Monday, October 1, 2012

ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដី នឹង​ទទួល​មេដាយមាស ពីរដ្ឋាភិបាល

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្រុមយុវជន​ស្ម័គ្រចិត្ត ចុះ​វាស់វែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ រួម​ទាំង​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ នឹង​ទទួលបាន​មេដាយមាស​ពី​រដ្ឋាភិបាល សម្រាប់​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ពេលនេះ​។​

​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា "​ចប់​ការងារ​នេះហើយ មាន​ពិធី​មួយ​ដ៏​ធំ​។ ខ្ញុំ​បាន​គ្រោង ហើយ​ឥឡូវ​បោះ​​មេដាយ​។ អា​លិខិត​ប័ណ្ណ​នឹង គឺ​មាន​ហើយ ហើយ​បន្ទាប់​ទៅ​មេដាយ ហើយ​មេដាយ អត់​ពាក់​មេដាយសំរិទ្ធ ប្រាក់​ទេ ពាក់​មេដាយមាស​ជូន​តែម្តង​។ ទាំង​យុវជន​ស្ម័គ្រចិត្ត ទាំង​គ្រូពេទ្យ​មក​ជាមួយ ទាំង​តៃកុង​ឡាន​មក​ជាមួយ ទាំង​មន្ត្រី​សុរិយោដី​។ អ្នក​ដែល​ចូល​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន គឺថា ពាក់​មេដាយមាស​ឲ្យ​ទាំងអស់​! ហើយ​ខ្ញុំ​អ្នក​ប៉ាវ​នៅ​កោះ​ពេជ្រ​..."​។​

​ចំពោះ​មុខ​ក្រុម​យុវជន​ស្ម័គ្រចិត្ត នៅ​ខេត្ត​បាត់ដំបង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏បាន​លើកឡើង​ថា "​ក្មួយ​យុវជន ពូ​សុំ​ហៅថា វីរៈ​យុវ​និស្សិត​ស្ម័គ្រចិត្ត ព្រោះនេះ​ជា​កិច្ចការ ដែល​ជា​វីរៈភាព​ធំ​ណាស់ ដែល​ឥឡូវនេះ ៣ ខែ​ហើយ ដែល​ក្មួយៗ ធ្វើ​កិច្ច​ការងារ​នេះ បាន​យ៉ាង​ល្អ​។ កិច្ចការ​នេះ ជា​ប្រវត្តិសាស្ត្រ​ធំ​ណាស់​!​។ ក្មួយៗ ចាំ​មើល​ណា៎​!​។ ពូ​មីង ពុក​ម៉ែ យាយ​តា ដែល​បាន​ទទួល​កម្មសិទ្ធិ​នេះ​រួច​ហើយ ការដាំដុះ​របស់​គាត់ នឹង​ស្ទុះ​ឡើង​រហ័ស​។ អត្រា​នៃ​ភាពក្រីក្រ នឹង​ធ្លាក់​ចុះ​រហ័ស​។ កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ កើនឡើង តាមរយៈ​... អត់​មាន​នរណា​ក្រោម​មួយ​ហិកតា​ទេ​... មាន​តែ​ដី​លំនៅដ្ឋាន​ទេ ដែល​ក្រោម​មួយ​ហិកតា​។ អីចឹង​ទេ ដី​នេះ បើ​យើង​ប្រើប្រាស់​ឲ្យ​អស់​​សក្កានុពល​របស់​វា ត្រូវ​សេដ្ឋកិច្ច​ជនបទ ចេញ​ពី​វិស័យ​កសិកម្ម​នេះ ធំ​ណាស់​!"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ដាក់បទបញ្ជា​ផ្ទាល់មាត់​ដល់​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ត្រូវ​ទទួលខុសត្រូវ គឺ​ក៏ត្រូវ​ពិនិត្យ​រៀបចំ​បណ្តាញ​ទឹក​សម្រាប់​ស្រោចស្រព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​វាស់វែង​ចែក​ដី ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ថ្មី​នោះ​ផង បន្ថែម​លើ​បញ្ហា​ទឹក​សម្រាប់​បរិភោគ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា ក្រុមយុវជន​ចុះ​វាស់វែង ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី នាពេលនេះ មាន​ផ្ទៃដី​ទំហំ ១.៨៧០.០០០ ហិកតា និង​ប្រជាពលរដ្ឋ ៤៧៨.៩២០ គ្រួសារ​។ រី​ទំហំ​ក្បាលដី ប្រហែលជា ៧០០.០០០ ក្បាលដី​។ 

​មកដល់ពេលនេះ សម្តេច​ហ៊ុន​សែន បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១២ តាម​តួលេខ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​ជំនាញ បានធ្វើ​សកម្មភាព​លើ ១៨៣ ឃុំ ហើយ​ការបិទ​ផ្សាយ​សាធារណៈ​ឡើងដល់ ២៦.៨២៣ ក្បាល​ដី​ហើយ ដែល​មាន​ទំហំ​ដី​ចំនួន ៤៣.៧២២ ហិកតា​។ ក្នុងនោះ ប័ណ្ណកម្មសិទ្ធិ ដែល​បាន​ចែក​ដល់​ប្រជាពលរដ្ឋ បាន​ចំនួន ១.៦៤៨​។ ការចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី លើកដំបូង ក្រោយ​ពី​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១២ គឺ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចែក​ប័ណ្ណ​ផ្ទាល់​ដៃដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២៕​