Friday, August 17, 2012

បង្ក្រាប​សកម្មភាព​ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ និង​រក្សាទុក និង​កាន់កាប់​អាវុធ​ខុសច្បាប់​

ភ្នំពេញ: នៅ​ថ្ងៃទី ១៦ សីហា ២០១២ វេលា​ម៉ោង ១៥ និង ៣០ នាទី គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក  ( សាលាខណ្ឌ នគរបាល​ខណ្ឌ អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​គរ និង​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ ) ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ហួត ចាន់​វាសនា អធិការ​ស្តីទី​នគរបាល​ខណ្ឌទួលគោក  បាន​ចុះបង្ក្រាប​ទីតាំង​ដែល​សង្ស័យ​ផ្តល់ ទីតាំង​ប្រើប្រាស់​គ្រឿងញៀន ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​រក្សាទុក និង​កាន់កាប់​អាវុធ​ខុសច្បាប់ ដែលមាន​ទីតាំងនៅ​ចំណុច​ហាង​លក់​កាហ្វេ​យីហោ ជី​ង ជី​ង ដែលមាន​ទីតាំងនៅ​ដី​ឡូ​តិ៍​លេខ​១៤ ផ្លូវ​លេខ​២០៦ ក្រុមទី​៣៥ ភូមិ​១៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នោះ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦ នាក់ (​ប្រុស ៤​នាក់ ស្រី ២​នាក់​) ដែលមាន​ឈ្មោះ ទី​១. ជា ម៉េង​ហួត ហៅ​ហួត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជាជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​ជា​ម្ចាស់​ទីតាំង​) ទី​២. ឈ្មោះ កែវ រដ្ឋា ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជា​អ្នកលក់​កាហ្វេ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​ជា​ម្ចាស់​ទីតាំង​) ទី​៣.​ឈ្មោះ ឡេង ភារ​ម្យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ពុំមាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ទីតាំង​ខាងលើ (​ជា​ម្ចាស់​អាវុធ​) ទី​៤. ឈ្មោះ សុខ ស្រី​ពៅ ភេទ​ស្រី អាយុ ១៨​ឆ្នាំ នៅផ្ទះ ស្នាក់​នៅផ្ទះ​ពុំ​ស្គាល់​លេខ ផ្លូវលំ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ  ទី​៥.​ឈ្មោះ ង៉ែត សុខ​ឡេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​កម្មករ​លាង​រថយន្ត ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​) និង​ទី​៦.​ឈ្មោះ ហួ គឹម​ហេង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យាល័យ ហ៊ុន សែន សណ្តែក ស្នាក់នៅ​ភូមិ​កា​ប៉ាល់ ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម (​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​) ។ 

​វត្ថុតាង​ដក​ហួត​ពី​ជនសង្ស័យ​ទាំង ៦​នាក់ រួមមាន ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Scoopy ពណ៌​ស ស៊េរី​ឆ្នាំ ២០១៣ គ្មាន​ស្លាក​លេខ អាវុធខ្លី​មួយ​ដើម​ម៉ាក រ៉ូឡូ មាន​គ្រាប់ ៤​គ្រាប់ ទូរស័ព្ទ​ចំនួន ៦​គ្រឿង និង​ទូរស័ព្ទ​ចិន​គ្មាន​ថ្ម ២​គ្រឿង ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន លុយ​ដុល្លារ ២៥០​ដុល្លារ និង​លុយ​ខ្មែរ ២​ម៉ឺន​រៀល​។​

​ជនសង្ស័យ​ទាំង ៦​នាក់ រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន និង​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​