Friday, August 17, 2012

ប្រមុខ​រាជរដ្ឋាភិបាលអំពាវនាវឲ្យយុវជនគ្រប់អាយុ ប្រជាពលរដ្ឋ ទៅចុះឈ្មោះ​ ត្រួតពិនិត្យ​បញ្ជី​ឈ្មោះបោះ​ឆ្នោត និងជម្រុញ​ឲ្យ​មានការ​ជួយសង្គ្រោះ​សំណាប សន្ទូង​នៅ​តំបន់​គ្រោះ​រាំងស្ងួត


ការជម្រុញ​ឲ្យ​​ជួយសង្គ្រោះ​សំណាប សន្ទូង​នៅ​តំបន់​គ្រោះ​រាំងស្ងួត និងអំពាវនាវឲ្យយុវជន ប្រ​ជា​ពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះ​បោះ​ឆ្នោត ជាការណែនាំ​សំខាន់​ពីរ ដែល​ត្រូវ​បានសម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា លើក​ឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យប៊ៀលប្រាយចំនួន ៥,៥៥៩នាក់ នៅមជ្ឈ មណ្ឌលកោះពេជ្រនា​ព្រឹក​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២។
សម្តេច​តេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ដើម្បីជួយគាំទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ខ្ញុំសូមអំពាវនាវដល់និស្សិតនៅទីនេះក្តី ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសក្តី សូមទៅចុះឈ្មោះបោះឆ្នោតតាមកាលបរិច្ឆេទកំណត់។
ខ្ញុំសូមអំពាវនាវទាំងយុវជន ដែលទើបគ្រប់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមចុះឈ្មោះបោះឆ្នោត ហើយសូមមេត្តាចុះឈ្មោះតែមួយបានហើយ កុំចុះឈ្មោះច្រើនកន្លែងស្ទួនគ្នាដែលធ្វើឲ្យបញ្ជីបោះឆ្នោតមានការប៉ោងឡើង។
សម្តេតេជោក៏​បានណែនាំថា បើយើងទៅកាន់កន្លែងថ្មី ចុះឈ្មោះនៅកន្លែងថ្មី សូមលុបឈ្មោះនៅកន្លែងចាស់ចេញ ហើយសូមទៅផ្ទៀងផ្ទាត់ឈ្មោះឲ្យបានច្បាស់ បើទោះបីជាអ្នកដែលបានចុះឈ្មោះរួចហើយក៏សូមអញ្ជើញទៅផ្ទៀងផ្ទាត់ឈ្មោះ និងស្វែងរកឈ្មោះខ្លួនផងដែរ ដើម្បីជាការសម្អាត និងជួយសម្រួលដល់ការបោះឆ្នោត ហើយក៏សូមកុំបន្ទោសគជបដែ​​​ត្រូវគ្រប់គ្រង​​មនុស្សរាប់លាននាក់។ សម្តេច​តេជោ​បញ្ជាក់ថា វាអយុត្តិ​ធម៌ណាស់សម្រាប់គជប ប្រសិនបើយើងតែម្នាក់មិនព្រមទៅផ្ទៀងឈ្មោះ ហើយនៅថ្ងៃបោះឆ្នោតបែរជា​មាន​ឈ្មោះខុស ហើយបន្ទោសគជប។
សម្តេច​តេជោ​នាយ​ករដ្ឋ​មន្ត្រី​មានប្រសាសន៍ថា បើទោះបីជាមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោ​​រួចហើយក៏ដោយ ក៏សូមទៅផ្ទៀងរវាងអត្តសញ្ញាណប័ណ្ណរបស់យើងជាមួយនឹងឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ព្រោះ​ទង្វើបែបនេះ គឺជាការចូលរួមនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា​​តាមរយៈការចុះឈ្មោះបោះឆ្នោត ដែលមានឈ្មោះត្រឹមត្រូវរវាងអត្តសញ្ញាណប័ណ្ណជាមួយ​​​នឹងឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ឈ្មោះមានតែមួយកន្លែងប៉ុណ្ណោះ ដើម្បីចៀសវាងការ​​ដែលមនុស្សម្នាក់អាចមានឈ្មោះ ២ ឬ ៣ កន្លែងជាការធ្វើឲ្យបញ្ជីបោះឆ្នោតប៉ោងឡើង នោះ។
ចំពោះបញ្ហាចុះឈ្មោះបោះឆ្នោតនេះ​ដែរ ពាក់ព័ន្ធជាមួយនឹងយុវជនស្ម័គ្រចិត្ត​ដែល​កំពុង​ចុះវាស់វែងដីធ្លី ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋវិញ សម្តេច​តេជោ​នាយករដ្ឋមន្រ្តីបានស្នើឲ្យមាន​​ការពន្យាពេលមួយថ្ងៃសម្រាប់ពួកគេមានឱកាស ក្នុងការចុះឈ្មោះ និងឱកាសដើម្បីផ្ទៀងផ្ទាត់ឈ្មោះរបស់ពួកគេ ហើយយកល្អនិស្សិត ដែលមានឈ្មោះនៅតាមបណ្តាខេត្តនានាគួរតែត្រូវបានផ្ទេរឈ្មោះមកកាន់រាជធានីភ្នំពេញតែម្តងទៅ ដើម្បីចៀសវាងនូវការលំបាកក្នុងថ្ងៃបោះ​​ឆ្នោតធ្វើដំណើរទៅបោះឆ្នោតមួយសន្លឹកនោះ។
