Monday, October 1, 2012

សម្តេច​ហ៊ុន​សែន​៖ អង្គការសហប្រជាជាតិ បរាជ័យ ក្នុង​ការស្វែងរក​សន្តិ​ភាព នៅ​កម្ពុជា​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ផ្ទាល់មាត់ នៅ​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​ខេត្ត​បាត់ដំបង​ថា កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​២៣​តុលា មិន​បាន​បញ្ចប់​សង្គ្រាម នៅ​កម្ពុជា​ទេ​។ រីឯ​អង្គការសហប្រជាជាតិ ក៏​មិន​បាន​ស្វែងរក​សន្តិភាព​ពេញលេញ សម្រាប់​កម្ពុជា តាមរយៈ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ នោះឡើយ​។ ផ្ទុយទៅវិញ ការផ្សះផ្សារ​រវាង​ខ្មែរ និង​ខ្មែរ​ទេ ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៩ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​។​

​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ឥឡូវ ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​យើង យើង​បាន​រំលត់​សង្គ្រាម​...​។ អីចឹង​បានន័យថា ខ្មែរ និង​ខ្មែរ អាច​រក​ការស្រុះស្រួល​គ្នាឯង ដោយ​គ្មាន​សំពាធ​ពី​ខាងក្រៅ​ណា​ទេ ហើយ​ខ្ញុំ​ចាត់ទុកថា អា​នេះ ជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​គណបក្ស​ប្រជាជន ជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​ហ៊ុន​សែន នៅ​លើ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ប្រែក្លាយ​ពី​ប្រទេស​មួយ តំបន់​ត្រួតត្រា​ច្រើន ឲ្យទៅ​ជា​ប្រទេស​មួយ តំបន់​ត្រួតត្រា​តែមួយ​។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា កម្រ​ឃើញ​ណាស់​នូវ​ប្រទេស​កម្ពុជា​តែមួយ មាន​តំបន់​ត្រួតត្រា​តែ​មួយ​នោះ​។ មិន​ថា ពេល​បារាំង ចូល​ស្រុក​ខ្មែរ មិន​ថា​ជប៉ុន​ចូល​ស្រុក​ខ្មែរ ហើយ​មិន​ថា ដំណាក់កាល​ក្រោយ​ឯករាជ្យ​ឆ្នាំ​១៩៥៣ ទេ ( កម្ពុជា ) តែងតែ​មាន​កម្លាំង​ខ្មែរក្រហម ខ្មែរ​ខៀវ ខ្មែ​រស ខ្មែរ​ស៊ី​ជម្ពូ​..."​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា "​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ( សម័យ​ខ្មែរ​សាធារណរដ្ឋ របស់​លោក​សេនាប្រមុខ លន់ នល់ ) ប្រទេស​កម្ពុជា​យើង បែងចែក​ជា​ពីរ​ធំៗ​។ ម្ខាង​គឺ​លន់នល់ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​។ លន់នល់ កាន់កាប់​នៅ​ទីក្រុង និង​ទីប្រជុំជន​មួយចំនួន​។ ឯ​ម្ខាង​ទៀត គឺ​ខាង​រណសិរ្ស ដឹកនាំ​ដោយ​សម្តេច​ព្រះ នរោត្តម សីហនុ​។ អីចឹង ប្រទេស​កម្ពុជា​មួយ បែងចែក​ជា​តំបន់​ត្រួតត្រា​ធំៗ​ពីរ​។ ចំណែក​នៅ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​មួយ ចូល​ក្នុង​របប​ប្រល័យពូជសាសន៍​តែម្តង​។ ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា​មួយ បែងចែក​ជា​តំបន់​ត្រួតត្រា ៤​។ មួយ​គឺ​រដ្ឋ​កម្ពុជា​។ មួយទៀត គឺ​ត្រីភាគី ដែល​មាន​ទាំង​ខ្មែរក្រហម មាន​ទាំង​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ទាំង​ហ្វ៊ុន​ស៊ិនប៉ិច ដែល​សុទ្ធតែ​មាន​កម្លាំងប្រដាប់អាវុធ​។ ឯ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​មួយ បែងចែក​តំបន់​ត្រួតត្រា​ពីរ ដោយសារ​តែ​កម្លាំង​របស់​ហ្វ៊ុនស៊ិនប៉ិច និង​កម្លាំង​របស់រ​ណ​សិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ធ្វើ​សមាហរណកម្ម ចូល​ក្នុង​កម្លាំង​រាជរដ្ឋាភិបាល​ហើយ ប៉ុន្តែ​វា​នៅ​សេសសល់​កម្លាំង​ខ្មែរក្រហម ដែល​មិន​ព្រម​ធ្វើ​សមាហរណកម្ម​។ តែ​នេះ​មិនមែន​ជា​កំហុស​របស់​ខ្មែរក្រហម​ថ្នាក់ក្រោម​ទេ​..."​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​អតីត​តំបន់​ជំរុំ​រឹងមាំ​របស់​ខ្មែរក្រហម ក៏​បាន​គូសបញ្ជាក់​ហាក់ដូចជា​ចំអក ទៅកាន់​អង្គការសហប្រជាជាតិ​ថា "UNTAC ចំណាយ​លុយ​ជាង ២​ពាន់​លាន​ដុល្លារ UNTAC ធ្វើ​អី​អត់​កើត ( រៀបចំ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ )​។ ថ្ងៃមុន ដូចជា ឆ្នាំទៅ ឬក៏​ឆ្នាំ​ទៅ​មួយ ខ្ញុំ​ឲ្យ​ឈាន ( លោក អ៊ី ឈាន អតីត​និរសា​របស់​ប៉ុល​ពត សព្វថ្ងៃ​ជា​អភិបាលខេត្ត​ប៉ៃលិន ) ឲ្យ​លុយ​អា​ក្មេង​ពីរ​នាក់ ដាក់​ឫស្សី​។ ខ្ញុំ​ឲ្យ​លុយ​ចាយ ដោយសារតែ​... មិនមែន​ចង់​ផ្ចាញ់​អ៊ុនតាក់​ទេ​។ ប្រធាន​អ៊ុនតាក់ និង​មេបញ្ជាការ​អ៊ុនតាក់ បូក​នឹង​អនុប្រធាន​អ៊ុនតាក់ ចូល​ប៉ៃលិន​អត់​បាន ដោយសារ​តែ​កូនទាហាន​ពីរ​នាក់​ដាក់​ឫស្សី​មួ​យ​ដើម​។ ឫស្សី​មិន​ដល់​មួយ​ដើម​ទេ មួយ​ចុង​។ អត់​ចូល​បាន​!​។ ធ្វើ​អី​?​។ ( អ៊ុនតាក់ ) ខ្លាំង​បានតែ​ជាមួយ​អ្នក​ខ្សោយ​ទេ​។ អ្នក​គោរព​កិច្ចព្រមព្រៀង ( រដ្ឋ​កម្ពុជា ) គឺ​អានោះ ( អ៊ុនតាក់ ) ជាន់​កជាប់​។ ប៉ុន្តែ​ដល់​ជាមួយ​ខ្មែរក្រហម ធ្វើ​អី​អត់​បាន​។ អីចឹង អ៊ុនតាក់ ដកចេញ​បន្សល់​ទុក​ឲ្យ​កម្ពុជា នូវ​ប្រទេស​កម្ពុជា​មួយ តំបន់​ត្រួតត្រា​ពីរ​"​។ 

