Friday, August 17, 2012

កម្ពុជា​សម្រេច​បណ្ដេញ​ជនជាតិ​ចិន ១៥ នាក់ ត្រឡប់​ទៅ​ប្រទេស​កំណើតវិញ

ភ្នំពេញ: ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានសម្រេច​បណ្ដេញ​ជនជាតិ​ចិន ១៥ នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន កាលពីសប្តាហ៍មុន ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ឆ្លងដែន ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ថឺណេត ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​វិញ​ហើយ​។  ការសម្រេច​នោះ បាន​ធ្វើ​ឡើង តាមរយៈ​លិខិត​មួយច្បាប់ ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ នៅ​រសៀល​ថ្ងៃ​ទី​១៧​សីហា ឆ្នាំ​២០១២ ថា "​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ( ឯកឧត្តម ស ខេង ) បាន​ចុះហត្ថលេខា លើ​ករណី​ជនជាតិ​ចាប់ជំរិត​នោះ រួចហើយ កាល​ពី​ថ្ងៃមិញ​។ ដូច្នេះ ក្រោយ​ការចុះហត្ថលេខា មួយ​សប្តាហ៍​យ៉ាងយូរ គឺ​ជនជាតិ​ចិន​ទាំងនោះ ត្រូវ​បណ្ដេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​"​។​

​សូម​រម្លឹកថា ជនជាតិ​ចិន​ចំនួន ១៥​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កម្ពុជា ឃាត់ខ្លួន នៅផ្ទះសំណាក់ អប្សរា ក្នុង​ក្រុង​ច្បារ​ខេត្ត​មន ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១២​។ ការចាប់ខ្លួន​ជនជាតិ​ចិន​ទាំង ១៥​នាក់​នោះ គឺជា​លើក​ទី​៣​ហើយ ដែល​សមត្ថកិច្ច​​កម្ពុជា ចាប់ខ្លួន​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាមរយៈ​ការ​គំរាម​​ទារ​ប្រាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ គិត​មកដល់ពេលនេះ មាន​ចំនួន​សរុប ២៣១ នាក់​។​

​ករណី​ទី​១ សមត្ថកិច្ច​របស់​នគ​របាល​ជាតិ​កម្ពុជា ចាប់បាន ១៦៧ នាក់ (​ស្រី ៤៩ នាក់​) កាលពី​ថ្ងៃ​៩ ខែមិថុនា ឆ្នាំ​២០១១ នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​ស្វាយរៀង និង​នៅ​រាជធានី​ភ្នំពេញ​។​

​រីឯ​លើក​ទី​២ សមត្ថកិច្ច ចាប់​បាន​ជនជាតិ​ចិន ៤៩ នាក់ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ និង​បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន​ទាំងនោះ ទៅកាន់​ប្រទេស​ចិន​វិញ​។ 

​ចំណែក​ករណី​ទី​៣ នៅ​ថ្ងៃ​៨ ខែ​សីហា ឆ្នាំ​២០១២ សមត្ថកិច្ច​ចាប់បាន ១៥ នាក់ នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​៕​