សម្តេចតេជោមានប្រសាសន៍ថា និស្សិត និងកម្មករ កម្មការិនី ដែលធ្វើដំណើរទៅបោះឆ្នោត នៅតាមបណ្តាខេត្តអាចផ្ទេរឈ្មោះមកកាន់រាជធានីភ្នំពេញ ប៉ុន្តែជាការចាំបាច់ពួកគេត្រូវតែលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនៅតាមខេត្តចេញ ដើម្បីចៀសវាងនូវការប៉ោងបញ្ជីឈ្មោះបោះ​​​ឆ្នោតនោះ
សូម​បញ្ជាក់​ថា កាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ស្តីពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ត្រួត​ពិនិត្យ​បញ្ជីឈ្មោះ​បោះ​ឆ្នោត​នឹងប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១០ ខែតុលាឆ្នាំ២០១២ ខាងមុខនេះ ដើម្បី​បម្រើ​ឲ្យ​ការបោះឆ្នោត​សកល​ជ្រើស​រើស​សមាជិក​រដ្ឋ​សភា​អាណត្តិទី៥ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣​ ខាង​មុខ​នេះ
ដោយឡែក​ទាក់​ទង​នឹង​បញ្ហាតំបន់​ខ្លះ ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួតក្នុង​រដូវ​វស្សា​នេះ សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើឲ្យក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងអាជ្ញាធរដែនដី រួសរាន់ក្នុងការជួយសង្រ្គោះស្រែស្រូវនៅតំបន់​ដែល​មាន​ភាព​រាំងស្ងួត
សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចូលរួមក្នុងសកម្មភាពបូមបាចទឹកនៅតំបន់ដែលមានប្រភពទឹក ដោយត្រូវបញ្ចុះម៉ាស៊ីនបូមទឹកធ្វើអន្តរាគមន៍ មិនត្រូវឲ្យស្រូវ ឬសំណាបងាប់ ដោយទីកន្លែងដែលមានប្រភពទឹក ហើយយើងមិនបានបូមបាចដើម្បីសង្រ្គោះនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបាន​បញ្ជាក់​ថា ប្រជាប្រជាកសិករកម្ពុជា សូមកុំមានការបារម្ភរដូវវស្សាឆ្នាំនេះអាចអូសបន្លាយរហូតដល់ដើមខែធ្នូ ហើយយើងនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ក្នុងពេលដែលមានភ្លៀងទៀតហើយ។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឆ្នាំនេះបាតុភូតធម្ម​ជាតិចម្លែកណាស់មិនថាតែនៅកម្ពុជាទេ ប៉ុន្តែសូម្បីតែនៅប្រទេសហ្វីលីពីន ប្រទេសចិន សហរដ្ឋអាមេរិក ក៏កើតមានគ្រោះធម្មជាតិដោយខ្យល់ព្យុះ និងទឹកជំនន់ដែរ។ ថ្វីត្បិតតែកម្ពុជា បានរួចផុតពីឥទ្ធិពលនៃខ្យល់ព្យុះមួយចំនួនក្តី ក៏សម្តេចនាយករដ្ឋមន្រ្តីបានថ្លែង​ឲ្យដឹង​ថា យើងនៅសល់ព្យុះប្រមាណជាង២០ ព្យុះទៀត ដែលព្យុះទាំងនោះ នឹងមានឥទ្ទិពលចូលមកដល់កម្ពុជា ហើយពេលនោះទឹកទន្លេនឹចាប់ហក់ឡើងជាមិនខាន។
សម្តេចតេជោមានប្រសាសន៍ថា ដោយផ្អែកលើឥទ្ធិពលនៃខ្យល់ព្យុះនេះ ឱកាសនៃការធ្វើស្រែ នៅមានវែងឆ្ងាយ បើទោះបីជាសំណារបស់យើងចាស់ ក៏ប៉ុន្តែយើងអាចបង្កើតនូវស្ថានភាព នៃការរៀបចំសំណាបថ្មីបានដែរ។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ខ្ញុំសូមរំឭកថា មិនត្រូវឲ្យសំណាប ឬសន្ទូងងាប់​នៅចំចំណុច​​ដែលមានប្រភពទឹកទេ ដែលនេះជាវិធានការត្រូវប្រកាន់យក ហើយក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងកសិកម្ម និងអាជ្ញាធរដែនដីត្រូវតែ ធ្វើកិច្ចការងារនេះ ដោយ​​ជួយអន្តរាគមន៍ក្នុង ការបូមបាចនៅតំបន់ដែលមានប្រភពទឹក ចំណែកតំបន់ដែលគ្មានប្រភពទឹកត្រូវតែរង់ចាំទឹកភ្លៀង ហើយដែលចំណុចនេះ ហើយដែលយើងត្រូវធ្វើការកំណត់តំបន់​​ដាំដុះឡើងវិញនោះ