Friday, August 17, 2012

បទអត្ថាធិប្បាយ តើមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​មានអភ័យ​ឯកសិទ្ធិឬ​ក៏ត្រូវ​នៅ​ក្រៅ​ច្បាប់?


បទអត្ថាធិប្បាយ
តើមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​មានអភ័យ​ឯកសិទ្ធិឬ​ក៏ត្រូវ​នៅ​ក្រៅ​ច្បាប់?

តើរាជ​រដ្ឋាភិបាល​កម្ពុជា​ ​ត្រូវ​​ទទួល​រង​គ្រោះ​ម្តង​ហើយ​ម្តង​ទៀត មិន​ចេះ​ចប់​​ មិន​ចេះ​ហើយ ដោយ​ការ​ចោទ​ប្រកាន់​ពី​សំ​ណាក់​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំ​នួន​​ ថា ជាអ្នកបាន​​គំ​រាម​កំ​ហែង​ទៅ​លើ​ក្រុម​អ្នក​រិះ​គន់​ នៅ​ពី​ក្រោយ​ការអនុវត្ត​វិធានការ​របស់ស្ថាប័ន​តុលាការទៅ​លើ​ជន​ដែល​បាន​​ប្រព្រឹត្ត​បទ​ល្មើសព្រហ្មទណ្ឌ ឬក៏​ជន​សង្ស័យមួយ​ចំ​នួ​ន​​ក្នុង​អំពើបំ​ពានច្បាប់​ឬអ្វី​?
          ព្រឹត្តិការណ៍​ថ្មី​ៗ និង​ចុង​ក្រោយ​នេះ ហាក់​បី​ដូចជាមិន​ខុសប្លែក​ពី​អ្វី​ដែលធ្លាប់​​ត្រូវបាន​ចោទ​ប្រកាន់​មកលើ​រាជ​រដ្ឋាភិបាល​ ដូចការ​ចុះ​ផ្សាយ​របស់​វិទ្យុ​សំ​ឡេង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​៣ ខែ សីហា ឆ្នាំ ២០១២នោះ​ទេ គឺក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួននោះ​​ បាន​និយាយ​ភាសា​ដដែល​ៗ​ ថា « ចំ​ណាត់​វិធាន​ការលើ​សង្គម​ស៊ីវិល​ ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច និង​ប៉ះ​ពាល់​ដល់​កិច្ច​ការ​របស់​ពួក​គេ...» ឬ​ក្នុង​ពាក្យ​ចោទ​ជាថ្មី​ទៀតមកលើ​រាជ​រដ្ឋាភិបាល​ ថា ជាអ្នក​បាន​គំ​រាម​កំ​ហែង​ធ្ងន់​ធ្ងរដល់​ការងារ​របស់ក្រុម​ប្រឆាំង និង​​អង្គការ​សង្គម​ស៊ីវិល​»។
          ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ ដែល​រួម​មាន​ ថ្នាក់​ដឹក​នាំ ឬជាមន្ត្រី​​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស អ្នកវិភាគ​ឯករាជ្យ​ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ទំ​នោរគាំទ្របក្ស​ប្រឆាំង​ គឺពួក​គេហាក់​ដូច​ជា​ជ្រួល​ច្របល់​ អន្ទះ​អន្ទែង​ក្នុង​ចិត្តជាខ្លាំង ខណៈពេល​ដែលមាន​សកម្មជន​ធ្លាប់​សហការ​ការងារ​ជាមួយ​ពួក​គេ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​មួយ​ចំ​នួនខ្លះ​ទៀត​​មានដីកា​បង្គាប់​ពី​​តុលា​ការ​​ឱ្យ​ចូល​ខ្លួន​ ពាក់​ព័ន្ធក្នុង​​រឿង​ព្រហ្មទណ្ឌ។
          ជាមួយ​នឹងឥរិយាបទ​ « យកច្បាប់​ទ្រាប់​អង្គុយ​ » ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​មុន​ការ​សម្រេចក្តី​របស់​តុលាការ​ទៅ​ទៀត​ ដោយពួក​គេបាន​ទទូច​ស្នើ​សុំ​ឱ្យ​តុលាការ​កាត់​សេចក្តី​លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេតរបស់​សមាគម​អាដ​ហុក ដោយ​ឯករាជ្យ​​ មុន​ពេល​ដែល​ជន​សង្ស័យ​នៅ​មិន​ទាន់​ទាំង​បាន​ចូល​ខ្លួន​ទៅ​បំ​ភ្លឺនៅ​ក្នុង​តុលាការ​នៅ​ឡើយ​។ តើទង្វើ​បង្ខិត​បង្ខំ​ទៅ​លើ​តុលាការ​បែប​នេះ​ គួរត្រូវ​បាន​ចាត់​ទុក​ថា ជាការ​គាប​សង្កត់​ទៅ​លើស្ថាប័នតុលាការ​បាន​ដែរទេ?  