Friday, August 17, 2012

ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ឆ្នាំង ចុះសួរសុខទុក្ខ​យុវជន​ស្ម័គ្រចិត្ដ នៅ​ស្រុក​សាមគ្គី​មានជ័យ​

កំពង់ឆ្នាំង: ប្រតិភូ​មួយក្រុម​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី អាត់ ខែម កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ យុវជន​ស្ម័គ្រចិត្ដ ក្រុមទី​៨៩ ដែល​កំពុង​បំពេញការងារ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​។​
​    ​
​នៅក្នុង​ឱកាស​នោះ ប្រតិភូ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បាន​នាំយក​សាច់គោ​ចំនួន ២០ គីឡូក្រាម ទឹកត្រី ១៥ យួរ ទឹកស៊ីអ៊ីវ ៩​យួរ ប្រេងឆា ៣​ធុង ប្រហុក ៣០​គីឡូក្រាម ត្រីងៀត ១០​គីឡូក្រាម ស្ករស ៦​គីឡូក្រាម ទឹកបរិសុទ្ធ​ចំនួន ១៥​កេះ មី​ចំនួន ១៥​កេះ ត្រីខកំប៉ុង​ចំនួន ៣​កេះ​ធំ ប៊ីចេង​ចំនួន ៦​គីឡូក្រាម ខ្ទឹមស​ចំនួន ៦​គីឡូក្រាម ស្ពៃក្ដោប ១០​គីឡូក្រាម  ផ្លែ​ល្ពៅ ១០​គីឡូក្រាម ផ្លែ​ត្រឡាច​ចំនួន ១០​គីឡូក្រាម អង្ករ​ចំនួន ១០០​គីឡូក្រាម ប្រេងសាំង​ចំនួន ១០០​លីត្រ កង្ហារ ៣​គ្រឿង រ៉ូឡូ​ខ្សែភ្លើង​ចំនួន ៣ និង​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល ដែល​សរុប​ថវិកា​ទាំងអស់​ស្មើនឹង ៤.៤៥៣.០០០ រៀល ទៅ​ប្រគល់ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ដ មន្ដ្រី​ជំនាញ​សុរិយោដី និង​កម្លាំង​ការពារ ដែល​កំពុង​បំពេញការងារ​វាស់វែង​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។​
​    ​
​មាន​ប្រសា​ន៍​នៅក្នុង​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បាន​សំដែង​នូវ​ការកោតសរសើរ ចំពោះ​ទឹក​ចិ​ត្ដ​ដ៏​មោះមុត នៃ​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ទាំងអស់ ក្នុងការ​ចូលរួម​បំពេញ​បេសកម្ម​ដ៏​ធំធេង ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ដ​ន៍​នយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​នាពេលនេះ​។​

​លោកស្នងការ​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ក្រុមយុវជន​ទាំងអស់ អោយ​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​ថែទាំ​សុខភាព​អោយបាន​ល្អ ហើយ​បើ​មាន​បញ្ហា​អ្វី ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​ជួយ​អន្ដរាគមន៍ អោយបាន​ទាន់ពេលវេលា​៕​