Monday, October 1, 2012

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​​ប្រជាពល​រដ្ឋ​​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​អនាម័យ​នៅក្នុង​ពិធី​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​

ភ្នំពេញ​ ៖ ​លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០១២​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​អនាម័យ​ពិសេស​នៅក្នុង​រដូវ​កាន់បិណ្ឌ​ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ។
​ ​ការអំពាវនាវ​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​យើង​មួយចំនួន​កន្លងមក​បាន​ពុល​ចំណីអាហារ​ហើយ​ខ្លះទៀត​ដោយសារ​ការ​បរិភោគ​អាហារ​មិនបាន​ត្រឹមត្រូវ​ក៏​ធ្វើ​ឲ្យ​កើតមាន​ជំងឺ​រាករូស​ឬ​មាន​អាការៈ​ក្អួតចង្អោរ​ជាដើម​។​
​ ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ឆ្នាំ​២០១១​កន្លងទៅ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​មាន​ករណី​ពុល​ចំណី​អាហារ​ចំនួន​១២​លើក​ដោយសារតែ​ការ​បរិភោគ​មិន​មាន​អនាម័យ​។​
លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា​កន្លងមក​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​បាន​កើត​ជំងឺ​រាករូស​ឬ​ក្អួតចង្អោរ​ដោយសារ​ការ​បរិភោគ​ចំណី​អាហារ​មិន​មាន​អនាម័យ​ត្រឹមត្រូវ​ពិសេស​នៅក្នុង​រដូវ​បុណ្យទាន​ដែល​សំបូរ​ទៅ​ដោយ​មនុស្ស​កកកុញ​និង​ចំណី​អាហារ​ច្រើន​ពោរពាស​ងាយ​នឹង​ឆ្លង​នូវ​ជំងឺ​។​ លោក​រដ្ឋមន្ត្រី​បាន​ចាត់ទុក​ថា​ការ​ទុកដាក់​ចំណី​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ដូចជា​គ្រប​និង​វេច​ខ្ចប់​ឲ្យ​មាន​អនាម័យ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​កា​ការពារ​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​។​ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ថា​មិន​ត្រូវ​បរិភោគ​ចំណី​អាហា​រណា​ដែល​មិន​ស្អាត​ឬ​ជូរ​ផ្អូម​នោះទេ ​ព្រោះ​ចំណី​អាហារ​ទាំង​អស់នោះ​ពេល​យើង​បរិភោគ​ទៅ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​ ដូច្នេះ​សូម​បងប្អូន​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រួមមាន​ផឹក​ស្អាត​រស់នៅ​ស្អាត​និង​បរិភោគ​ស្អាត​ដើម្បី​ការពារ​សុខភាព​ខ្លួន​យើង​ក៏ដូចជា​ក្រុមគ្រួសារ​យើង​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​រាករូស​,​ក្អួតចង្អោរ​ជាដើម​។ ​ជាងនេះទៅទៀត​ត្រូវ​ឧស្សាហ៍​លាងដៃ​និង​សាប៊ូ​ព្រោះថា​ការលាង​ដៃ​នឹង​សាប៊ូ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ការពារ​ជំងឺរាក​រូស​និង​ជំងឺ​ពងបែក​ដៃជើង​និង​ក្នុង​មាត់​ដែល​ទើបតែ​បាន​យាយី​មកលើ​កុមារ​កម្ពុជា​យើង​នាពេល​ថ្មីៗ​នេះ​ដែល​បណ្តាល​ឲ្យ​កុមារ​ជិត​៨០​នាក់​ឆ្លង​ក្នុង​នោះគេ​រកឃើញ​មាន​ប្រមាណ​៦១​នាក់​ត្រូវ​នឹង​និយមន័យ​នៃ​ជំងឺ​នេះ​។​ក្នុងចំណោម​៦១​នាក់​នោះ​មាន​៥៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​
​ ​ពាក់ព័ន្ធ​ទៅនឹង​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះដែរ​មិនមែន​មានការ​ប្រុងប្រយ័ត្ន​ចំពោះតែ​ក្រសួងសុខាភិបាល​ប៉ុណ្ណោះ​នោះ​ទេ​មន្ត្រី​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​បង្កើន​ការ​ត្រួតពិនិត្យ​ដល់​សត្វ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរ​នៅ​តាម​ដងផ្លូវ​ពិសេស​សត្វ​មាន់​ទា​។​
​ ​លោក​កៅ​ផល​ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​បាន​មានប្រសាសន៍ថា​នាយកដ្ឋាន​បាន​ធ្វើ​ការណែនាំ​រួចហើយ​ដល់​មន្ត្រី​បសុពេទ្យ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ដល់​សត្វ​នៅ​តាម​ដង​វិថី​ពិសេស​ត្រូវ​ធ្វើ​ជីវៈ​សុវត្ថិភាព​តាំងពី​ដើមទី​ដល់​ចុង​ទី​។​ លោក​កៅ​ផល​បាន​ពន្យល់​ថា​មានន័យថា​មន្ត្រី​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ដើមទី​ទៅលើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​ដល់​កន្លែង​ទុកដាក់​សត្វ​ត្រូវ​បាញ់​ម្តង​ទៀត​។​ លោក​បន្ត​ថា​ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​កុំ​ឲ្យ​មាន​ឆ្លង​ជំងឺ​ផ្សេងៗ​ដែល​ឆ្លង​តាមរយៈ​សត្វ​ដូច​ជា​​ជំងឺផ្តាសាយបក្សី​ជាដើម​។​ លោក​បាន​បញ្ជាក់​ថា​តំរូវការ​សត្វ​នៅក្នុង​រដូវ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​មាន​តិច​ជាង​បុណ្យប្រពៃណី​ចិន​ទេ​ដូចជា​បុណ្យ​សែន​ក្បាលទឹក​។​
​ ​លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុនហេង​បាន​មានប្រសាសន៍ថា​មិន​ត្រូវ​បរិភោគ​មាន់​ទា​ឈឺ​ឬ​ងាប់​នោះ​ទេ​ដើម្បី​​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ត្រូវ​យក​វា​ទៅ​ដុត​ឬ​កប់​ចោល​។​
​ ​ជំងឺផ្តាសាយបក្សី​បាន​ឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០៤​នៅ​ភូមិ​ពោងពាយ​សង្កាត់​ភ្នំពេញ​ថ្មី​ហើយ​រហូត​មក​ដល់ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​នេះ​ចំនួន​២១​នាក់​ក្នុង​នោះ​ស្លាប់​១៩​នាក់​នឹង​ជួយ​ព្យាបាល​បាន​ទាន់​ពេលវេលា​ច​ចំនួន​២​នាក់៕
សំអឿន