តើមន្ត្រី​អង្គការសង្គម​ស៊ីវិល​​ត្រូវ​បាន​អនុញ្ញាតដោយ​ច្បាប់​ក្នុង​ការ​ជួយ​សម្រួល​បញ្ហា​គ្រប់​បែប​យ៉ាងដល់​ជន​ល្មើស ដើម្បី​ការ​រត់​គេចខ្លួន​ឬ​យ៉ាង​ណា?​​ ប្រសិន​បើ​សកម្មភាព​របស់​លោក ចាន់ សុវ៉េត ត្រូវ​បាន​តុលាការបង្ហាញ​​​ភស្តុតាង​រឹង​មាំមែន​នោះ។​
          ដូច​គ្នា​នេះ​ដែរ ករណី​ចំ​ណាត់​ការ​ទៅ​លើ​ប្រធាន​សមាគមអ្នក​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់​ដូ ដែលត្រូវ​បាន​ចាប់​ឃុំ​ខ្លួន គឺសង្ស័យ​ក្នុង​បទ​ល្មើសព្រហ្មទណ្ឌចំ​នួន​៤ករណី​ធំៗ គឺក្នុង​រឿង​បង្កើត​តំ​បន់​អបគមន៍​ ប៉ុនប៉ង​បង្កើត​រដ្ឋក្នុង​រដ្ឋ ធ្វើឱ្យ​មាន​ការ​បះ​បោរប្រឆាំង​នឹង​អំ​ណាច​រដ្ឋបាល​មូល​ដ្ឋាន​ ក៏ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួន​ កន្លង​មក​លើក​ឡើង​ដោយ​ខុសឆ្គង​ផងដែរ​​ ដោយ​ហៅ​ការ​ចោទ​ប្រកាន់​នោះ ថា ជាហេតុផល​នយោបាយ​ និង​បាន​ទាម​ទារ​ឱ្យ​រាជ​រដ្ឋាភិបាល​​​​ដោះ​លែង​ជន​ជាប់​ចោទ​ដោយ​គ្មាន​លក្ខខ័ណ្ឌ។
          ការពិត​ជាក់​ស្តែង​​ ករណី​លោក ចាន់ សុវ៉េត និង​លោក ម៉ម សូណង់​ដូ វាមិន​មែន​ជាការ​គាប​សង្កត់​ទៅ​លើក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះទេ គឺជាការ​អនុវត្តវិធាន​ការច្បាប់​ទៅ​លើបុគ្គល​ជា​ជន​សង្ស័យ​ក្នុង​បទ​ល្មើសព្រហ្មទណ្ឌ ហើយ​​វាក៏​មិន​មែន​ជារឿង​នយោបាយ ​ការ​បំ​បិទសិទ្ធិ​សេរីភាព  គាប​សង្កត់​ ឬក៏​​គំ​រាម​កំ​ហែង​ទៅលើ​ក្រុម​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​នោះទេ។
          គេនៅ​ចាំបាន​ថា កាលពីថ្ងៃទី​២ ​ខែ សីហា ឆ្នាំ ២០១២ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃរដ្ឋាភិបាល​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា ​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់បាន​ផ្តល់​មធ្យោបាយ​ឱ្យ​ជនសង្ស័យ​ក្នុង​ការ​ចូល​កាន់​កាប់​ដី​រដ្ឋខុសច្បាប់​ និង​បាន​រត់​គេចខ្លួន គឺលោក ប៊ុន រដ្ឋា ។
បើ​គេក្រលេក​មើល​ពី​​រដ្ឋធម្មនុញ្ញ ការ​ថ្លែង​របស់​សម្តេចតេជោ គឺពុំ​គួរត្រូវ​បាន​ចាត់​ទុកថា​ជាការ​គំ​រាម​កំ​ហែង​នោះ​ទេ ពី​ព្រោះ​ថា រាជ​រដ្ឋាភិបាល​មានតួនាទី​ និង​ភារកិច្ចពេញ​លេញ​ដើម្បី​រក្សា​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម​​ ដូច្នេះ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ មិន​គួរនឹង​ចង់​ពង្រីក​អំ​ណាច​របស់​ខ្លួន​  ឬក៏​ទាម​ទារ​​ចង់​បាន « អភ័យ​ឯកសិទ្ធិ​របៀប​ផ្តាច់​ការ​ » ដោយ​ចង់ចោទ​ ឬក៏ចង់​​​ដក​ហូតដំ​ណែ​ង​នាយក​រដ្ឋមន្ត្រី​មិន​ឱ្យ​បំ​ពេញ​ភារកិច្ច​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្រេចតែ​នឹង​អំពើ​ចិត្ត​នោះ​ទេ។
