Monday, October 1, 2012

សមាសភាព គ​.​ជ​.​ប​. នឹង​ត្រូវ​រដ្ឋសភា ប្រជុំ​អនុម័ត នៅ​ថ្ងៃ​ទី​១១ ខែតុលា​

ភ្នំពេញ: សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ត្រូវបាន​បញ្ជូន​ទៅ​ដល់​រដ្ឋសភា ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​ដាក់ចូល​ក្នុង​របៀប វារៈ​នៃ​កិច្ចប្រជុំ អនុម័ត នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២​។ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​រៀបចំ​សមាសភាព គ​.​ជ​.​ប​. ទាំង ៩ រូប ដើម្បី​សុំ​ការអនុម័ត​ពី​រដ្ឋសភា​។​

​លោក ជាម យៀប សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ថ្លែង​ប្រាប់​កាសែត​​រស្មី​កម្ពុជា​ថា បេក្ខជនសមាសភាព គ​.​ជ​.​ប​. ទាំង ៩ រូបនោះ រៀបចំឡើង​ដោយ​ក្រសួងមហាផ្ទៃ ដោយ​មាន​លោក អ៊ឹម សួស្តី ជា​បេក្ខភាព​ប្រធាន គ​.​ជ​.​ប​. និង លោកស្រី ស៊ីន ជុំ​បូ ជា​អនុប្រធាន​។ សមាសភាព គ​.​ជ​.​ប​. នោះ នឹង​ត្រូវ​រដ្ឋសភា ប្រជុំ​អនុម័ត ក្នុង​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១២​។​

​យ៉ាងណាក៏ដោយ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. ដែល​បាន​ឡើង​ធ្វើ​ជា​ប្រធាន គ.ជ.​ប​. ចំនួន ២ អាណត្តិ​មកហើយ ចាប់តាំងពី​ឆ្នាំ​២០០៣ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​បេក្ខភាព​សមាសភាព គ​.​ជ​.​ប​. ថ្មី ដែល​ក្រសួង​មហាផ្ទៃ រៀបចំ ទៅ​សុំ​ការអនុម័ត​ពី​រដ្ឋសភា នៅពេល​នេះ​ឡើយ​។​

​ក៏​ប៉ុន្តែ​លោក អ៊ឹម សួស្តី បាន​មានប្រសាសន៍​ប្រាប់ CEN នៅ​ព្រលប់​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១២ បានឲ្យដឹងថា សមាសភាព​ថ្មី​របស់ គ​.​ជ​.​ប​. នោះ គឺ​មិនមែន​ជា​សមាជិក​គណបក្ស​នយោបាយ ឬ​ក៏​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ​។ សមាសភាព គ​.​ជ​.​ប​. គឺ​ជា​អ្នកជំនាញ​ខាង​ជំនាញ​ការបោះឆ្នោត​។​

​លោក អ៊ឹម សួស្តី បាន​បន្ថែមថា សមាសភាព​ថ្មី​នោះ តាមច្បាប់ ត្រូវ​រដ្ឋសភា​បោះឆ្នោត អនុម័ត មាន​រយៈពេល ៧ ខែ យ៉ាងតិច នៅ​មុន​ថ្ងៃ​បោះឆ្នោត​។ សមាសភាព​សមាជិក គ​.​ជ​.​ប​. ទាំង ៩ រូប មាន​អាណត្តិ រយៈពេល ៥ ឆ្នាំ​។​

​សូម​រម្លឹកថា គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទទូច​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ ផ្លាស់ប្តូរ​សមាជិក គ​.​ជ​.​ប​. ដោយ​រៀបចំ​ជ្រើសរើស​បុគ្គល​ឯករាជ្យ មិនមែនជាសមាជិកគណបក្សនយោបាយណាមួយទេ។ ​គណបក្ស​ប្រឆាំង អះអាងថា ការផ្លាស់ប្តូរសមាសភាព គ.ជ.ប. ដើម្បីឲ្យការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ធ្វើឡើង​ដោយ​យុត្តិធម៌ និង​អាច​ទទួលយកបាន​ទាំង​អស់​គ្នា​។​

​គណបក្សប្រឆាំង​បាន​ដាក់សំណើ​ជា​លិខិត ហើយ​បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយនឹង​តំណាង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​។ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ មិន​ទទួលយក​សំណើ​របស់​គណបក្សប្រឆាំង ចំពោះ​ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. ឡើយ​។ ក្រសួងមហាផ្ទៃ សំអាងថា សំណើរបស់គណបក្សប្រឆាំង នាំឲ្យរាំងស្ទះដល់ដំណើរការរៀបចំការ​បោះឆ្នោត៕