Friday, August 17, 2012

សម្តេច​តេជោ​ចង់​ឲ្យ​ខេត្ត Anhui របស់​ចិន​វិនិយោគ​លើការ​ផលិត​ទំនិញ​នៅ​កម្ពុជា


ឯកឧត្តម ស៊ុន ជិន ឡុង ( SUN JIN LONG) លេខាធិការ​រងគណៈក​ម្មាធិកា​របក្ស​កុម្មុយ​និស្ត​ចិន​ខេត្ត​អាន​ហ៊ួយ (Anhui) មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១២ នៅ​វិមាន សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​ថា គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច​មកកាន់​ព្រះរាជា​ណាចក្រ​កម្ពុជានា​ពេលនេះ គឺដើម្បី​ពង្រីក និងពង្រឹង​នូវកិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រជាជន​ខេត្ត​អាន​ហ៊ួយ (Anhui) ជាមួយ​ប្រជាជ​នកម្ពុជា​ និង​ស្វែង​រកល​ទ្ធភាពដើម្បី​ធ្វើការ​វិនិ​យោគ និង​សហកា​រ​​លើ​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យដឹង​ថា ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន ឯកឧត្តម ស៊ុន ជិន ឡុង ( SUN JIN LONG) បាន​ជម្រាប​ជូន​សម្តេច តេជោ​នាយក​រដ្ឋម​ន្រ្តីថា នេះជា​លើក​ទី១ ហើយ​ដែល​រូ​បឯក​ឧត្តម​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា គឺបាន​សង្កេត​ឃើញ ថា ចាប់​តាំង​ពីព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក​ដល់​សណ្ឋាគារ​ដែល​ស្នាក់​នៅ ​ឯកឧត្តម មាន​អារម្មណ៍​ថា ព្រះរា​ជាណា​ចក្រ​កម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍ​លើគ្រប់​វិស័យ ដែល​ឯក​ឧត្តម​សូម​គោរព​សម្តែង​នូវការ​វាយ​តម្លៃខ្ពស់ ចំពោះ​ការដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី។ ឯកឧត្តម ស៊ុន ជិន ឡុង ( SUN JIN LONG) ក៏បាន​គោរព​អញ្ជើញ​សម្តេច​តេជោ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ត Anhui នៅពេល ណា​មួយ​ផង​ដែរ។
ឯកឧត្តម ស៊ុន ជិន ឡុង ( SUN JIN LONG) ក៏បាន​រាយ​ការណ៍​ជូន​សម្តេច​តេជោ​អំពី​ស្ថានភាព​របស់​ខេត្ត Anhui ដែល​ជាខេត្ត​មួយ​ស្ថិត​នៅ​ក្នុង​ភូមិភាគ​កណ្តាល​របស់​ចិន និងជា​ខេត្ត​ដែល​មាន​សកល​វិទ្យាល័យ​ជាង១០០ ជា​ខេត្ត​ដែល​ត្រូវបាន​ចាត់​ទុកជា​ខេត្ត​ឧស្សា​ហកម្ម និងកសិ​ក​ម្ម​​​ផងដែរ។
ជាការ​ឆ្លើយ​តប សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា សម្តេច​នឹង​អញ្ជើញ​ទៅធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ត Anhui នៅពេល​ដែល​សម្តេច​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅប្រទេស​ចិននៅ​ពេល​ណា​មួយ ដោយ​សម្តេច​បាន​ស្នើឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំ​នៅ​កម្ពុជា រៀបចំ​ដំណើរ​ទស្សន​កិច្ចនេះ។
ពាក់ព័ន្ធ​នឹងកិច្ច​សហ​ប្រតិ​បត្តិការ នៃ​ការស្វែង​រកលទ្ធភាព​វិនិយោគ​នៅ​កម្ពុជា សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​ឯកឧត្តម ស៊ុន ជិន ឡុង ( SUN JIN LONG) ថា សូម​ពិនិត្យ​មើល​នូវអ្វីដែល​អាច​វិនិយោគ​បាន និងអាច​ធ្វើកិច្ច​សហប្រតិ​បត្តិការ​បាន ដើម្បី​ធ្វើយ៉ាង​ណា​ជួយ​ជំរុញ​ពាណិ​ជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ចិនឲ្យ​ឈាន​ដល់​៥.០០០ លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិក​នៅឆ្នាំ២០១៧ ដូចដែល​ថ្នាក់​ដឹកនាំ​នៃប្រទេស​ទាំង​ពីរ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នា ពេល​កន្លង​មក។
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន ធ្វើការ​ណែនាំ​ឲ្យពិនិត្យ​មើល​លទ្ធភាព​នៃការ​វិនិយោគនៅ​កម្ពុជា​លើ​ការផលិត​នូវ​ទំនិញ ដើម្បីនាំ​ចេញទៅ​កាន់ប្រទេស​ចិន ដែល​សព្វ​ថ្ងៃនេះ ប្រទេស​ចិន​បាន​អនុញ្ញាត​ឲ្យកម្ពុជា​នាំទំនិញ​ចូលទៅ​កាន់ប្រទេស​ចិនចំនួន​៤១៨ មុខ៕