Friday, August 17, 2012

កម្ពុជា ដោះដូរ​ឯកអគ្គរាជទូត នៅ​ហ្វីលីពីន ក្រោយ​មាន​ការ​ឆ្លងឆ្លើយ​លិខិត រឿង​សមុទ្រ​ចិន​ខាងត្បូង​

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​តែងតាំង លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស ជា​ឯកអគ្គរាជទូត​ថ្មី ប្រចាំ​ប្រទេស​ហ្វីលីពីន ជំនួស​លោក ហើ​ស សិរី​ធន អតីត​ឯកអគ្គរាជទូត​កម្ពុជា​។ ការផ្លាស់ប្តូរ​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហ្វីលីពីន ត្រូវបាន​ធ្វើឡើង​ភ្លាមៗ ក្រោយពី​កម្ពុជា និង​ហ្វីលីពីន កើត​មាន​ជម្លោះ​ប៉ា​កា តាមរយៈ​លិខិត ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ 

​ក៏​ប៉ុន្តែ​លោក កុយ គួង អ្នកនាំពាក្យ​ការបរទេស​កម្ពុជា បាន​គូសបញ្ជាក់ថា ការផ្លាស់ប្តូរ​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន នៅពេលនេះ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ មិន​មែន​មកពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះឡើយ​។​

​លោក កុយ គួង បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៦​សីហា ឆ្នាំ​២០១២ ថា "​ជា​រឿង​ធម្មតា មិនមែន​ជា​រឿង​ប្លែក​ទេ នៅពេលដែល​ក្រសួងការបរទេស ឬ​ក៏​រដ្ឋាភិបាល​យល់ឃើញ​ថា មាន​ការចាំបាច់​ត្រូវ​ផ្លាស់ប្តូរ គឺ​យើង​ត្រូវតែ​ផ្លាស់ប្តូរ​។ ដូច្នេះ វា​ជា​រឿង​ធម្មតា​។ មិនមែន​ជា​រឿង​ប្លែក ឬក៏​ជា​រឿង​ភ្ញាក់ផ្អើល​អ្វី​ទេ​។ កន្លងមក ខ្ញុំ​សង្កេត​ឃើញ​ឯកអគ្គរដ្ឋទូត​មក​កម្ពុជាក៏​អីចឹង​ដែរ​។ ខ្លះ​បាន​មួយ​ឆ្នាំ​តិចតួច គាត់​ត្រូវ​ការផ្លាស់ប្តូរ​ទៅវិញ​។ គាត់​ដាក់​ឯកអគ្គរដ្ឋទូត​ថ្មី​មក​វិញ​។ ដូច្នេះ​ជា​រឿង​ធម្មតា​ទេ អត់​មាន​អី​ជា​រឿង​ប្លែក​ទេ​"​។​

​លោក កុយ គួង បាន​បន្ថែមថា សម្រាប់​ឯកអគ្គរាជទូត ឬ​ឯកអគ្គរដ្ឋទូត គឺ​មិន​មាន​រយៈពេល​កំណត់​អាណត្តិ ឆ្នាំ​ទេ ទៅតាម​ភាពចាំបាច់ និង​ការតែងតាំង​របស់​រាជ​រដ្ឋាភិបាល ឬ​ក្រសួង​ការបរទេស​។​

​លោក កុយ គួង ក៏​បាន​គូសបញ្ជាក់ថា "​ការផ្លាស់ប្តូរ​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហ្វីលីពីន ជា​រឿង​ធម្មតា​ទេ ហើយ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ដោយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ហ្វីលីពីន ក៏​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​"​។​

​ជា​ការកត់សម្គាល់ លោក ហើ​ស សិរី​ធន អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហ្វីលីពីន បាន​សរសេរ​លិខិត​តប​នឹង​អត្ថបទ​កាសែត​ហ្វីលីពីន The Phillipines Star ដោយ​ប្រតិកម្ម​ទៅ​លើ​អត្ថបទ​ចុះផ្សាយ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១២ សរសេរ​ដោយ​អនុ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន ក្រោម​ចំណងជើង​ថា "​តើ​មាន​រឿងរ៉ាវ​អ្វី​កើតឡើង​នៅ​ទីក្រុង​ភ្នំពេញ​?"​។ អត្ថបទ​នោះ បាន​រិះគន់​កម្ពុជា លើ​បរាជ័យ ដែល​មិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៤៥ នៅ​ទីក្រុង​ភ្នំពេញ កាលពីដើម​ខែ​កក្កដា​។​

​ឧបស័គ្គ ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង ១០ មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន ដោយសារ​តែ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កើតឡើង​រវាង​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​មួយចំនួន រួមមាន​៖ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ​។ ប៉ុន្តែ​សមាជិក​អាស៊ាន ដែល​ចេញ​មុខ​ប្រឆាំង​ចិន ក្នុង​ជម្លោះ​ដណ្តើម​ដែន​កោះ ខ្លាំងក្លា​ជាង​គេ គឺ​ហ្វីលីពីន និង​វៀតណាម​។​

​ក្នុង​អត្ថបទ​របស់​អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហ្វីលីពីន លោក ហើ​ស សិរី​ធន កាលណោះ បាន​ចោទប្រកាន់​ប្រទេស​ហ្វីលីពីន ថា មាន​នយោបាយ​កខ្វក់ នៅ​ពីក្រោយ នៃ​ជំហរ​មិន​អាច​ពិភាក្សា និង​បត់បែន​បាន របស់​ទីក្រុង​ម៉ានីល លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​រារាំង​មិនឲ្យ​រដ្ឋមន្ត្រីការបរទេ​ស​អាស៊ាន រក​ឯកភាព​រួម ដើម្បី​ចេញ​សេចក្តីថ្លែងការណ៍​បាន​ឡើយ​។ 

​ថ្មីៗនេះ ក្រសួងការបរទេស​កម្ពុជា ក៏​បាន​បង្ហាញ​កំណត់​ទូត​តវ៉ា​មួយ ទៅ​ស្ថានទូត​ហ្វីលីពីន ប្រចាំ​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​ការបិទ​ផ្សាយ​ទំព័រ​កាសែត ដែល​មាន​ចុះផ្សាយ​កំណត់​ទូត​របស់​រដ្ឋាភិបាល​ហ្វីលីពីន និង​លិខិត​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ហ្វីលីពីន ចូល​ឆ្លើយបំភ្លឺ​ផងដែរ​៕​