាំអង្ករ​កម្ពុជា​ចេញ​ទៅ​ប្រទេស កេន​យ៉ា។
វានឹង​មាន ការ​ពិភាក្សា​បន្ថែម​ទៀត ស្តីពី​ជើងហោះ​ហើរដោយ​ត្រង់ និងការ​នាំអង្ករ​ចេញ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បានមាន​ប្រសាសន៍ ជាមួយ​នឹងការ​ផ្តល់​ជំនឿ​ទុកចិត្ត​ទៅកាន់​ឯអគ្គ​រដ្ឋ​ទូត​រូបនេះ​ថា កម្ពុជា​នឹង​ធ្វើឲ្យ​អស់​ពីសមត្ថភាព​របស់​ខ្លួន​ដើម្បី​ជួយ​សម្រួល​ទៅ​លើគំនិត​ផ្តួចផ្តើម​ទាំងពី​រដែល​បាន​លើក​ឡើង។​
ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​បានមាន​ប្រសាសន៍​ថា “រាជរ​ដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​សំណើរ​បស់​លោក ហើយ​និង​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​សម្រួល​ការ​ហោះ​ហើរ​នោះ។ យើង​មាន​យន្ត​ហោះ​ជាតិ Angkor Airline ដែល​កំពុង​ប្រតិ​បត្តិការ​នៅ​ក្នុង​តំបន់។​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​ អាន បានផ្តល់​បញ្ជាក់​ផ្តល់​ទំនុក​ចិត្តដល់អ​គ្គរដ្ឋទូត​រូប​នេះថា “យើង​នឹងភ្ជាប់​អ្នកទិញ​អង្ករ​របស់​លោកទៅ​កាន់​ក្រុមហ៊ុន​ឯកជន​កម្ពុជា”។
ឯកអគ្គរដ្ឋ​ទូត​បណ្ឌិត Richard Titus Ekai ពេញ​ចិត្តទៅ​នឹងការ​គាំទ្រ​របស់ក​ម្ពុជា ហើយ​និយាយ​ថា មុខមាត់​កម្ពុជា កាន់តែ​ប្រសើរ​ឡើងពី​មួយ​ពេលទៅ​មួយពេល។ ប្រទេស​កេនយ៉ា ក៏​បានលើក​សរសើរ​តួនាទី​កម្ពុជា ឋានៈជាប្រធាន​អាស៊ាន ដែល​មាន​ប្រទេស​ចំនួន ១០ នៅ​ក្នុង​នេះ ហើយក៏​ចង់​ឃើញ “សហ​ប្រតិបត្តិ​ការរវាង​អាស៊ាន និង​សហគមន៍​អាហ្រ្វិក”។
ឯកអគ្គ​រដ្ឋទូត​រូប​នោះបាន​មាន​ប្រសាសន៍​ថា យើង​មាន​ប្រព័ន្ធ​គយ​រួម និ​ងប្រើប្រាស់​ភាស​ការងារ​ដូច​គ្នា​នៅតំ​បន់​អាហ្រ្វិក ដែល​ដូចគ្នា​ទៅនឹង​សមាហរ​ណកម្ម​របស់​អាស៊ាន​អញ្ចឹង​ដែរ។ យើង​ក៏សម្លឹង​មើល​ថា តើត្រូ​វសហការ​ជាមួយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​យ៉ាង​ដូច​ម្តេច​នៅ​ឆ្នាំ ២០១៥”។
ប្រទេស​កេន​យ៉ា ក៏ចាប់​អារម្មណ៍​ផងដែរ​ក្នុងការ​រៀន​សូត្រ​ពី​កម្ពុជា នៅក្នុងរ​បៀប​ធ្វើការ ទំនាក់​ទំនងជា​មួយ​ក្រុមហ៊ុន​បរទេស​ក្នុងការ​រុករ​ករ៉ែ និង​ឧស្ម័ន។
ជាការ​ឆ្លើយ​តប ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​ដើម្បីចែក​រំលែក​បទពិសោធន៍​រយៈពេល ២០​ឆ្នាំរបស់​គាត់ នៅក្នុង​ទំនាក់​ទំនង ការងា​រផ្នែក​ឧស្ម័ន និង​ប្រេង។
ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​បានមាន​ប្រសាសន៍ថា “​ធនធាន​កម្ពុជា​ផ្នែក​នេះ ​មិន​ជា​ច្រើន​ណាស់​ណា​ទេ ក៏​ប៉ុន្តែ យើង​រំពឹង​ទុកថា នឹង​អាច​ទទួល​បាន​ការ​ផលិត​ប្រេង​នៅក្នុង​រង្វង់ពី ១ឆ្នាំ ឬ២ឆ្នាំ​ខាង​មុខ​នេះ”៕