Friday, August 17, 2012

សម្តេចតេជោគាំទ្រ​និង​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើនកិច្ច​សហប្រតិបត្តិការកម្ពុជា-វៀតណាមតាម​ស្ថាប័ន


ឯកឧត្តម ង្វៀន ស៊ិន ភុក (Nguyen Xuan Phuc) សមា​ជិក​ការិយា​ល័យ​នយោ​បាយ និងជា​​ឧប​នា​​យក​រដ្ឋមន្រ្តីនៃសា​ធារ​ណរដ្ឋសង្គមនិយមវៀត​ណាម និង​​ជា​​ប្រធាន​​គណៈ​កម្មាធិ​ការ​ជាតិ​ត្រួត​​ពិនិត្យ​​គ្រឿង​​ញៀន ជម្ងឺ​អេដស៍ និង​ពេស្យាចារ​​វៀតណាម នៅក្នុង​ជួប​សម្តែង ការ​គួរ​សម​ជា​មួយ​សម្តេច​អគ្គម​ហាសេនា​បតី​តេជោ ហ៊ុន សែន នៅវិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី១៦ ខែ​សីហា ឯកឧត្តម បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកា​ររីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស របស់ព្រះ​រាជា​ណាចក្រ​កម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យដឹង​ថា ឯកឧត្តម ង្វៀន ស៊ិន ភូក (Nguyen Xuan Phuc) នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ក្នុង​ពេល​នេះ​បាន​ពាំនាំ​នូវការ​ផ្តាំផ្ញើ​សាក​សួរសុខ​ទុក្ខពី​សំណាក់​ថ្នាក់ដឹក​នាំ នៃ​សាធារណរដ្ឋ សង្គម​និយម​វៀត​ណាម ជូន​សំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង​បានគូស​បញ្ជាក់​ថា នៅក្នុង​ដំណើរ​ទស្សន​កិច្ចនេះ លោក​បានសង្កេត​ឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ជាពិសេស លើ​វិស័យ​សេដ្ឋកិច្ច ទេស​ចរណ៍ ដែល​នាំឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើងខ្ពស់​​គួរឲ្យ​កត់​សម្គាល់។
ឯកឧត្តម Nguyen Xuan Phuc បាន​ជម្រាប​ជូន​សម្តេច​តេជោ​ថា ឆ្នាំនេះ​ជាឆ្នាំ​នៃទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និង​វៀត​ណាម ដែល​នៅក្នុង​ប្រទេស​វៀត​ណាម​មាន​រៀប​ចំសកម្ម​ភាព​​ជាច្រើន ហើយ​ឯកឧត្តម​បាន​ឆ្លៀត​ឱកាស​នេះ មកធ្វើ​ទស្សន​កិច្ចនៅ​ប្រទេស​កម្ពុជា ដើម្បី ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​រវាងប្រទេស​ទាំងពី​រឲ្យកាន់​តែស៊ី​ជម្រៅថែម​ទៀត។ ឯកឧត្តម Nguyen Xuan Phuc ក៏បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អំពីការ​លើកទឹក​ចិត្ត​ដល់ ការ​វិនិយោគ ការ​សហការ​លើវិស័យ​ឯកជន​រវាង​ប្រទេស​ទាំងពីរ និង​បាន​រាយការ​ណ៍​អំពី​កិច្ច​ពិភាក្សា​របស់​លោក​ជាមួយ​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន​និង​យុវនីតិ​សម្បទា ក្នុង​ន័យ​ផ្លាស់​ប្តូរ​ព័ត៌មាន និងបទ​ពិសោធន៍​រវាង​ស្ថាប័ន និង​ស្ថា​ប័ន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការនាំ​មកនូវ​ជីវភាព​ល្អ​ប្រសើរ សុវត្ថិភាព និង​សន្តិភាព ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បានមាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេ​សទាំង​ពីរ​កម្ពុជា-វៀតណាម​ និងបាន​លើកទឹក​ចិត្តឲ្យ​មានការ​ពង្រឹង​ថែម​ទៀត នូវការ​សហ​ការ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម វិនិយោគ ទេស​ចរណ៍ និង​វប្បធម៌​ជា​ដើម។
សម្តេច​តេជោ​បាន​លើក​ទឹក​ចិត្ត និង​វាយ​តម្លៃខ្ពស់​ចំពោះ​កិច្ចពិ​ភាក្សា និងការ​ផ្លាស់ប្តូរ​ព័ត៌មាន និង​បទ​ពិសោធន៍​រវាង​ស្ថាប័ន និង​ស្ថាប័ន ដោយ​បានលើក​ទឹកចិត្ត​ឲ្យបន្ត​កិច្ច​ពិភាក្សា និងស​ហ​ការ​គ្នា ជាបន្ត​ទៅទៀត៕