​ដោយ​លើកឡើង​ថា អ្វី​ដែល​សម្តេច​លើកឡើង​នេះ ព្រោះ​ឥឡូវ ជិត​ដល់​ខួប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ ថ្ងៃទី​២៣​តុលា ឆ្នាំ​១៩៩១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា "​សុំ​ដាស់តឿន​រំលឹក អ្វី​ដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់បាន តែ​អ៊ុនតាក់ មិន​អាច​សម្រេចបាន នៅត្រង់ណា​?​។ នៅត្រង់ តែ​អ៊ុនតាក់ ដកចេញ​ត្រឡប់​ទៅវិញ ដែល​ចាយលុយ​អស់​ជាង ២.០០០ លាន​ដុល្លារ បន្សល់​ទុក​ឲ្យ​កម្ពុជា​នូវ​សង្គ្រាម​។ បន្សល់​ទុក​ឲ្យ​កម្ពុជា ជា​ប្រទេស​មួយ ដែល​មាន​តំបន់​ត្រួតត្រា​ពីរ​។ តើ​នេះ​ឬ​ជា​ស្នាដៃ​របស់​អ៊ុនតាក់​?"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា "​ទទួលស្គាល់​ហើយ នូវ​ការអនុវត្ត​បាន​។ ប៉ុន្តែ​សុំ​កុំ​ភ្លេច​! ហើយ​សុំ​កុំ​ដើរ​ជា​តួឯក​នៃ​អ្នក​នាំ​មក​នូវ​សន្តិភាព​នៅ​កម្ពុជា​ឲ្យសោះ ព្រោះ​នៅពេលដែល​ត្រឡប់​ទៅ​វិញ ខ្ញុំ​នៅ​ចាំបាន នៅពេល​ជប់លៀង ក្នុង​វាំង ( មេដឹកនាំ​អ៊ុនតាក់ ) បណ្តាក់​ខ្យង​គ្នា ចេញ​ទាំងយប់​... អនុវត្ត​កិច្ច​ព្រមព្រៀង បានតែ ៣ ភាគី​ទេ​។ ភាគី​មួយ មិន​បាន​អនុវត្ត​ទេ ( ខ្មែរក្រហម ) បន្សល់​ទុក​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​មួយ មាន​តំបន់​ត្រួតត្រា​ពីរ ហើយ​ទីក្រុង​អន្លង់វែង ក្លាយជា​តំបន់ ដែល​បោះ​ក្រដាស់ប្រាក់​ចាយ​ទៅទៀត​។ ក្រដាស់ប្រាក់​របស់​ខ្មែរក្រហម មាន​ស៊ីញ៉េ​របស់​ខៀវ​សំផន​"​។​