យ៉ាង​ណាមិញ ក្នុង​រឿង​បង្កើត​តំ​បន់​អបគមន៍​នៅ​ខេត្តក្រចេះ  សួរថា តើ​នៅ​លើ​ពិភពលោក​នេះ​ មាន​ប្រទេសណាខ្លះ​​ដែល​ត្រូវ​បាន​គេអនុញ្ញាត​ឱ្យ​បុគ្គល​ណាមួយ​ ឬ​ក្រុម​ណាមួយ​នៅ​ពី​លើ​ច្បាប់ដែរឬទេ​ ?​ ។
ការលើកឡើង​បែប​នេះ ដោយ​ពិនិត្យ​ឃើញ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួន​ គឺ​ដៃម្ខាង​ស្រែក​ទាម​ទារ​ចង់​ធ្វើ​កំ​ណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក្រោមស្លាក(NGOs ) និង​ដៃម្ខាង​ទៀត​ប្រើ​អំ​ណាច​កៀប​សង្កត់​មក​លើ​ស្ថាប័នតុលាការ​ ឬ​រាជ​រដ្ឋាភិបាល​ ។ នេះ​ឬ​ជាសារជាតិ​ពិត​របស់​អង្គការ​សង្គម​ស៊ីវិល​​ ដែល​ជាស្ថាប័នឯករាជ្យ​ ដែល​គួរតែមាន​តួនាទី​ក្នុង​ការ​ចូល​រួម​ពង្រឹង​សន្តិ​សុខ​​សង្គម និង​ការ​អភិវឌ្ឍ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ សកម្មភាព​របស់អង្គការ​សង្គម​ស៊ីវិលមួយ​ចំ​នួន ​ពួក​គេ​រាល់​ថ្ងៃបែរជា​ខិតខំ​នាំគ្នា​ស្រែក​ប្រឆាំង​ ដើម្បី​តែប្រាក់​ជំ​នួយ​ និង​ការ​​បំ​ផ្លាញ​ជាតិទៅ​វិញ​?។
បញ្ហាពាក់​ព័ន្ធនឹង​មន្ត្រី​ស៊ើប​អង្កេត​មួយ​រូប​របស់​សមាគម​អាដហុក គឺត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលាដំ​បូង​រាជ​ធានីភ្នំ​ពេញ ​​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​បំ​ភ្លឺក្នុង​តុលាការ​ពី​បទ ផ្តល់​ជំ​នួយ​ដល់​ចារីយ៍​ជាអាទិ៍ ប្រព្រឹត្តិ​នៅ​រាជ​ធានីភ្នំ​ពេញ កាលពី​ខែ ឧសភា ឆ្នាំ ២០១២ តាម​បញ្ញត្តិ​មាត្រា ៥៤៤ នៃក្រម​​ព្រហ្មទណ្ឌ ជាមួយ​នឹង​ការ​បញ្ជាក់​ថា ករណី​មិន​ចូល​ខ្លួន​តាម​កាលកំ​ណត់​ទេនោះ តុលា​កា​រ​នឹង​ចេញ​ដីកាបង្គាប់​ឱ្យ​នាំខ្លួន​។
         ដូច្នេះ ប្រសាសន៍​របស់​សម្តេចតេជោ​​ មិន​គួរត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​   ធ្វើ​ការ​​បកស្រាយ​​បំ​ភ្លើស ឬក៏បំ​ពុល​សាធារណមតិនោះ​ទេ​។ ការ​អំ​អាង​បែប​នេះ​ ក្នុង​ន័យ​ថា មិន​មែន​ប្រធាន​សមាគម ឬ​ក៏មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គ្រប់​រូប​​សុទ្ធ​តែជា​បុគ្គល​ល្អ​ គោ​រព​ច្បាប់​នោះទេ ជា​ឧទាហរណ៍​ ការ​ចុះ​ផ្សាយ​របស់កាសែត​​ Los Angeless Times កាលពី​ថ្ងៃទី​១ ខែ សីហា ឆ្នាំ ២០១២នេះ គឺមេដឹក​នាំសហជីពមួយ​រូប​ដ៏ល្បី​ល្បាញ​នៅរដ្ឋកាលី​ហ្វ័​ញ៉ា ត្រូវ​បាន​​ប្រឈមនឹង​ការ​ចោទ​ប្រកាន់​ពី​បទ​លួច​ប្រាក់ និង​គេចពន្ធ​​ ជាពិសេស កិប​កេង​លុយ​កាក់​ពី​ក្រុម​កម្មករ​ និង​សមាជិក​សហជីព ​ដើម្បី​ធ្វើ​មាន​បាន​ខ្លួន​ឯង ឥឡូវ​គេយក​ទៅ​កាត់​ទោស​។​ ក្នុងបញ្ហា​នេះ​ សួរ​ថា ៖  តើ​ការ​ចាប់​មេដឹក​នាំ​សហជីព​នោះ នៅ​សហរដ្ឋអាមេរិក​គេមាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​កៀប​សង្កត់​ទៅ​លើ​​តុលា​ការ​​​ឱ្យ​ដោះ​លែង​ដូចនៅ​កម្ពុជា​ដែរទេ? តើ​ការ​ចាប់​ខ្លួន​នោះ ត្រូវ​បាន​គេចាត់​ទុក​ថា​ ជារឿង​នយោបាយ​ដែរឬទេ?

