Friday, August 17, 2012

លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ប្រាប់​ឱ្យ​ទាហាន បង្ក្រាប​កុងត្រូលជជុះ និង​កុំ​រកស៊ី​ឈើ​


ព្រះវិហារ: លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​អនុប្រធាន​ទី​១ គណៈបញ្ជាការ​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ព្រមាន​ដោយ​ពាក្យសម្តី​ធ្ងន់ៗ ទៅកាន់​នាយទាហាន និង​កង​នគរបាលជាតិ​ជាន់ខ្ពស់​ជាច្រើនរូប ដែល​សុទ្ធសឹងតែ​ជា​អ្នកទទួលខុសត្រូវ នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ គឺ​ធ្វើយ៉ាងណា​បង្ក្រាប​កុងត្រូលជជុះ និង​គេចចេញ​ឱ្យ​ផុតពី​បទល្មើស​ព្រៃឈើ​។ 
​    ​
​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បញ្ជូន​សារ វិស្វកម្ម​កាំភ្លើង​ធំ រថក្រោះ ការពារ​អាកាស ទ័ពព្រៃ និង​យុទ្ធវិធី​ថ្មើរជើង ទប់ទល់​ការពារ​ទីតាំង ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​៣ តំបន់​ពាក់​ស្បែក ក្នុងស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២​។ 

​អ្វី ដែល​សំខាន់បំផុត​នោះ ថ្នាក់ដឹកនាំ​កំពូលៗ​ដែល​ចូលរួម​នោះដែរ មាន​លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន បញ្ជាការ​អង្គរក្ស និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈបញ្ជាការ​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤​។
​    ​
​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​និយាយ​យ៉ាង​ចំហ​នៅ​ចំពោះមុខ​នាយទាហាន​, នាយទាហានរង និង​ពលទាហាន​ដែល​ចូលរួម​នៅ​ទីនោះ​ថា កុងត្រូលជជុះ​គឺជា​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជា​ធរមាន​នៅឡើយ ហេតុនេះ​កងកំលាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវតែ​បង្ក្រាប​កុងត្រូលជជុះ​នោះ​ឱ្យខាងតែបាន​។ 
​    ​
​លោកនាយ​ឧត្ដមសេនីយ៍​កងទ័ព​រូ​ប​នោះ ក៏បាន​និយាយ​យ៉ាង​ដូច្នេះ​ថា កុងត្រូលជជុះ​បច្ចុប្បន្ន​នៅតែ​កើតមាន​ជា​ហូរហែរ​តែ​កងកំលាំងប្រដាប់អាវុធ​របស់​យើង​ហាក់ដូចជា មិន​មានការ​រហ័សរ​ហួន​បង្ក្រាប​កុងត្រូលជជុះ​ទាំងនោះ​។ ការ​ស្ពឹក​ស្រពន់ ត្រូវតែ​ភ្ញាក់រលឹក​ឡើងវិញ ហើយ​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​កុងត្រូល​ទាំងនោះ តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​។ 

​លោក គន់ គីម បន្ដថា បើ​ថ្នាក់​ធំៗ​មិន​បង្ក្រាប​លោក​ស្នើឱ្យ​មន្ដ្រី​យោធា​ថ្នាក់ក្រោម​បង្ក្រាប និង​ពួកគេ​អាច​បំពាក់អាវុធ​នៅនឹងកន្លែង​ឱ្យធ្វើជា​ប្រធាន ខ​, ប្រធាន គ និង​ប្រធាន​វរៈ​នៅ​ទីនោះ​តែម្ដង​។ ព្រោះ​ពួកគេ​ជា​អ្នក​បញ្ចេញស្នាដៃ​ខណៈ ពេលដែល​មេ​របស់ខ្លួន​ភ្លេចខ្លួន​ក្នុងការ​បង្ក្រាប​កុងត្រូលជជុះ​។ 
​    ​
​លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​និយាយទៀតថា កន្លងមក​មាន​កងពល​ខ្លះ​បាន​ជាប់​ពាក់ព័ន្ធ​និង​ការរកស៊ី​ឈើ ប៉ុន្ដែ​ឥឡូវ​ក្រោយពី​កងពល​ទាំងនោះ បានទទួល​ការស្ដីបន្ទោស​ពួកគេ​បាន​ផ្អាក​សកម្មភាព ប៉ុន្ដែ​ទោះបី​យ៉ាងណាក៏ដោយ លោក​បាន​ផ្ដាំ​ឱ្យ​ទាហាន​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងនោះ​បញ្ឈប់​ទាំងអស់ លែងឱ្យ​មានការ​ពាក់ព័ន្ធ​តទៅទៀត​។ 
​    ​
​លោក​និយាយថា បទល្មើស​ព្រៃឈើ​គឺជា​វិធានការណ៍​ក្ដៅ​មួយ ដោយ​យើងទាំងអស់គ្នា​ត្រូវតែ​គោរព​ដោយ​មិន​អនុវត្ដ​ផ្ទុយទៅនឹង​ច្បាប់​ជា​ធរមាន​ឡើយ​។ ហេតុនេះ យើង​មិនត្រូវ​គិត​អ្វី​ឱ្យ​ខុសពី​ផ្លូវច្បាប់ ហើយ​ងាក​មក​ប្រកាន់​នូវ​ជំហរ​អភិវឌ្ឍន៍​នៅតាម​កងពល​របស់ខ្លួន​ដើម្បី​ឈានទៅរក​ភាព​រីកចំរើន​ទៅ​ថ្ងៃ​អនាគត​។ 
​    ​
​ពាក់ព័ន្ធ​នឹង​ដី ដែល​បាន​ចែកជូន​គ្រួសារ​កងទ័ព ហើយ​មានការ​ទទួលខុសត្រូវ​តាម​បណ្ដា​កងពល​នីមួយៗ លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម ក៏​ស្នើឱ្យ​មេ​កងពល​ទាំងនោះ ត្រូវ​បែងចែក​ឬក៏​ផ្ដល់ជូន​គ្រួសារ​កងទ័ព ឱ្យបាន​ស្មើរៗ​គ្នា​ដោយ​មិនត្រូវ​កេង​បន្លំ​អ្វី​ឡើយ​។ ក្នុងករណី មាន​ភាពមិន​ត្រឹមត្រូវ មន្ដ្រី​ប្រឆាំង​អំពើពុករលួយ គេ​នឹង​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​នោះ​។
​    ​
​សូមបញ្ជាក់ថា ក្នុងឱកាស​ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បញ្ជូន​សារ វិស្វកម្ម​កាំភ្លើង​ធំ រថក្រោះ ការពារ​អាកាស ទ័ពព្រៃ និង​យុទ្ធវិធី​ថ្មើរជើង ទប់ទល់​ការពារ​ទីតាំង របស់​កងពល​អន្ដរា​គម​ន៍​លេខ​៣ លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បានផ្ដល់​ថវិកា​ចំនួន ១០​លាន​រៀល និង​ស្រា​បៀរ ១៥០​កេស សំរាប់​កងពល​ជប់លៀង​បញ្ចប់​វគ្គ​។ រីឯ​ក្រសួងការពារជាតិ ក៏បានផ្ដល់​អង្ករ ចំនួន ៤​តោន​, មាន​មី​, មាន​ត្រីខ​, មាន​ក្រ​ម៉ា​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​ជាច្រើន ដល់​កងពលធំ​លេខ​៣ ផងដែរ​៕