​សម្តេច​ហ៊ុន​សែន ក៏បាន​លើកឡើង​ថា ការ​ងើប​បះបោរ​ឡើង​របស់​អតីត​មេទ័ព​ខ្មែរក្រហម រួមមាន លោក​អ៊ី​ឈាន ( អភិបាលខេត្ត​ប៉ៃលិន សព្វថ្ងៃ ) និង​សុខភាព នៅ​ប៉ៃលិន និង​ម៉ាឡៃ បានចាប់ផ្តើម​ឲ្យមាន​ការផ្តាច់​ខ្លួន​នៅ​ខាងជើង​ផ្លូវ​ជាតិ​លេខ​៥ និង​មួយ​ផ្នែក​នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ នៅ​ភ្នំស្រុក​...​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​យើង​ជា​ក្មេងជំនាន់ក្រោយ យើង​បាន​រំលត់​នូវ​មរតក ដែល​ពួក​ជំនាន់​ចាស់​បាន​ចង​។ យើង​ជា​ជនរងគ្រោះ នៃ​ការបង្កើត​សង្គ្រាម​ដោយ​អ្នក​ជំនាន់​ចាស់​។ នៅ​ពេល​សង្គ្រាម ចាប់​ផ្ទុះ​នៅ​កម្ពុជា ឆ្នាំ​១៩៧០ ខ្ញុំ​ទើប​មាន​អាយុ ១៨ ឆ្នាំ​ទេ​។ ប៉ុន្តែ ( ខ្ញុំ ) មាន​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ចំណង ដែល​អ្នក​ជំនាន់​មុន​បាន​ចង ហើយ​សូម្បី​តែ​អង្គការសហប្រជាជាតិ ក៏​មិន​អាច មក​ដោះចំណង​នេះ​បាន​ដែរ​។ ប៉ុន្តែ​ឥឡូវ នេះ​ជា​ការបង្ហាញ​មេក្លោង​ធំ​នៅ​នេះហើយ ( អតីត​មេទ័ព​ខ្មែរក្រហម អ៊ី​ឈាន​... ) គេ​ឈប់​វ៉ៃ​គ្នា​នឹង​អាវុធ​ហើយ​..."​។​

​សម្តេច​ហ៊ុន​សែន ក៏​បាន​បន្តថា "​ទី​ចុង​បំផុត លាប​ពណ៌​គ្នា អា​មួយ​ខ្មែរក្រហម អា​មួយ​ខ្មែរស អា​មួយ​ខ្មែរ​ខៀវ អា​មួយ​អាយ៉ង់យួន និង​អា​មួយ​អាយ៉ង់​អាមេរិក​។ អាយ៉ង់​ចុះ អាយ៉ង់​ឡើង ងាប់​ខ្មែរ​"​។ 

​សម្តេច​ហ៊ុន​សែន បាន​គូសបញ្ជាក់ថា "​ឥឡូវ​អត់​ទេ នាំ​គ្នា​បង្កើត​បក្ស​នយោបាយ បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល បង្កើត​សារព័ត៌មាន​ទៅ​។ បើ​មាន​អី គឺ​ប្រកួតប្រជែង​គ្នា តាមរយៈ​សន្លឹកឆ្នោត​។ កុំ​វ៉ៃ​គ្នា​ទៀត​។ កុំ​ធ្វើឲ្យ​មាន​សង្គ្រាម​។ ( សង្គ្រាម ) នេះ​ជា​បញ្ហា​មួយ ដែល​រារាំង​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​កន្លង​ទៅ​។ បើសិនជា​មិន​មាន​សង្គ្រាម ឆ្នាំ​១៩៧០ ប្រហែល​ជា​ប្រទេស​យើង មិន​ដើរ​ថយក្រោយ​នោះទេ​..."៕​