         ម៉្យាង​វិញ​ទៀត បើ​យោង​តាម​របាយការណ៍របស់សហរដ្ឋអាមេរិកថ្មីបំ​ផុត​​នេះ បាន​បង្ហាញ​ថា ពួក​ឧក្រិដ្ឋជន​ ក្រុម​ភេរវករ  ពួក​​លាង​លុយ តែង​តែប្រើប្រាស់​អង្គការសង្គម​ស៊ីវិល​មួយ​ចំ​នួន​ធ្វើ​ជាឡប់​ឡែ ដើម្បី​ផ្តល់​ហិរញ្ញប្ប​ទាន​ជួយ​ទ្រទ្រង់​សកម្មភាព​របស់​ពួក​ភេរវករ ជាពិសេស ពួក​ភេរវក​រ​​អន្តរ​ជាតិ​។
         បច្ចុប្បន្ន​​ ទាំង​សំ​ណុំ​រឿង​ លោក ម៉ម​ សូណង់​ដូ  ក៏ដូច​ជា​ករណី​លោក ចាន់ សុវ៉េត គឺមិន​ស្ថិត​នៅ​ក្នុង​ដៃរបស់​រដ្ឋាភិបាល​នោះ​ទេ គឺស្ថិត​នៅក្នុង​ការអនុវត្តនីតិវិធី​របស់​តុលាការ​ ដែល​ជា​ស្ថាប័នឯករាជ្យនៃអំ​ណាច​ទាំង​បី។
         ដូច្នេះ​ បញ្ហា​របស់​​ប្រធាន​សមាគមអ្នក​ប្រជាធិបតេយ្យ​ និង​មន្ត្រី​ស៊ើប​អង្កេត​រូប​នេះ​   វិធីល្អ​បំ​ផុតនោះ​​ គឺត្រូវ​ខិតខំ​រក​មេធាវី​ដែលពូកែៗ ដើម្បី​ជួយ​​ការពារ​ដោះ​បន្ទុក​ ជា​ជាង​បើក​វេទិកា​ប្រឆាំង​ជាមួយ​ច្បាប់ ឬ​ក៏​ចោទ​ប្រកាន់​មក​លើរាជ​រដ្ឋាភិបាល​ ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​បក្ខពួក​ និង​បុគ្គល។
         ម៉្យាង​វិញ​ទៀត​ ទាំង​រាជ​រដ្ឋាភិបាល និង​ទាំង​អង្គការ​សង្គម​ស៊ីវិល គឺសុទ្ធតែ​ទាម​ទារ​ចង់​បាន​នូវ​ការ​ពង្រឹង​នីតិរដ្ឋ តាម​រយៈការកែទម្រង់​ប្រព័ន្ធ​​យុត្តិធម៌ ចុះ​សួរ​ថា ហេតុ​អ្វី​ក៏​ពួក​គេចាត់​ទុក​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ថា ជារឿង​គាប​សង្កត់​បុគ្គល​ទៅ​វិញ​ ? ឬ​មួយ​ក៏​អង្គការ​ទាំង​នោះ​ចង់​នៅ​ក្រៅ​ច្បាប់​៕

អត្ថបទៈ ទិត សុធា (អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​)